កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៥៥ឆ្នាំ កីឡាករជប៉ុន «King Kazu» នៅតែមានហាងឆេងក្នុងលីគព័រទុយហ្កាល់
02, Feb 2023 , 7:29 pm        
រូបភាព
Kazuyoshi Miura កីឡាករបាល់ទាត់សញ្ជាតិជប៉ុន វ័យ៥៥ឆ្នាំ បានទៅចូលរួមជាមួយក្រុម U.D Oliveirense នៃលីគទីពីរព័រទុយហ្កាល់ Liga Portugal 2 ក្រោមលក្ខខណ្ឌខ្ចីជើងពី Yokohama FC។ ព័រទុយហ្កាល់ជាប្រទេសទី៦ ដែល Miura ប្រកបអាជីពបាល់ទាត់រយៈពេល៣៧ឆ្នាំ។



Muira ដែលត្រូវបានគេផ្តល់រហ័សនាមថា «King Kazu» នៅឯស្រុកកំណើតនោះ បានចាប់ផ្តើមបង្ហាញខ្លួនសម្រាប់អាជីពបាល់ទាត់លើកដំបូងក្នុងឆ្នាំ ១៩៨៦ ដោយកាលនោះបានចូលរួមលេងឱ្យក្រុម Santos។ King Kazu ប្រើប្រាស់ពេលវេលាលេងបាល់អស់រយៈពេល ៣៧រដូវកាល ក្នុងនាមជាកីឡាករអាជីព។ 
 
ផ្លាស់ទៅកាន់ប្រទេសព័រទុយហ្កាល់ ក្លាយជាប្រទេសទី៦ សម្រាប់ Muira បន្ទាប់ពីរូបគេបានលេងនៅទឹកដីប្រេស៊ីល ជប៉ុន អ៊ីតាលី ក្រូអាស៊ី និងអូស្រា្តលី។ រដូវកាលមុខ រូបគេលេងនៅក្រុមស្ថិតនៅលីគលំដាប់ទី៤ របស់ជប៉ុន Suzuka Point Getters ដែលដឹកនាំដោយអ្នកចាត់ការដែលជាបងប្រុសបង្កើតលោក Yasutoshi ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Yokohama FC នៃលីគកំពូលជប៉ុន J-League។ 
 
មូលហេតុនៃការផ្លាស់ទៅបន្តអាជីពនៅព័រទុយហ្កាល់របស់ King Kazu ដោយសារតែមេរបស់ក្លិប Yokohama FC បានទិញភាគហ៊ុនជាច្រើននៅក្លិប U.D Oliveirense កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ 
 
«បើទោះបីទីនោះគឺជាទីកន្លែងថ្មីសម្រាប់ខ្ញុំ ​ខ្ញុំនឹងខិតខំព្យាយាមបំពេញការងារដើម្បីបង្ហាញទៅកាន់អ្នកគ្រប់គ្នាអំពីសមត្ថភាពនៃការលេងបាល់របស់ខ្ញុំ។»។ King Kazu បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះដោយក្លិប Yokohama FC បែបនេះ។
 
ពេលដែលលេងនៅក្លិប Suzuka កីឡាករវ័យ ៥៥ឆ្នាំ រូបនេះរកបានគ្រាប់បាល់ចំនួន ២គ្រាប់ ដោយគ្រាប់បាល់ ១ចំណោមនោះជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ១គ្រាប់ជាការតែត។ King Kazu បង្ហាញវត្តមាន ១៨លើកជាមួយក្រុមស្ថិតនៅលីគលំដាប់ទី៤ ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៩។
 
King Kazu នឹងឈានចូលវ័យ ៥៦ឆ្នាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ​ហើយកីឡាករបាល់ទាត់វ័យចំណាស់រូបនេះថា រូបគេចង់បន្តលេងបាល់ឱ្យដល់អាយុ ៦០ឆ្នាំ។ អតីតកីឡាករ Santos រូបនេះធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងទ្វីបអាស៊ី ដោយនៅក្នុងឆ្នាំ ១៩៩០ បានជួយឱ្យមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ពីបាល់ទាត់ជប៉ុន ហើយបន្ទាប់មកលីគបាល់ទាត់អាជីពជប៉ុន J-League ដែលកកើតឡើងក្នុងងឆ្នាំ ១៩៩៣។ 
 
King Kazu បានចាកចេញពីជប៉ុនទៅប្រេស៊ីលក្នុងឆ្នាំ ១៩៨២ ហើយបានចុះកុងត្រាជាមួយ Santos ក្នុងឆ្នាំ ១៩៨៦។ រូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិជប៉ុនឆ្នាំ ១៩៩០ ហើយក៏បានជួយសាំម៉ូរៃជាប់កៅអីចូលប្រកួត World Cup លើកដំបូងក្នុងឆ្នាំ ១៩៩៨។ ជាមួយក្រុមជម្រើសជាតិជប៉ុន កីឡាករវ័យចំណាស់រូបនេះស៊ុតបញ្ចូលទី ៥៥គ្រាប់ ពីការបង្ហាញខ្លួន ៨៦លើក៕
 

Tag:
 Japan Football
  Kazuyoshi Miura
© រក្សាសិទ្ធិដោយ thmeythmey.com