ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន ៥ទីតាំង នៅប្រទេសចិន លោក ប៉ាន សូរស័ក្តិ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣១ ខែមករា។ រូបថត៖ MoC
× ក្រសួងពាណិជ្ជកម្មមានផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសមហាអំណាចមួយនេះថែមទៀត។ ផែនការនេះ ធ្វើឡើងក្នុងគោលដៅទាញយកឧត្តមប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរកំពុងអនុវត្ត។
ជាយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ កន្លងមកក្រសួងពាណិជ្ជកម្មបានរៀបចំ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្នុងក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្រ្ដៃយ៍។ ជំហានបន្ទាប់ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានឹងពង្រីកដល់ប្រទេសចិន។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០០៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣១មករា លោក ប៉ាន សូរស័ក្ត មានប្រសាសន៍ថា៖«បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងរៀបចំរាយការណ៍ ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា៥ទីតាំង គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត»។
ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅក្រៅប្រទេសនេះ ត្រូវបានលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា ជាការផ្តល់ផលចំណេញដល់សេដ្ឋកិច្ចកម្ពុជា។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «ព្រោះទីតាំងទាំងនោះ ក្រៅតែជាកន្លែងតាំងលក់ ឬផ្សព្វផ្សាយផលិតផលកម្ពុជាហើយនោះ ក៏អាចជាកន្លែងជួបពិភាក្សា កន្លែងផ្តល់ព័ត៌មានពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ផងដែរ»។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅតំបន់សំខាន់ៗក្នុងប្រទេសចិន នឹងជួយដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារមហាអំណាចមួយនេះកាន់តែច្រើន ។ អ្វីកាន់តែពិសេសទៅទៀតនោះ គឺកម្ពុជា-ចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលចូលជាធរមានកាលពីដើមឆ្នាំ២០២២ មក។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ពេញមួយឆ្នាំ២០២២ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានដល់ទំហំ១១ ៦៨៦លានដុល្លារអាម៉េរិក កើនក្នុងរង្វង់៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងននោះ ចិននាំទំនិញចូលកម្ពុជាមានតម្លៃដល់១០ ៤៤៥លានដុល្លារអាម៉េរិក ខណៈកម្ពុជានាំទៅចិនវិញ គឺសម្រេចបានជាង១ ២៤០លានដុល្លារប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com