អន្តរជាតិ
មន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ស្នើចិនដកការរឹតត្បិតពាណិជ្ជកម្មដើម្បីផលប្រយោជន៍រួមគ្នា
21, Jan 2023 , 11:30 am        
រូបភាព
អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន Wang Shouwen និងឧបការីរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី Tim Ayres។ រូបថតពី Twitter លោក Tim Ayres
អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន Wang Shouwen និងឧបការីរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី Tim Ayres។ រូបថតពី Twitter លោក Tim Ayres
ឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Tim Ayres បានអំពាវនាវឱ្យចិនដកការរឹតត្បិតពាណិជ្ជកម្មផ្សេងៗលើការនាំចេញរបស់ទីក្រុងកង់បេរ៉ានៅក្នុងកិច្ចប្រជុំជាមួយសមភាគីចិននៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក។ នេះជាការទទូចជាថ្មីពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីទៅចិនជុំវិញទណ្ឌកម្មពាណិជ្ជកម្មនេះ។



ក្រោយការប្រឈមមុខដាក់គ្នាដ៏តានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងក្នុងវិស័យពាណិជ្ជកម្ម និងរឿងប្រភពដើមជំងឺកូវីដ-១៩ រដ្ឋាភិបាលថ្មីរបស់អូស្រ្តាលីបានព្យាយាមស្វែងរកមធ្យោបាយជួសជុល និងស្ដារទំនាក់ទំនងការទូតជាថ្មីជាមួយចិន។ ទោះយ៉ាងណា វានៅតែមិនទាន់ទទួលបានលទ្ធផលប្រសើរខ្លាំងនៅឡើយ ពិសេសរឿងការរឹតត្បិតពាណិជ្ជកម្មរបស់អូស្ត្រាលី បើទោះអូស្ត្រាលីទទូចជាច្រើនលើកច្រើនសារក៏ដោយ។
 
នាកិច្ចប្រជុំក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៩ ខែមករា លោក Tim Ayres បានជួបជាមួយសមភាគីចិន​ Wang Shouwen ហើយបានអំពាវនាវជាថ្មីម្ដងទៀតឱ្យទីក្រុងប៉េកាំងដកការរឹតត្បិតពាណិជ្ជកម្មលើការនាំចេញរបស់អូស្ត្រាលីដើម្បីជាប្រយោជន៍ឱ្យដល់ភាគីទាំងសងខាង។ 
 
«ឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Ayres បានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីបង្ហាញលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១២ និងអំពាវនាវចិនដកការរឹតត្បិតពាណិជ្ជកម្មពេលបច្ចុប្បន្នដែលប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីទៅចិន ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ»។ អ្នកនាំពាក្យលោក Ayres លើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
លើសពីនេះ លោក Ayres និង លោក Wang ក៏ព្រមព្រៀងលើផែនការជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំងពីរតាមប្រព័ន្ធអនឡាញ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua។ កាលបរិច្ឆេទជំនួប​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao និង​សមភាគី​អូស្ត្រាលី​លោក Don Farrell នៅមិនមានបានកំណត់ច្បាស់នៅឡើយទេ ដែលនោះជាជំនួបលើកដំបូងក្នុងពេល៣ឆ្នាំ។
 
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅចិនកាលពីចុងឆ្នាំ ២០២២ ត្រូវបានមើលឃើញថាជាការសម្រួលទំនាក់ទំនងទ្វេភាគីឡើងវិញ ហើយលោកស្រីក៏បានព្យាយាមជំរុញឱ្យចិនដកចេញទណ្ឌកម្មពាណិជ្ជកម្មផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ផ្ដើមល្អប្រសើរឡើងវិញបន្តិច បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស និងប្រធានាធិបតីចិន ស៊ី ជិនភីង បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) កាលពីខែវិច្ឆិកាឆ្នាំមុន៕ 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com