អន្តរជាតិ
តៃវ៉ាន់ បញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើលសកម្មភាពយោធាចិនក្បែរដែនកោះខ្លួន
01, Feb 2023 , 5:49 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
តៃវ៉ាន់ នៅថ្ងៃទី៣១ ខែកុម្ភៈ បានបញ្ជូនយន្តហោះចម្បាំង និងដាក់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ន ដើម្បីឃ្លាំមើលប្រតិបត្តិការយោធាចិន នៅក្បែរដែនកោះរបស់ខ្លួន។ មិនតែប៉ុណ្ណោះ តៃវ៉ាន់ ក៏បានបើកប្រព័ន្ធមីស៊ីលរបស់ខ្លួន ដើម្បីតាមដានសកម្មភាពនោះដែរ។

 
បើទោះបាក់បែកចាប់តាំងពីឆ្នាំ១៩៤៩ មក ចិន នៅតែបន្តដាក់សម្ពាធតៃវ៉ាន់ទាំងសេដ្ឋកិច្ច និងយោធា ដើម្បីអាចឈានទៅដល់ការបង្រួបបង្រួមដែនដីទាំងពីរឡើងវិញ។ ជាញយៗ ចិនបានបញ្ជូនយន្តហោះចម្បាំងឱ្យចូលក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់។​
 
ចិន នៅថ្ងៃទី៣១ ខែកុម្ភៈ បានបញ្ជូនយន្តហោះចម្បាំងជាថ្មី ដោយហោះឆ្លងបន្ទាត់បែងចែករវាងកោះតៃវ៉ាន់ និងចិន និងនាវាចម្បាំងមកក្បែរដែនកោះ។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា កម្លាំងប្រដាប់អាវុធរបស់ខ្លួន បានឃ្លាំមើលស្ថានភាពយ៉ាងម៉ត់ចត់ ជុំវិញសកម្មភាពយោធាចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះយោធាចិនចំនួន ២០គ្រឿង បានហោះឆ្លងកាត់បន្ទាត់ខណ្ឌចែកដែនដីទាំងពីរតាំងពីឆ្នាំ១៩៤៩ មក។
 
ទាក់ទិននឹងបញ្ហានេះ តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង និងដាក់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ន ដើម្បីឃ្លាំមើលប្រតិបត្តិការយោធាចិន នៅក្បែរដែនកោះរបស់ខ្លួន ហើយថែមទាំងបើកប្រព័ន្ធការពារមីស៊ីលថែមទៀត។ 
 
ក្រោមរដ្ឋបាលរបស់លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក ចូលក្នុងដែនអាកាសតៃវ៉ាន់ជាច្រើនលើក ហើយធ្វើសមយុទ្ធទ័ពជើងទឹកនៅជុំវិញកោះតៃវ៉ាន់ថែមទៀត។ មិនតែប៉ុណ្ណោះ ចិនបានបង្កើនសកម្មភាពយោធា ក្រោយទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេនឡូស៊ី អតីតប្រធានសភាតំណាង នាពេលកន្លងទៅ៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com