ជាតិ
សេដ្ឋកិច្ច
ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ធ្លាក់មកនៅត្រឹម១៧,៨ពាន់លានដុល្លារ
× ទុនបម្រុងអន្តរជាតិកម្ពុជាបានធ្លាក់មកនៅ១៧,៨ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះ គឺមានដល់១២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានដល់២០,៣ពាន់លានដុល្លារ។ ដ្បិតមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែធនាគារជាតិនៃកម្ពុជា អះអាងថា ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញ-សេវា បានដល់៧ខែក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ។
របាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា ការធ្លាក់ចុះនូវទុនបម្រុងនេះ គឺដោយសារការប្រែប្រួលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការឡើងថ្លៃនៃប្រាក់ដុល្លារ ជាមួយការធ្លាក់ចុះនៃតម្លៃមូលបត្រ, ការវិនិយោគជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតំបន់អឺរ៉ុបលើសញ្ញាបណ្ណបៃតង បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
បើតាមធនាគារជាតិទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានវិនិយោគស្របតាមស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ ធនាគារជាតិបានបញ្ជាក់ថា៖«ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដែលអនុលោមតាមសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប»។
ទោះបីកម្ពុជាមានការធ្លាក់ចុះនូវទុនបម្រុងអន្តរជាតិ ប៉ុន្តែទំហំដែលនៅមានសព្វថ្ងៃសម្រាប់កម្ពុជាគឺនៅតែខ្លាំងក្នុងការធានាដល់ការនាំចូលទំនិញនិងសេវាបានដល់៧ខែ ក្នុងករណីប្រទេសមានវិបត្តិណាមួយ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃទី២៥មករា «ទំហំទុនបម្រុងអន្តរជាតិរបស់កម្ពុជានេះ គឺនៅតែច្រើនអ៊ីចឹង។ ទុនបម្រុងអន្តរជាតិរបស់យើងជាង១៧ពាន់លានដុល្លារអាចគ្រប់ដណ្តប់បានជាង៦ខែនៃការនាំចូល។ ដូច្នេះ តួលេខនេះនៅតែខ្លាំងដដែល»។
បើតាមលោក វង្សី វិស្សុត ទុនបម្រុងអន្តរជាតិកម្ពុជារំពឹងឡើងដល់២០ពាន់លានដុល្លារវិញ នៅក្នុងឆ្នាំ២០២៣នេះ៕
Tag:
ទុនបម្រុងអន្តរជាតិ
NBC
© រក្សាសិទ្ធិដោយ thmeythmey.com