អន្តរជាតិ
ស៊ុយអែត នឹងបញ្ជូនរថក្រោះនិងប្រព័ន្ធកាំភ្លើងធំទៅអ៊ុយក្រែនក្នុងកញ្ចប់ជំនួយយោធាថ្មី
20, Jan 2023 , 10:09 am        
រូបភាព
កាំភ្លើងធំ Archer របស់ស៊ុយអែត បញ្ជូនទៅអ៊ុយក្រែន។ រូបថតពី Bae System
កាំភ្លើងធំ Archer របស់ស៊ុយអែត បញ្ជូនទៅអ៊ុយក្រែន។ រូបថតពី Bae System
រដ្ឋាភិបាលស៊ុយអែត នៅថ្ងៃទី១៩ ខែមករា បានប្រកាសផែនការបញ្ជូនកញ្ចប់ជំនួយយោធាថ្មី​ទៅ​អ៊ុយក្រែន​រួមបញ្ចូលទាំងរថពាសដែកប្រយុទ្ធសម្រាប់ដឹកទាហានថ្មើរជើង និងប្រព័ន្ធកាំភ្លើងធំ Archer​។



កញ្ចប់ជំនួយយោធាពីស៊ុយអែតតម្លៃ៤១៩លានដុល្លារ ក៏រួមមានអាវុធប្រឆាំងរថក្រោះចល័តធុនស្រាល NLAW និងឧបករណ៍បោសសម្អាតមីនដែលនឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ខណៈដែលសង្គ្រាម​តតាំង​ជាមួយរុស្ស៊ីអូសបន្លាយជិតមួយឆ្នាំហើយ។ 
 
«ជ័យ​ជម្នះ​របស់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​នេះ​គឺ​មាន​សារ​សំខាន់​ស្ទើរ​មិន​អាច​ពិពណ៌នា​បាន»។ នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson លើកឡើងក្នុងសន្និសីទកាសែតមួយ ដោយបន្ថែមថា អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព និងសន្តិសុខរួម​របស់​អឺរ៉ុប ហើយនេះជាមូលហេតុចម្បងមួយ​ដែលប្រទេសជាច្រើនកំពុងតែជួយជ្រោមជ្រែងអ៊ុយក្រែនឥឡូវនេះ។ 
 
ជាមួយគ្នានេះ ស៊ុយអែតនឹងបញ្ជូនរថពាសដែកប្រយុទ្ធសម្រាប់ដឹកទាហានថ្មើរជើងចំនួន៥០គ្រឿងទៀត។ រថពាសដែកប្រភេទនេះអាចដឹកទាហានថ្មើរជើងរហូតដល់៨នាក់​ ហើយវាត្រូវបានបំពាក់កាំភ្លើងកាណុងស្វ័យប្រវត្តិ។ យ៉ាងណាមិញ រដ្ឋាភិបាលស៊ុយអែតមិនបានបញ្ជាក់ច្បាស់ពីចំនួនប្រព័ន្ធ​កាំភ្លើង​ធំ​ឡើយដែលផលិតដោយក្រុមហ៊ុន Bofors BAE ឡើយ។​ 
 
អ៊ុយក្រែនបានបង្ហាញចំណាប់អារម្មណ៍ជាយូរ មកហើយក្នុងការទទួលបានអាវុធប្រភេទទាំថនេះដើម្បីតទល់កងកម្លាំងរុស្ស៊ី។ មុននឹងបញ្ជូនកញ្ចប់ជំនួយខាងលើ ស៊ុយអែតបានប្រកាសពីជំនួយយោធាចំនួន​៥ពាន់លានក្រូណាទៅអ៊ុយក្រែន ហើយផ្គត់ផ្គង់តម្រូវការមនុស្សធម៌ថែមទៀត។
 
បច្ចុប្បន្ន ស៊ុយអែតកាន់តំណែងជាប្រធានសហភាពអឺរ៉ុបប្តូរវេនហើយបានដាក់ពាក្យចូលរួមសម្ព័ន្ធ​ណាតូរួមជាមួយនឹងហ្វាំងឡង់ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ ប៉ុន្តែនីតិវិធីនៅជាប់គាំងត្រឹមតួកគី និងហុងគ្រី៕
 
 

Tag:
 ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com