ជាតិ
សង្គមជាតិ
ក្រសួងដាក់គម្រោង ASPIRE-AT ដើម្បីជួយកសិករ ក្រោយជោគជ័យ ASPIRE
03, Feb 2023 , 12:16 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម (ស្ដាំ) និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD (ឆ្វេង)។ រូបពី លោក ឌិត ទីណា
លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម (ស្ដាំ) និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD (ឆ្វេង)។ រូបពី លោក ឌិត ទីណា
ភ្នំពេញ៖ ក្រោយជោគជ័យលើកម្មវិធី ASPIRE មូលនិធិអភិវឌ្ឍកសិកម្មអន្តរជាតិ (IFAD) បានព្រមព្រៀងបន្តកិច្ចសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងថ្មីមួយទៀត ដែលហៅថា ASPIRE-AT។ គម្រោងនេះ នឹងជួយបង្កើនប្រាក់ចំណូលដល់ គ្រួសារកសិករ និងពលករតាមជនបទ។

 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD កាលពីថ្ងៃទី ២ ខែកុម្ភៈ បានដាក់ឱ្យអនុវត្តគម្រោង ASPIRE-AT ចាប់ពីឆ្នាំ ២០២៣តទៅ។  កម្មវិធីផ្ដល់សេវាកម្មកសិកម្មនេះ អាចជួយជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន ដែលមានគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្ន និងផ្ដោតលើការនាំចេញ និងទីផ្សារក្នុងស្រុក។  
 
មូលនិធិ IFAD និងក្រសួងកសិកម្ម បានធ្វើការងារជាមួយគ្នាអស់រយៈពេល ៧ឆ្នាំមកហើយ តាមរយៈគម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលទើបបានបញ្ចប់នៅចុងឆ្នាំ ២០២២។ 
 
ជាការរំពឹងទុក កម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥ ០០០ ដែលមានជីវភាពក្រីក្រ ឬក្បែរក្រីក្រ និងងាយធ្លាក់ក្នុងភាពក្រីក្រ ដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារកសិកម្ម ឬផលវិបាកផ្សេងៗ។ ពលរដ្ឋ ដែលទទួលផលពីកម្មវិធី ASPIRE-AT មានស្ដ្រីប្រមាណ ៥០ភាគរយ យុវជន ២០ភាគរយ និងជនជាតិដើមភាគតិចចំនួន ១,៥ភាគរយ៕ 
 
 
 

Tag:
 IFAD
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com