កីឡាជាតិ
ជាតិ
គុនខ្មែរក្នុងស៊ីហ្គេម២០២៣! ជំហររឹងមាំរបស់ម្ចាស់ផ្ទះកម្ពុជាក្នុងការរក្សាអត្តសញ្ញាណជាតិខ្លួន
22, Jan 2023 , 1:00 pm        
រូបភាព
លោកវ៉ាត់ ចំរើន៖ ថៃមិនចូលរួមប្រកួតគុនខ្មែរ (Kun Khmer) ក្នុងស៊ីហ្គេម នៅកម្ពុជា ជាសិទ្ធិរបស់គេ ហើយកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ដែរ។
លោកវ៉ាត់ ចំរើន៖ ថៃមិនចូលរួមប្រកួតគុនខ្មែរ (Kun Khmer) ក្នុងស៊ីហ្គេម នៅកម្ពុជា ជាសិទ្ធិរបស់គេ ហើយកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (Camsoc) បានបញ្ជាក់ប្រាប់ថា ប្រទេសជាសមាជិកប្រកួតកីឡាស៊ីហ្គេម មានសិទ្ធិមិនចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាណាមួយ។ ភាគីថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ចំណែកកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ដូចគ្នា។ អគ្គលេខាធិការរូបនេះ បន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន។



លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្នុងការធ្វើជាម្ចាស់ផ្ទះ កម្ពុជា សប្បាយចិត្តចំពោះការប្ដូរឈ្មោះប្រដាល់ Muay ទៅជាប្រដាល់គុនខ្មែរ (Kun Khmer) ដែលជាក្បាច់គុនបុរាណខ្មែរ ហើយក៏បង្ហាញពីកីឡាជាអត្ដសញ្ញាណរបស់ជាតិផងដែរ។ បើទោះជាភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ និងមិនបញ្ជូនអត្ដពលិកមកប្រកួតលើវិញ្ញាសានេះក៏ដោយ ប្រដាល់គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេម លើកទី៣២ ដដែល ព្រោះមាន៦ប្រទេស បានគាំទ្រនិងចូលរួមប្រកួតលើវិញ្ញាសានេះ។ ៦ប្រទេស ដែលនឹងចូលរួមប្រកួតនោះមាន៖ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះថា៖«យោងទៅតាមច្បាប់របស់កីឡា ប្រសិនជាមាន ៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងបាន ៦ប្រទេសគាំទ្រប្រកួតហើយ។ ដូច្នេះយើងអត់ខ្វល់ចំពោះអ្នកណាមិនចូលរួមប្រកួតទេ។»។
  

ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ អបអរពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ

ជាឧទាហរណ៍ ការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៩-១១ ខែធ្នូ ថៃក៏មិនចូលរួមដែរ។ អគ្គលេខាធិការ Camsoc និយាយដូច្នេះថា៖ «ថៃ អត់ចូលរួមប្រកួតទេ យើងដាក់គុនខ្មែរ។ យើងនៅតែប្រកួតព្រោះមានប្រទេសចំនួន៦ ចូលរួមប្រកួត មានម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូណេស៊ី, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។»។
 
អគ្គលេខាធិការ Camsoc រូបនេះ បានបន្ដទៀតថា ការចូលរួម ឬមិនចូលរួមប្រកួតកីឡាណាមួយ គឺជាសិទ្ធិរបស់ប្រទេសនីមួយៗ។ រីឯ ថៃ នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជា។ ថៃនឹងដាក់វិញ្ញាសាប្រដាល់ ដែលមានលក្ខណៈដូចគុនខ្មែរនេះ ទៅជា Muay Thai ដើម្បីបង្ហាញ និងបញ្ជាក់ពីអត្ដសញ្ញាណរបស់ប្រទេសខ្លួន។ ដោយឡែក កម្ពុជា ក៏មិនបញ្ជូនអត្ដពលិកទៅប្រកួត លើវិញ្ញាសានេះដែរ។
 
«បើគេប្រកួតស៊ីហ្គេម លើកក្រោយឆ្នាំ២០២៥ ប្រសិនថៃ ដាក់ថា Muay Thai ក៏យើងអត់ចូលដែរ។ នេះគឺជារឿងធម្មតា នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួត។ ពេលយើងដាក់គុនខ្មែរ គេអត់មក។ នេះគឺជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ ប្រទេសដែលចូលរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។»។ លោក វ៉ាត់ ចំរើន បាននិយាយទាំងប្រកាន់ចំហបែបនេះ។
 
លោក វ៉ាត់ ចំរើន ក៏បានបង្ហាញពីសុទិដ្ឋិនិយមថា ការសាមគ្គីក្នុងវិស័យកីឡា នៅតែមាន ប្រសិនជាការប្រកួតមិត្តភាពផ្សេងៗ ប៉ុន្ដែចំពោះការប្រកួតជាលក្ខណៈពហុកីឡា ដែលត្រូវតំណាងឲ្យប្រទេសជាតិ កម្ពុជានៅតែប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន។ មានន័យថា រាល់ការប្រកួតលក្ខណៈជាមិត្តភាពផ្សេងៗ ដូចជាពានរង្វាន់ស្ដេចថៃ ឬThai Fight កម្ពុជា នៅតែបញ្ជូនកីឡាករ ទៅប្រកួតប៉ុន្ដែបើជាព្រឹត្តិការណ៍ពហុកីឡា តំណាងជាតិ កម្ពុជានឹងមិនបញ្ជូនទៅប្រសិនជាការប្រកួតនោះដាក់ឈ្មោះ Muay Thai។
 
«យើង នៅតែសាមគ្គី ក្នុងការអភិវឌ្ឍគុនខ្មែរ និង Muay Thai ក្នុងរូបភាពជាការប្រកួតមិត្តភាព និយាយរួមប្រកួតអ្វីក៏ដោយ ឲ្យតែក្រៅពីការប្រកួតជា Games ព្រោះការប្រកួតពហុកីឡា ដូចជាស៊ីហ្គេម គឺជាការប្រកួតតំណាងឲ្យជាតិ។ អ៊ីចឹងយើងត្រូវប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់យើង។»។ អគ្គលេខាធិការ Camsoc បានបញ្ជាក់ដូច្នេះ។
 
ដូចគ្នានេះដែរ លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កម្ពុជាមិនកែប្រែឈ្មោះវិញ្ញាសានេះទេ ព្រោះជាប្រភេទកីឡាបញ្ជាក់ពីអត្ដសញ្ញាណរបស់កម្ពុជា។ បើទោះជាថៃមិនចូលរួមក៏ដោយ ប៉ុន្ដែកម្ពុជាមានការគាំទ្រពីសមាជិកផ្សេងទៀត។ ប្រធានរូបនេះ បាននិយាយថា៖ «គេ មិនមកប្រកួតយើង មិនដឹងធ្វើយ៉ាងម៉េចទេ ជាសិទ្ធិរបស់គេ ប៉ុន្ដែដល់តែពេលគេធ្វើ យើងក៏អត់ចូលរួមដែរ។»៕

Tag:
 ស៊ីហ្គេម
  គុនខ្មែរ
 អត្តសញ្ញាណជាតិខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com