ជាតិ
CARDI ចំណាយពេល៩ឆ្នាំ បង្កាត់ពូជស្រូវ «ចំប៉ីស៧០» ដែលអាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ អង្ករចំប៉ីស៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចំណាយពេល ៩ឆ្នាំ ក្នុងការធ្វើពិសោធន៍ និងបង្កាត់ពូជស្រូវ «ចំប៉ីស៧០»។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា និងអាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ។
«ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅចុងឆ្នាំ ២០២២។ បើតាមក្រសួងកសិកម្ម ពូជស្រូវនេះ ចាប់ផ្ដើមបង្កាត់នៅឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។
រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ពូជស្រូវ «ចំប៉ីស៧០» ត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន កាលពីចុងឆ្នាំ២០២២។ ពូជស្រូវ «ចំប៉ីស៧០»នេះ អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ដោយសារតែមានអាយុកាលខ្លី កសិករអាចដាំដុះពូជស្រូវនេះនៅដើមរដូវវស្សា, ក្នុងរដូវវស្សា, ចុងរដូវវស្សា និងលក្ខខណ្ឌប្រាំងស្រោចស្រព។
ពូជនេះ មានកម្ពស់ដើមជាមធ្យមពី ១១៣-១១៩ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែកឯ គ្រាប់អង្ករវិញ គឺសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិផងដែរ។ នេះបើតាមក្រសួងកសិកម្ម។
អង្ករចំប៉ីស ៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយឡែក ការដាំដុះវិញ សម្រាប់ស្រូវសន្ទូង បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០ទៅ៤០គីឡូក្រាម ក្នុង១ហិកតា ប៉ុន្តែក្នុងករណីគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជ ត្រូវការក្នុង១ហិកតា ពី១៥ទៅ២០គីឡូក្រាមប៉ុណ្ណោះ។ ដើម្បីឱ្យសំណាបដុះលូតលាស់ធំធាត់ល្អ កសិករត្រូវសាបគ្រាប់ពូជ១គីឡូក្រាមលើថ្នាលសំណាប ១០ម៉ែត្រការេ។ ចំពោះ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក និងនៅឆ្ងាយពីម្លប់ព្រៃ និងកន្លែងមានភ្លើងអគ្គិសនី ដើម្បីចៀសពីការបំផ្លាញ់របស់សត្វល្អិត។ កសិករគួរស្ទូងសំណាបដែលមានអាយុ១៨ទៅ២២ថ្ងៃ ដោយក្នុងមួយគុម្ពត្រូវមាន ២ទៅ៣ដើម។
ដំណាំស្រូវចំប៉ឺស៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សម្រាប់ស្រូវពង្រោះ បរិមាណគ្រាប់ពូជដែលចាំបាច់គឺ១០០គីឡូក្រាម ក្នុង១ហិកតាលើដីមានជីជាតិល្អ និង១៥០គីឡូក្រាម លើដីមិនសូវមានជីជាតិល្អ។ ជាមួយគ្នានេះ កសិករគួររៀបចំដីឱ្យបានល្អ និងរាបស្មើមុនស្ទូង ឬព្រោះ។ រីឯ ការភ្ជួររាស់ គួរធ្វើឱ្យបាន ២ទៅ៣ សារជាការល្អ។ ក្នុងករណីស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពីស្ទូង ឬព្រោះបាន ២០ថ្ងៃ អាចបញ្ចេញទឹកឱ្យអស់ពីក្នុងស្រែរយៈពេល២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យស្រូវបែកគុម្ពបានច្រើន និងមានដើមដងរឹងមាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com