ជាតិ
សិស្ស​និទ្ទេស A ៣៤នាក់ ទទួល​បាន​ម៉ូតូ​ម្នាក់ ១គ្រឿង​ ពី​រដ្ឋបាលខេត្ត​កណ្ដាល
22, Jan 2023 , 11:30 am        
រូបភាព
សិស្សនិទ្ទេស A ទទួល_រង្វាន់ម៉ូតូពី_អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
សិស្សនិទ្ទេស A ទទួល_រង្វាន់ម៉ូតូពី_អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
ភ្នំពេញ៖ រដ្ឋបាល​ខេត្ត​កណ្ដាល ​​បាន​ប្រគល់​រង្វាន់​ជូន​សិស្ស​និទ្ទេស A ចំនួន៣៤នាក់ ដោយ​ម្នាក់​ៗទទួលបាន​ម៉ូតូចំនួន១ គ្រឿង ខណៈ​​សិស្ស​និទ្ទេស B, C និង​ D ទទួលបា​ន​ថវិកា​។ បើតាម​រដ្ឋបាល​ខេត្ត​កណ្ដាល​​ ឆ្នាំ​សិក្សា​២០២១-២០២២ មាន​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិចំនួន ៧៥.៩៥ ភាគរយ។


 
កាល​ពី​ថ្ងៃទី​២០ មករា រដ្ឋបាល​ខេត្តកណ្តាល បានរៀប​ចំ​ពិធី​សំណេះសំណាល និងផ្ដល់​រង្វាន់ម៉ូតូ រួមទាំង​ថវិកាដល់ជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពី​និទ្ទេស A ដល់ D ចំនួន ៨៣៨នាក់។ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កណ្ដាល​ បញ្ជាក់ថា សិស្ស​និទ្ទេស A ចំនួន ៣៤នាក់ ទទួលបាន​ម៉ូតូ​ម្នាក់ ១គ្រឿង រីឯ​សិស្ស​និទ្ទេស B ចំនួន​១១៨នាក់ ទទួលបានថវិកាម្នាក់ ៤០ម៉ឺនរៀល។
 
ដោយ​ឡែក សិស្ស​និទ្ទេស C ចំនួន ២៨៦នាក់ ទទួលបាន​ថវិកា​លើក​ទឹក​ចិត្ត​ម្នាក់ ៣០ម៉ឺន​រៀល និង​សិស្ស​និទ្ទេស D ចំនួន ៤០០នាក់ ទទួលបាន​ថវិកា​ម្នាក់ ២០ម៉ឺនរៀល។ ក្រៅ​ពី​ផ្ដល់​រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់ លោក​គ្រូ​អ្នក​គ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់ ក៏​បាន​ទទួល​បាន​​ថវិកា​ម្នាក់ ១០ម៉ឺនរៀល​ផងដែរ។
  

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល

ក្នុង​ពិធី​សំណេះសំណាល និងផ្ដល់​រង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដូច្នេះ៖«ត្រូវ​បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល គុណធម៌ និងភាពថ្លៃថ្នូរ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌។ ដោយ​ទទួលបានការទទួលស្គាល់ពីកម្រិតស្តង់ដារការងារជាតិ និងអន្តរជាតិ ក្នុងការឈានជើងចូលទៅបម្រើការក្នុងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល ឬហៅថា បដិវត្តឧស្សាហកម្ម ៤.០»។
 
អភិបាលខេត្ត​រូបនេះ ក៏​ជំរុញដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ-អ្នកគ្រូ ត្រូវបន្តខិតខំកំណែទម្រង់វិស័យអប់រំឱ្យ​កាន់តែខ្លាំងបន្ថែម​ទៀត។ លោក គង់ សោភ័ណ្ឌ សង្កេត​ឃើញថា តាមរយៈកំណែទម្រង់​លើវិស័យអប់រំក្នុងខេត្តកណ្ដាល បានធ្វើឱ្យ​ធនធានមនុស្សក្នុងខេត្ត មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
  

ទិដ្ឋភាពពិធីសំណេះសំណាល និងផ្ដល់រង្វាន់ដល់_សិស្ស_ប្រឡងជាប់បាក់ឌុបពីនិទ្ទេស A-D។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល

សូម​បញ្ជាក់ថា​ ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ​ក្នុង​ខេត្ត​កណ្ដាល​ មាន​ការ​កើនឡើង ដោយ​ចាប់ផ្តើមពី ២៧.៥៧ភាគរយ​ ក្នុងឆ្នាំ២០១៤ កើនដល់ ៧៥.៩៥ភាគរយ​ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២។ នេះ​បើតាម​ហ្វេសប៊ុក​ផេក​រដ្ឋបាល​ខេត្ត​កណ្ដាល៕ 

Tag:
 អប់រំ
  បាក់ឌុប
  និទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com