ដោយ៖ ឈិន យួន (យុវជនអណ្ដូងទឹក)
ស្រុកបទុមសាគរ, កោះកុង៖ អត្រានុកូលដ្ឋាន មានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋម្នាក់ៗដែលវាគឺជាឯកសារគោលមួយ មិនអាចខ្វះបាន។ លោក ប៉ែន ហម មេប៉ុស្ដិ៍អណ្ដូងទឹក បានបញ្ជាក់ថានៅពេលប្រជាពលរដ្ឋមកធ្វើឯកសារផ្សេងៗជាមួយប៉ុស្ដិ៍ គឺតម្រូវឱ្យភ្ជាប់ជាមួយនូវសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត ដើម្បីទុកជាឯកសារគោលសម្រាប់បំពេញ និងផ្ទៀងផ្ទាត់។
ការធ្វើសៀវភៅស្នាក់នៅ លិខិតបញ្ជាក់កិរិយាមារយាទនិងការធ្វើអត្តសញ្ញាណបណ្ណ គឺជាសេវាដែលប្រជាពលរដ្ឋនៅក្នុងឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរមានតម្រូវការច្រើនជាងគេ។ រាល់ការធ្វើឯកសារដែលពាក់ព័ន្ធជាមួយប៉ុស្ដិ៍រដ្ឋបាលអណ្ដូងទឹកគឺត្រូវតែភ្ជាប់មកនូវសំបុត្រកំណើតច្បាប់ចម្លងដែលជាឯកសារគោល និងលិខិតពាក់ព័ន្ធផ្សេងទៀត។បើគ្មានសំបុត្រកំណើតទេ មន្ត្រីប៉ុស្ដិ៍មិនធ្វើជូននោះទេ។ លោក ប៉ែន ហម បញ្ជាក់ដូច្នេះ។
លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក
ក្រៅពីសំបុត្រកំណើត អត្តសញ្ញាណបណ្ណក៏សំខាន់ដែរសម្រាប់សម្គាល់ពលរដ្ឋម្នាក់ៗ។ បើតាមមេប៉ុស្ដិ៍អណ្ដូងទឹក ក្នុងករណីពលរដ្ឋបាត់អត្តសញ្ញាណបណ្ណ ហើយទៅស្នើឱ្យប៉ុស្ដិ៍ធ្វើថ្មី គឺត្រូវឆ្លងកាត់ការសួរនាំច្រើន ថាតើពួកគេបាត់មែន ឬយ៉ាងណា? និងសន្យាមិនធ្វើឱ្យបាត់ម្ដងទៀតនោះទេ។ លោក ប៉ែន ហម បានបានណែនាំពួកគេយ៉ាងដូច្នេះ ៖« ត្រូវថែរក្សាឱ្យបានល្អ
កុំដាក់របស់ពិតទៅតាមខ្លួនអី ត្រូវដាក់របស់កូពីតាមខ្លួនវិញ ជៀសវាងបាត់ ហើយពិបាកធ្វើព្រោះចំណាយពេលយូរ»។
មេប៉ុស្ដិ៍រូបនេះ បានរៀបរាប់ថា នៅពេលដែលបាត់អត្តសញ្ញាណបណ្ណ មិនមែនដាក់បណ្ដឹងហើយអាចទៅថតបានភ្លាមនោះទេ គឺប្រើពេលយូណាស់។ ដូច្នេះត្រូវរក្សាឱ្យបានត្រឹមត្រូវ។ បើដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍ គឺត្រូវរៀបចំឯកសារចុះហត្ថលេខា ហើយបញ្ជូនទៅខេត្ត ហើយខេត្តបញ្ជូនទៅក្រសួងទៀត ទើបធ្វើចេញជារូបរាងអត្តសញ្ញាណបណ្ណ ដោយចំណាយពេលចន្លោះពី ៣ទៅ ៤ខែ ទើបបញ្ជូនមកដល់ម្ចាស់ដើមវិញ។
«ខ្ញុំឃើញពលដ្ឋប្រឈមរាល់ថ្ងៃដោយសារមិនយកចិត្តទុកដាក់ រឿងផ្ទាល់ខ្លួនលើអត្តសញ្ញាណបណ្ណ។ ខ្ញុំតែងតែប្រាប់និងណែនាំពេលដែលយកអត្តសញ្ញាណបណ្ណពីខ្ញុំទៅ គឺត្រូវទុកឱ្យបានល្អ ការពារកុំឱ្យបាត់ព្រោះវាសំខាន់ណាស់ វាដូចជាលេខសម្គាល់ខ្លួន»។
នេះបើតាមលោក ប៉ែន ហម។លោកបន្ថែមបែបនេះប្រសិនបើបាត់អត្តសញ្ញាណបណ្ណ ហើយជនខិលខូចរើសបានយកទៅប្រព្រឹត្តិអំពើខុសនឹងច្បាប់នោះគឺជាបញ្ហាដែលតុលាការហៅម្ចាស់ដើមមុនគេ។ ដូច្នេះត្រូវទុកដាក់ឱ្យបានល្អ។បើតាម លោក ប៉ែន ហម ឃុំអណ្ដូងទឹកមានប្រជាពលរដ្ឋ ១ ៦០៧គ្រួសារ ស្មើនឹង ៦ ០៣៤នាក់។ ជាមធ្យមពលរដ្ឋចន្លោះពី៤ ទៅ ៥នាក់ បានមកធ្វើឯកសារដែលពាក់ព័ន្ធនៅប៉ុស្ដិ៍រដ្ឋបាលឃុំអណ្តូងទឹក៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)