ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារពិភពលោកបានក្នុងរង្វង់ទឹកប្រាក់ ៩៦៦លានដុល្លារ។ ទំហំនៃការនាំចេញនេះកើនដល់អត្រា៤៨,៤៨ភាគរយ បើធៀបកាលឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កង់ដែលផលិតចេញពីទឹកដីកម្ពុជាត្រូវបាននាំទៅកាន់ប្រទេស និងតំបន់ជាង៥០ ក្នុងពិភពលោក។ ក្នុងនោះទីផ្សារដែលធំជាងគេរបស់កម្ពុជា គឺមានសហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងចិន។
តាមទិន្នន័យដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ស៊ាង ថៃ នាថ្ងៃទី៣១មករានេះ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារពិភពលោកបានដល់ទំហំ៩៦៦,៧លានដុល្លារអាម៉េរិក កើនជាង៤៨ភាគរយ ធៀបនឹងឆ្នាំ២០២១។
កង់ជាផលិតផលដ៏សំខាន់មួយរបស់កម្ពុជា ដែលបម្រើដល់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កម្ពុជាមានរោងចក្រកង់ចំនួនប្រាំ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។
បច្ចុប្បន្ន កម្ពុជាមិនត្រឹមតែជាប្រទេសនាំមុខគេ ក្នុងការនាំចេញកង់ប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជាក៏ជាប្រទេសដែលផ្គត់ផ្គង់គ្រឿងបង្គុំរបស់កង់ដ៏ឈានមុខមួយដែរ ។
ឧស្សាហកម្មកង់ និងគ្រឿងបង្គុំបានដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) វិស័យនេះមានការរីកចម្រើនយ៉ាងលឿន និងប្រកបដោយសក្តានុពល ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ហេតុផលនេះហើយបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសស្ថិតក្នុងលំដាប់លេខមួយក្នុងអាស៊ាន នៃការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោក។
កន្លងមកការនាំចេញសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានទំហំដល់៨០ភាគរយនៃការនាំចេញសរុប។ ប៉ុន្តែបច្ចុប្បន្នវិស័យកម្មន្តសាលមិនមែនកាត់ដេរ រីកចម្រើនខ្លាំង ។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តនិយាយក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ក្នុងរយៈពេលកូវីដ៣ឆ្នាំមកនេះ មានការប្រែប្រួលសម្បើមណាស់ ជាពិពិធកម្មសេដ្ឋកិច្ច។ ឥឡូវនេះ នាំចេញសំលៀកបំពាក់ និងស្បែក នៅសល់តែ៥៦ឬ៥៧ភាគរយទេ។ កសិកម្មឡើងដល់ជាង១០ភាគរយនៃការនាំចេញសរុប ហើយកម្មន្តសាលមិនមែនកាត់ដេរ គឺឡើងដល់ជិត៣០ភាគរយ ដែលជាចំណែកនៃការនាំចេញសរុប»។
កង់ បន្ទះសូឡា សង្ហារឹម ក្តារបន្ទះ ខ្សែអុបទិក និងឈីប...ជាដើម ដែលជាទំនិញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ចាប់ផ្តើមរីកធំឡើងនៅក្នុងចំណែកនៃការនាំចេញសរុប។ នេះជាការរៀបរាប់របស់លោក វង្សី វិស្សុត ដោយបន្ថែមថា អ្នកវិនិយោគដែលមកកម្ពុជាថ្មីៗនេះ ក៏មាននិន្នាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ផងដែរ៕