ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សិស្សក្រីក្រ ១២នាក់ នៅសាលានាពិសី កាន់តែប្រឹងរៀនជាងមុន ក្រោយទទួលបានអាហារូបករណ៍
×
ដោយ៖ លី ស្រីមុំ (យុវជនឃុំជីខក្រោម)
ស្រុកស្រែអំបិល, កោះកុង៖ សាលាបឋមសិក្សា នាពិសី មានសិស្សអាហារូបករណ៍ ចំនួន១២ នាក់។ សិស្សអាហារូបករណ៍ម្នាក់ ទទួលបានថវិកាសរុប ២៤ ម៉ឺនរៀល ដោយក្នុងមួយឆ្នាំទទួលបានចំនួន៣លើក។
កញ្ញា ហន ស្រីម៉ៅ គ្រូបង្រៀននៅសាលានាពិសី បានឱ្យដឹងថា ខាងសាលាបានសហការ ជាមួយភូមិ-ឃុំ ដោយបានចុះទៅដល់ផ្ទះ និងសម្ភាសឪពុកម្ដាយសិស្ស ដើម្បីមើលពីស្ថានភាពជាក់ស្ដែង មុននឹងផ្ដល់ជូនអាហារូករណ៍។
បើតាមអ្នកគ្រូ ហន ស្រីម៉ៅ អាហារូបករណ៍នេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សិស្សដូចជា ជួយសម្រួលដល់ជីវភាព និងជួយជំរុញទឹកចិត្តសិស្សឱ្យខិតខំរៀនសូត្រជាងមុន។ « អាហារូបករណ៍នេះ បានលើកទឹកចិត្តពួកគាត់ ឱ្យខំរៀនបន្ថែម»។ នេះជាការអះអាងរបស់ អ្នកគ្រូ ហន ស្រីម៉ៅ។
កុមារា ឌុយ ភេង ជាសិស្សថ្នាក់ទី ៦ នៃសាលានាពិសី បានទទួលថវិកាពីអាហារូបករណ៍ជាប្រចាំ។ កុមារារូបនេះ បានឱ្យដឹងថា មូលហេតុដែលខ្លួន ទទួលបានអាហារូបករណ៍ដោយសារមានជីវភាពខ្វះខាត។
«ខ្ញុំសប្បាយចិត្តនឹងមានអារម្មណ៍រំភើបដែលបានទទួលអាហារូបករណ៍»។ នេះជាការបញ្ជាក់របស់ កុមារា ឌុយ ភេង ដែលបានអះអាងថា ក្រោយពេលបានអាហារូបករណ៍នេះ ធ្វើឱ្យរូបគេ ខំរៀនជាងមុនថែមទៀត។
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com