កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំអូឡាំពិកប៉ារីស នឹងគោរពតាម ​IOC បើអនុញ្ញាតឱ្យរុស្ស៊ីអាចវិលចូលប្រកួតវិញ
03, Feb 2023 , 8:29 am        
រូបភាព
អ្នករៀបចំកម្មវិធីកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ (Paris 2024) នឹងគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការផ្តល់ការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលការប្រកួតវិញបាន។ ការលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អំពាវនាវឱ្យ IOC បន្តហាមឃាត់ប្រទេសទាំងពីរចូលរួមនៅអូឡាំពិក។



បញ្ហាជម្លោះរវាង IOC និងអ៊ុយក្រែន បានកើតឡើងរយៈពេលជិត ២សប្តាហ៍ហើយ ដោយសារតែក្រោយកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាគណៈកម្មាធិការ IOC ដែលទំនងបើកភ្លើងខៀវដល់អត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលការប្រកួតវិញនៅអូឡាំពិកប៉ារីស។ បច្ចុប្បន្ន អត្តពលិករុស្ស៊ី និងបេឡារុស ទទួលបានការអនុញ្ញាតឱ្យវិលចូលរួមការប្រកួតកម្មវិធីកីឡានៅក្នុងតំបន់អាស៊ី។ 
 
បន្ទាប់ពីមានជម្លោះដ៏ក្តៅកគុកមួយរយៈពេលរួចមក អ្នករៀបចំកម្មវិធី Paris 2024 បានចេញមុខអះអាងថា ​ខ្លួនគោរពតាមការសម្រេចចិត្តរបស់ IOC លើបញ្ហាអត្តពលិករុស្ស៊ី និងបេឡារុស។
 
«ខណៈពេលដែលជម្លោះកំពុងតែបន្ត Paris 2024 ចង់បង្ហាញពីសាមគ្គីភាពពេញលេញជាមួយអ៊ុយក្រែន និងចលនាអូឡាំពិក ប៉ារ៉ាឡាំពិកអ៊ុយក្រែន ដែលប្រឈមមុខនឹងវិបត្តិដែលមិនអាចនឹងស្មានដល់​។ […] ដើម្បីជាការឆ្លើយតបលើរឿងនេះ IOC បានដាក់ទណ្ឌកម្មជាច្រើនរួចហើយចំពោះ អូឡាំពិករុស្ស៊ី និងបេឡារុស។ ដើម្បីឱ្យអត្តពលិកអាចទទួលបានបទពិសោធន៍ដ៏ល្អនៅការប្រកួតប៉ារីស ២០២៤ ជាមួយតម្លៃនៃសន្តិភាព ដូច្នេះយើងគោរពតាមការសម្រេចចិត្តរបស់ IOC។»។​ ​អ្នករៀបចំ Paris 2024 បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ដោយឡែកមកដល់ពេលនេះមិនត្រឹមតែអ៊ុយក្រែនតែម្នាក់ទេដែលបានព្រមានដកខ្លួនចេញពីការប្រកួតអូឡាំពិកប៉ារីស ក្នុងនោះក៏មានការចូលរួមពីសំណាក់ប្រទេសឡេតូនីចូលរួមដែរ។

ឡាតវីនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ បានព្រមានថានឹងដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤ ឬក៏វគ្គជម្រុះនានាក្នុងតំបន់ ប្រសិនបើអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលប្រកួតវិញបាន ខណៈដែលសង្គ្រាមកំពុងតែបន្តក្នុងប្រទេសអ៊ុយក្រែន។ ឡេតូនីក៏ដូចជាអ៊ុយក្រែន មានព្រំប្រទល់ព្រំដែនជាប់ទៅនឹងប្រទេសរុស្ស៊ី និងបេឡារុសផងដែរ។
 
បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអូឡាំពិកឡេតូនី (NOC) បាននិយាយដូច្នេះថា៖«ដរាបណាសង្គ្រាមអ៊ុយក្រែននៅតែបន្ត ការអាចចូលរួមវិញពីសំណាក់អត្តពលិករុស្ស៊ី និងបេឡារុសនៅការប្រកួតអូឡាំពិកក្រោមរូបភាពទង់នៃអូឡាំពិកក្តី គឺជារឿងមិនអាចទទួលយកបានឡើយ។ វត្តមានរបស់រុស្ស៊ី និងបេឡារុសនៅអូឡាំពិក នឹងក្លាយជាការគាំទ្រដល់ការឈ្លានពានរបស់អ៊ុយក្រែន។»។
 
កាលពីសប្តាហ៍មុននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកំពូល IOC ហាក់បីបង្ហាញភ្លើងខៀវសម្រាប់ឱកាសវិលត្រលប់មកការប្រកួតវិញរបស់អត្តពលិករុស្ស៊ី និងបេឡារុស ប៉ុន្តែការប្រកួតនោះគឺត្រូវស្ថិតក្រោមរូបភាពទង់នៃអូឡាំពិក និងទង់អត្តពលិក។ តែក្រោយមកទៀតរុស្ស៊ីបានទាមទារដើម្បីបានការវិលចូលការប្រកួតអន្តរជាតិវិញ ស្របពេលដែលកំពុងកើតមានវិវាទរវាង IOC និងអ៊ុយក្រែន។ 
 
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy កាលពីថ្ងៃទី២៩ ខែមករា ក៏បាននិយាយអំពីបញ្ហានេះដែរ ហើយបានអំពាវនាវមិនឱ្យមានវត្តមានរបស់រុស្ស៊ីនៅក្នុងការប្រកួតអូឡាំពិកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែន បានប្រមានទៅ IOC ប្រទេសអ៊ុយក្រែននឹងដកខ្លួនចេញពីការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ ប្រសិនបើមានវត្តមានរុស្ស៊ី និងបេឡារុស៕
 

Tag:
 Olympic Paris 2024
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com