អន្តរជាតិ
អាម៉េរិក និងហ្វីលីពីន កំពុងចរចារៀបចំជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិឡើងវិញ
20, Jan 2023 , 7:29 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅអាម៉េរិក ក្នុងឆ្នាំ២០២២។ រូបភាព AFP
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅអាម៉េរិក ក្នុងឆ្នាំ២០២២។ រូបភាព AFP
ហ្វីលីពីន និងអាម៉េរិក កំពុងចរចាលើការរៀបចំជំនួបពីរបូកពីររវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៅដើមខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី២០ ខែមករា។

 
មុនការឡើងកាន់អំណាចរបស់លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ ហ្វីលីពីន និងអាម៉េរិក បានរៀបចំជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិ​ ២បូក២ ដើម្បីជជែកពីបញ្ហាប្រឈមផ្សេងៗ។ ប៉ុន្តែកិច្ចពិភាក្សាបែបនេះ ត្រូវលុបចោលក្នុងអាណត្តិរបស់លោកឌូទើតេ។ យ៉ាងណាមិញ ក្រោយការឡើងកាន់អំណាចរបស់លោក Ferdinand Marcos Jr ទំនាក់ទំនងអាម៉េរិក និងហ្វីលីពីន ហាក់ល្អប្រសើរឡើងវិញ។ 
 
ដោយទំនាក់ទំនងទ្វេភាគី មានការកែលម្អ អាម៉េរិក និងហ្វីលីពីន គ្រោងរៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ២បូក២ ជាថ្មី។ តាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ភាគីទាំងពីរកំពុងស្វះស្វែងរកកិច្ចប្រជុំ២បូក២ នៅក្នុងខែមីនាខាងមុខ។ 
 
«ជាងពេលណាទាំងអស់ យើងចង់ធានាថា វាមានប្រសិទ្ធភាពចំពោះសន្ធិសញ្ញាការពារទៅវិញទៅមក»។ លោក Romualdez បានបញ្ជាក់បែបនេះ។ 
 
កិច្ចប្រជុំ២បូក២ថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ជាកិច្ចពិភាក្សាដ៏សំខាន់មួយសម្រាប់អាម៉េរិក និងហ្វីលីពីន ដើម្បីពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ ដែលកំពុងកើតមានឡើង។ ប្រសិនបើកិច្ចប្រជុំបែបនេះ អាចកើតមាន ភាគីអាម៉េរិក និងហ្វីលីពីន អាចនឹងជជែកពីសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង ការគាំទ្រផ្នែកយោធា ក៏ដូចជា កិច្ចសហប្រតិបត្តិផ្សេងៗ។ 
 
សូមបញ្ជាក់ថា ក្រោយការឡើងកាន់តំណែងរបស់លោក Marcos Jr មេដឹកនាំអាម៉េរិកជាច្រើនរូបបានធ្វើទស្សនកិច្ចនៅហ្វីលីពីន ក្នុងនោះមានទាំងអនុប្រធានាធិបតីអាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស ផង៕ 
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com