ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ចេញយន្តការដេញថ្លៃមូលបត្រជួញដូរ ប្រាក់រៀល​និងដុល្លារ
02, Feb 2023 , 8:59 am        
រូបភាព
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា(NBC) ផ្តល់ការសម្ភាសឱ្យអ្នកសារព័ត៌មានថ្មីៗ​ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នាព្រឹកថ្ងៃទី៣០មករា
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា(NBC) ផ្តល់ការសម្ភាសឱ្យអ្នកសារព័ត៌មានថ្មីៗ​ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នាព្រឹកថ្ងៃទី៣០មករា
ធនាគារជាតិនៃកម្ពុជា(NBC) សម្រេចផ្លាស់ប្តូរយន្តការ និងលក្ខខណ្ឌជាវមូលបត្រជួយជួញដូរបាន(NCD) ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក គ្រប់ឥណទានប្រតិទាន តាមវិធីសាស្ត្រដេញថ្លៃ រាល់២សប្តាហ៍ម្តងវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យន្តការដេញថ្មីនេះ ត្រូវអនុវត្តចាប់ថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៣ តទៅ។

 
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ការផ្លាស់ប្តូរយន្តការ និងលក្ខខណ្ឌនៃការដេញថ្លៃNCDនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការកំណត់អត្រាការប្រាក់តាមយន្តការទីផ្សារ។​ យន្តការដេញថ្លៃនេះ ក៏ផ្តល់លទ្ធភាពឱ្យធនាគារជាតិ មានឧបករណ៍កាន់តែច្រើន​សម្រាប់អនុវត្តគោលនយោបាយរូបិយវត្ថុ ផងដែរ។
 
NCD គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​​រយៈពេល​ខ្លី​ដល់​មធ្យម (រយៈពេល៧ថ្ងៃដល់៣៦៤ថៃ្ង ឬ ​មួយឆ្នាំ) ​ដ៏សំខាន់​មួយ​នៅលើ​ទីផ្សារ ដែល​ចេញដោយធនាគារជាតិ​។ ឧបករណ៍​ហិរញ្ញវត្ថុនេះ ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៣មក។ គ្រានោះ គ្រឹះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលនៅសល់លុយ អាចមកទិញ(ដាក់ប្រាក់បញ្ញើ) NCDពីធនាគារជាតិ ក្នុងទំហំប៉ុន្មានក៏បានដែរ។ 
 
ប៉ុន្តែ ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៣ តទៅ ធនាគារជាតិ លែងទទួលការទិញNCD តាមតម្រូវការរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ដោយតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដេញថ្លៃយក NCD ក្នុងបរិមាណណាមួយ ដែលធនាគារជាតិបានកំណត់វិញ។  លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «នៅពេលមួយដែលធនាគារជាតិយើងចង់ស្រូបលុយចេញពីការចរាចរនៅលើទីផ្សារក្នុងចំនួនតិច នោះគឺយើងទទួលទិញNCD ពីគ្រឹះហិរញ្ញវត្ថុ តិចដែរ! តែបើយើងចង់ស្រូបលុយចេញពីទីផ្សារច្រើន នោះយើងនឹងដាក់ដេញថ្លៃនូវNCDនេះ នៅក្នុងទំហំច្រើនដែរ»។ អ៊ីចឹង! នេះគឺជាយន្តការមួយទៀត ដើម្បីផ្តល់លទ្ធភាពឱ្យធនាគារជាតិយើងស្រូបយក ឬចាក់បញ្ចេញលុយក្នុងទីផ្សារបានស្រួលជាងមុន»។​
 
បើតាមលោកស្រី ជា សិរី យន្តការបែបនេះធ្វើឡើង ដើម្បីកុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ពឹងផ្អែកទាំងស្រុងលើទិញNDCរបស់ធនាគារជាតិ ក្នុងការទទួលបានការប្រាក់។ លើសពីនេះ វាក៏ជួយឱ្យមានសន្ទនីយភាពសាច់ប្រាក់នៅលើទីផ្សារ តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ឬ ក៏គ្រឹះស្ថានដែលនៅសេសសល់ប្រាក់ អាចយកទៅវិនិយោគលើវិស័យផ្សេងៗបាន ដូចជា៖ ការទិញសញ្ញាបត្ររដ្ឋ ជាដើម។
 
យោងតាមរបាយការណ៍របស់ធនាគារជាតិកាលឆ្នាំ២០២២ ការចេញផ្សាយមូលបត្រអាចជួញដូរបាន(NCD) ចារឹកជាប្រាក់រៀល និងដុល្លារអាម៉េរិក​ គឺមានចំនួន៣៧,៥លានដុល្លារ កើន៣,៧ភាគរយ។​ ចំណែកការបញ្ចេញសន្ទនីយភាព ឬការបញ្ចេញសាច់ប្រាក់រៀលនៅលើទីផ្សារវិញ គឺធ្វើឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈប្រតិបត្តិការសន្ទនីយភាពដោយមានការធានា(LPCO)​ ត្រូវបានកាត់បន្ថយមកត្រឹម ១,៥ទ្រីលានរៀល ពោលគឺបានថយចុះជិត៣ដង ធៀបនឹងឆ្នាំ២០២១៕
 
 
កត់សម្គាល់៖ មូលបត្រអាចជួញដូរបាន(NCD) ជាឧបករណ៍ហិរញ្ញវត្ថុមួយដែលធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ញើជាប្រាក់រៀល និងដុល្លារ ក្នុងរយៈពេលខ្លីនិងមធ្យមណាមួយ ដើម្បីទទួលបានការប្រាក់ហើយថែមទាំងមានសុវត្ថិភាពទៀត។  សម្រាប់ដល់ការកំណត់ណាមួយធនាគារជាតិនឹងបញ្ចេញសាច់ប្រាក់នៅលើទីផ្សារវិញ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីភាពដោយមានការធានា(LPCO)​។ NCD គឺជាឧបករណ៍យ៉ាងសំខាន់មួយនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការគ្រប់គ្រងលើការចរាចរប្រាក់នៅលើទីផ្សារ ក៏ដូចជាការបង្កើតឱ្យមានសន្ទនីយភាពប្រាក់រៀល នៅលើទីផ្សារកម្ពុជា។ 
 

Tag:
 ហិរញ្ញវត្ថុ
  NCD
© រក្សាសិទ្ធិដោយ thmeythmey.com