អន្តរជាតិ
រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងស្នើច្បាប់កំណត់ម៉ោងការងារមួយសប្ដាហ៍ដល់៦៩ម៉ោង
19, Jan 2023 , 9:29 pm        
រូបភាព
រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់លោក យូន សុកយ៉ល ចង់ធ្វើកំណែទម្រង់ច្បាប់កំណត់ម៉ោងធ្វើការរបស់ប្រជាជនឱ្យបានដល់៦៩ម៉ោងក្នុងមួយសប្ដាហ៍ ដែលបច្ចុប្បន្នមាន៥២ម៉ោងក្នុងមួយសប្ដាហ៍។ ច្បាប់ម៉ោងការងារថ្មីនេះនឹងកំណត់ឱ្យប្រជាជនអាចមានលទ្ធភាពធ្វើការថែមម៉ោងរហូតដល់ ២៩ម៉ោងក្នុងមួយសប្ដាហ៍តាមការសម្រេចចិត្ត តែមិនមែនជាកាតព្វកិច្ច។ ម៉ោងធ្វើការបន្ថែមនឹងសងឱ្យបុគ្គលិកវិញជាម៉ោងឈប់សម្រាកនៅពេលក្រោយ។ 



ច្បាប់ម៉ោងការងារដែលបានអនុម័តនៅឆ្នាំ២០១៨ ក្នុងអាណត្តិរដ្ឋាភិបាលលោក មូន ចេអ៊ីន កំណត់ឱ្យប្រជាជនធ្វើការយ៉ាងច្រើន៥២ម៉ោងក្នុងមួយសប្ដាហ៍ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល រិះគន់យ៉ាងខ្លាំងហើយទាមទារឱ្យមានការកែប្រែដែលបត់បែនជំនួសវិញ។ ច្បាប់ការងារចាស់ចែងថាប្រជាជនមានម៉ោងការងារគោល៤០ម៉ោងក្នុងមួយសប្ដាហ៍ និងអាចធ្វើការថែមម៉ោងយ៉ាងច្រើន១២ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ 
 
យ៉ាងណាមិញ រដ្ឋបាលថ្មី ចង់ឱ្យប្រជាជនធ្វើការឱ្យបាន៦៩ម៉ោងក្នុងមួយសប្ដាហ៍ ដែលចំនួនម៉ោងនេះបានបូកទាំងម៉ោងការងារគោល៤០ម៉ោង និងម៉ោងការងារ២៩ម៉ោងទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលកូរ៉េខាងត្បូងពន្យល់ថា ការធ្វើបែបនេះនឹងជួយលើកកម្ពស់ការលូតលាស់របស់ប្រជាជន និងផលិតភាពក្នុងគ្រួសារ ព្រោះម៉ោងធ្វើការបន្ថែមនឹងត្រូវសងឱ្យបុគ្គលិកគ្រប់រូបវិញជាម៉ោងឈប់សម្រាកនៅពេលពួកគេត្រូវការ ដូចជាមានវិសមកាលរយៈពេលវែងជាដើម ហើយ​​វានឹងផ្តល់​ភាព​បត់បែន​បន្ថែម​ទៀត​ក្នុង​ទីផ្សារ​ការងារ។
 
«ជាឧទាហរណ៍ ប្រសិនបើអ្នកធ្វើការនៅរោងចក្រការ៉េម អ្នកអាចធ្វើការបន្ថែមម៉ោងតាមរដូវកាល ហើយសន្សំម៉ោងធ្វើការទាំងនោះសម្រាប់ប្រើវានៅពេលក្រោយជាថ្ងៃឈប់សម្រាករយៈពេលយូរ»។ ក្រសួងការងារ និងពលករកូរ៉េខាងត្បូងលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ ព្រមទាំងបានបញ្ជាក់ថាច្បាប់ការងាររបស់រដ្ឋបាលចាស់ហួសសម័យទៅហើយ។ 
 
សំណើកំណែទម្រង់ច្បាប់ថ្មីនេះមានលក្ខណៈបត់បែនបានតាមការព្រមព្រៀងគ្នាក្នុងក្រុមហ៊ុនរវាងនិយោជក និងកម្មករ ថាតើត្រូវរាប់ម៉ោងបន្ថែមជាសប្តាហ៍ ជាខែ ជាត្រីមាស ឬជាឆ្នាំជាដើម។ 
 
ច្បាប់នេះនឹងស្នើរទៅសភានៅខែកុម្ភៈ តែវាមិនទាន់ច្បាស់អាចអនុម័តបាន ខណៈដែលបក្សប្រឆាំង កាន់កាប់សំឡេងភាគច្រើនក្នុងសភា។ គណបក្សប្រជាធិបតេយ្យប្រឆាំងនឹងផែនការលោក យូន យ៉ាងខ្លាំង ដោយហៅផែនការនេះ ជាផ្លូវកាត់ទៅរកការផុតពូជប្រជាជនកូរ៉េខាងត្បូង។ ទោះយ៉ាងណា ក្រសួងការងារ និងពលករកូរ៉េច្រានចោលការរិះគន់នេះដោយបកស្រាយវិញថា ការធ្វើបែបនេះជាការបន្ថែមជម្រើសម៉ោងធ្វើការទៅវិញនោះទេ។ 
 
គម្រោងនេះត្រូវបានស្វាគមន៍ដោយក្រុមអ្នកជំនួញធំៗក្នុងប្រទេស តែត្រូវបានរងការរិះគន់ និងបង្កការព្រួយបារម្ភពីសំណាក់ប្រជាជន។ ការធ្វើការច្រើនម៉ោងនៅពេលដែលជីវិតកំពុងរវល់ស្រាប់ ដើម្បីប្ដូរនឹងការសម្រាកបន្ថែមនៅពេលវិស្សមកាលនឹងធ្វើឱ្យជីវិតខុសប្រក្រតី ហើយផ្ដល់ការរំខានដល់ការរស់នៅ ពិសេសប៉ះបាល់ដល់ការមានកូន និងការថែទាំកូនជាប្រចាំសម្រាប់ស្ត្រី។ ទោះការធ្វើការបន្ថែមជាជម្រើសរបស់បុគ្គលិក តែការចេញពីធ្វើការស្របពេលអ្នកដទៃកំពុងបន្តការងារមិនមែនជាស្ថានភាពល្អឡើយ។ 
 
គួរបញ្ជាក់ថា កូរ៉េជាប្រទេសមានម៉ោងធ្វើការច្រើនលំដាប់ទី៥ ស្រាប់ទៅហើយបន្ទាប់ពី តួកគី ម៉ិកស៊ិក កូឡុំប៊ី និងកូស្តារីកា។ នេះបើតាមរបាយការណ៍អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ២០២១៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com