អន្តរជាតិ
ទំនាក់ទំនងអាស៊ាន-ចិន៖ ផ្តើមពីឋានៈជាភ្ញៀវទៅដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
21, Jan 2023 , 9:59 am        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព AFP
កិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព AFP
ទំនាក់ទំនងចិន-អាស៊ាន បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩១ ក្នុងពេលរដ្ឋមន្រ្តីការបរទេសចិន លោក Qian Qichen ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន នៅក្រុងគូឡាឡាំពួ ម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០០៩ ចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ហើយនៅក្នុងឆ្នាំ២០២១ ចិន ក៏បានក្លាយជាដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់អាស៊ានថែមទៀត។

 
ទំនាក់ទំនងអាស៊ាន-ចិន បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩១ ក្នុងពេលលោក Qian Qichen រដ្ឋមន្រ្តីការបរទេសចិន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៤ នៅក្រុងគូឡាឡាំពួ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ដោយមានការចាប់អារម្មណ៍ចង់ធ្វើសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ចិនបានទទួល «ភាពជាដៃគូពិភាក្សា» ពេញលេញ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ២៩ នៅក្នុងឆ្នាំ១៩៩៦។ 
 
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងខ្លាំង ដោយចិនចូលរួមក្នុងវេទិកាថ្នាក់តំបន់របស់អាស៊ានជាច្រើនក្នុងនោះមានដូចជា វេទិកាតំបន់អាស៊ាន (ARF), កិច្ចប្រជុំអាស៊ានបូកបី, កិច្ចប្រជុំអាស៊ានខាងកើត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកជាដើម។ 
 
នៅក្នុងឆ្នាំ២០០៣ ចិនបានចូលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) ដែលជាការត្រួតត្រាយផ្លូវសម្រាប់ដៃគូសន្ទនារបស់អាស៊ាន ក្នុងការអភិវឌ្ឍកម្រិតទំនាក់ទំនងទៅ «ដៃគូសន្ទនាយុទ្ធសាស្រ្ត» សម្រាប់សន្តិភាព និងវិបុលភាព។ សន្ធិសញ្ញា TAC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ សម្រាប់ជាគោលការណ៍សកលមួយក្នុងការរួមរស់ដោយន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព ក្នុងចំណោមរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍។ 
 
ស្របពេលទំនាក់ទំនងកាន់តែល្អ ចិន បានបញ្ជូនអគ្គរដ្ឋទូតខ្លួនប្រចាំនៅអាស៊ានជាលើកដំបូងក្នុងឆ្នាំ២០០៨ និងបង្កើតបេសកម្មអចិន្ត្រៃយ៍នៅអាស៊ាន នៅឆ្នាំបន្ទាប់។ ចាប់តាំងពីឆ្នាំ២០០៩ មក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន។ 
 
ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនឡើងយ៉ាងខ្លាំង ដោយកើនពី ២៣៥,៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១០ ដល់៦៦៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១។ កំណើនពាណិជ្ជកម្មរវាងអាស៊ាន-ចិន នេះ ធ្វើឡើងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០១០។ ចំណែកការវិនិយោគដោយផ្ទាល់ពីបរទេស​ (FDI) របស់ចិន បានកើនពី៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ ទៅ១៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ ផងដែរ។ 
 
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ២០១៣ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានប្រកាសពីសំណើក្នុងការកសាងរួមគ្នាលើផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) ហើយស្នើឱ្យរដ្ឋអាស៊ានសហការលើគំនិតផ្តួចផ្តើមនោះ។ រដ្ឋអាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមាន។ 
 
នៅក្នុងឆ្នាំ២០០២ ប្រធានាធិបតីចិន លោក Jiang Zemin ធ្លាប់បានថ្លែងថា ចិនចង់ធ្វើល្អជាមួយប្រទេសជិតខាង និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់។ នៅឆ្នាំបន្ទាប់ នាយករដ្ឋមន្រ្តីចិន លោក Wen Jiabao បានបញ្ជាក់នៅក្នុងកិច្ចប្រជុំពាណិជ្ជកម្ម និងវិនិយោគថា ចិនចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន ដោយផ្តល់ទាំងសន្តិសុខ និងវិបុលភាព។ 
 
យ៉ាងណាមិញ ទំនាក់ទំនងរវាងតំបន់ទាំងពីរ តែងតែត្រូវបានរារាំងដោយបញ្ហានៅសមុទ្រចិនខាងត្បូង។ ជាជម្លោះដែលអូសបន្លាយយូរមកហើយ សមុទ្រចិនខាងត្បូង ត្រូវបានទាមទារដោយចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ ដើម្បីបង្ការជម្លោះកុំឱ្យកើតឡើងនៅក្នុងដែនទឹកមានវិវាទ ចិន និងអាស៊ាន បានដាក់ចេញយន្តការណ៍ជាច្រើន ជាក់ស្តែង សេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង (DOC) នៅក្នុងឆ្នាំ២០០២ ហើយបច្ចុប្បន្នភាគីចិន និងអាស៊ាន ក៏កំពុងចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ថែមទៀត។ 
 
ដោយទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ បើគិតចាប់តាំងពីឆ្នាំ១៩៩១ មក ចិន និងអាស៊ានបានសម្រេចដំឡើងទំនាក់ទំនងទៅជា «ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំ២០២១ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចការតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអភិវឌ្ឍបរិស្ថានបៃតងនៅអនាគត៕ 
 

Tag:
 ចិន
 ​ អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com