កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជាចាយមិនក្រោម២០០លានដុល្លារ សម្រាប់រៀបស៊ីហ្គេម និងប៉ារ៉ាហ្គេម២០២៣
28, Jan 2023 , 11:01 am        
រូបភាព
ថ្លៃចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អស់មិនក្រោម២០០លានដុល្លារអាម៉េរិក។​ នេះបើតាមការអះអាងរបស់ លោក វង្សី​ វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែលនាថ្ងៃទី២៥ ខែមករា។


កម្ពុជាទទួលបានសិទ្ធិរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
 
គិតចាប់ពីដឹងថាខ្លួនត្រូវទទួលរៀបចំកីឡាតំបន់អាស៊ាននេះ ម្ចាស់ផ្ទះកម្ពុជា បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមជាមួយទីតាំកីឡា និងអាគារកីឡាមួយចំនួនផង។
 
នាវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៥ ខែមករា លោក វង្សី វិស្សុត បានបញ្ជាក់ពីចំនួនទឹកប្រាក់ជាង២០០លានដុល្លារសម្រាប់ដំណើរការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រូបនេះបញ្ជាក់អំពីដំណើរការនៃការចំណាយដូច្នេះថា៖«ដោយមិនរាប់បញ្ចូលពីជំនួយកីឡដ្ឋានជាតិមរតកតេជោរបស់ចិន កម្ពុជាត្រូវចំណាយថ្លៃសាងសង់ទីលានកីឡាតូចៗដោយខ្លួនឯងដោយប្រើថវិកាចន្លោះពី៣០ ទៅ៤០លានដុល្លារ។ បូករួមទាំងថ្លៃរៀបចំ និងធ្វើពិធីកីឡាស៊ីហ្គេ និងប៉ារ៉ាហ្គេមទាំងមូល ម្ចាស់ផ្ទះគ្រោងចំណាយមិនតិចជាង ២០០លានដុល្លារឡើយ»។
 
គិតត្រឹមថ្ងៃទី២៨ ខែមករា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅសល់៩៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ ស្របពេលម្ចាស់ផ្ទះបានប្រកាសពីការត្រៀមខ្លួនរួចរាល់នាពិធី១០០ថ្ងៃរាប់ថយក្រោយ នៅថ្ងៃទី២៥ ខែមករា។ ស៊ីហ្គេម២០២៣ មាន៣៧ប្រភេទកីឡា ដែលមានជាង៦០០វិញ្ញាសា និងប៉ារ៉ាហ្គេម មាន១២ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែង៕
 

Tag:
 ស៊ីហ្គេម២០២៣
  វង្សី វិស្សុត
© រក្សាសិទ្ធិដោយ thmeythmey.com