ជាតិ
រដ្ឋមន្រ្តីប្រតិភូបារាំង៖ វប្បធម៌ជាវិស័យដ៏សំខាន់ក្នុង​កិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​
26, Jan 2023 , 5:41 pm        
រូបភាព
លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នាសន្និសីទសារព័ត៌មាននៅស្ថានបារាំងប្រចាំកម្ពុជា។
លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នាសន្និសីទសារព័ត៌មាននៅស្ថានបារាំងប្រចាំកម្ពុជា។
ភ្នំពេញ៖ លោក អូលីវ្យេ បិច រដ្ឋ​មន្រ្តី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស​បារាំង​ ទទួល​បន្ទុក​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​ បាន​លើក​ឡើងថា វិស័យវប្បធម៌ ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់​មួយ​រវាង​ប្រទេសកម្ពុជា-បារាំង។ រដ្ឋមន្រ្តី​ប្រតិភូរូបនេះ លើកឡើងបែបនេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅថ្ងៃទី​២៥ មករា នា​ស្ថានទូត​បារាំង​នៅ​កម្ពុជា។​



លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៤-២៥ មករា។ ក្នុង​ដំណើរ​ទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី​ប្រតិភូ​ បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំឮក​វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១ និង​ពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។
  

លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំឮកវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង។
 
លោក អូលីវ្យេ បិច ក៏បាន​ទៅ​ទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។ ក្នុង​សន្និសីទសារព័ត៌មាន​លោករដ្ឋមន្រ្តី​ការ​បរទេស​បារាំង បាន​អរគុណ​ដល់​សាលា​បារាំង​ចុង​បូព៌ា ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។ «នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-បារាំងនេះ វប្បធម៌គឺជា​វិស័យ​សហប្រតិបត្តិការសំខាន់​មួយ»។ នេះ​ជាការអះអាងរបស់លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ 
 
បើតាម​រដ្ឋមន្រ្តី​ប្រតិភូរូបនេះ បារាំង​នឹង​បន្ត​ជួយ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បន្តទៀត។ ក្រៅពីជួយ​លើ​ផ្នែក​វប្បធម៌ បារាំង​ក៏​បាន​ចូលរួម​ក្នុង​វិស័យ​​សណ្ឋាគារ, ហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល, និង​ពាណិជ្ជកម្ម​ផងដែរ។​ 
 
​ដំណើរ​ទស្សនកិច្ច​មក​កាន់កម្ពុជានេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
 
សូម​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ចនេះ លោក អូលីវ្យេ បិច បាន​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប រួមមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក​ សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕​
 

Tag:
 បារាំង
 កម្ពុជា
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com