អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន៖ រុស្ស៊ីគ្រោងវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃខួបមួយឆ្នាំនៃសង្រ្គាម
03, Feb 2023 , 5:39 pm        
រូបភាព
លោក Oleksii Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន។ រូបភាព AFP
លោក Oleksii Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន។ រូបភាព AFP
រុស្ស៊ីគ្រោងវាយប្រហារទ្រង់ទ្រាយធំ ក្នុងថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Oleksii Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចសម្ភាសថ្ងៃទី១ ខែកុម្ភៈ។

 
សល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ សង្រ្គាមអ៊ុយក្រែន នឹងឈានដល់រយៈពេលមួយឆ្នាំហើយ ខណៈរុស្ស៊ីនៅតែបន្តវាយប្រហារអ៊ុយក្រែន ដែលជាប្រទេសជិតខាងខ្លួន។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន រំពឹងថា រុស្ស៊ីនឹងវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខ។ 
 
«យើងមិនបានមើលស្រាលសត្រូវឡើយ។ ជាផ្លូវការ រុស្ស៊ីបានប្រកាសរើសទ័ព ៣០ម៉ឺននាក់ ប៉ុន្តែនៅពេលយើងឃើញទ័ពនៅព្រំដែន ដោយផ្អែកលើការវាយតម្លៃរបស់យើង វាគឺច្រើនជាងនេះ»។ លោក Oleksii Reznikov បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានបារាំង ដោយសំដៅការរើសទ័ពចំនួន៣០ម៉ឺននាក់ ក្នុងខែកញ្ញា ឆ្នាំ២០២២។ បើតាមលោក Reznikov ចំនួនទ័ពអាចត្រូវបានរើសរហូតដល់ជិត ៥០ម៉ឺននាក់ឯណោះ។ 
 
ត្រង់ចំណុចនេះ ប្រមុខការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន និងដៃគូ ត្រូវត្រៀមខ្លួនចំពោះការវាយប្រហារតបឱ្យបានឆាប់ទើបកាន់តែល្អ។ 
 
ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យល់ថា កម្លាំងទ័ពរុស្ស៊ី កំពុងព្យាយាមគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលវាអាចនឹងបង្ហាញនៅខួបនៃការឈ្លានពានខាងមុខ។ បើតាមលោក ហ្សេលេនស្គី ស្ថានភាពតំបន់ភាគខាងកើត ស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង។ 
 
ក្នុងវីដេអូចេញថ្ងៃទី២ ខែកុម្ភៈនេះ ប្រធានាធិបតីអ៊ុយក្រែន យល់ថា កម្លាំងរុស្ស៊ី អាចវាយប្រហារជាពីរតំបន់ គឺតំបន់ភាគខាងកើត និងខាងត្បូង។ 
 
ក្នុងជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងថ្ងៃដដែលនោះ លោក ហ្សេលេនស្គី បានទទូចឱ្យលោកខាងលិច ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងតាមបណ្តាញសង្គម Tetegram ថា មេដឹកនាំអ៊ុយក្រែន បានត្អូញត្អែរពីទណ្ឌកម្មរបស់អឺរ៉ុបមានភាពយឺតយ៉ាវ ប៉ុន្តែរុស្ស៊ី បានបត់បែនយ៉ាងរហ័សចំពោះទណ្ឌកម្មទាំងនោះ។ បើតាមលោកស្រី Zakharova ពេលនេះសេដ្ឋកិច្ចអឺរ៉ុប កំពុងមានភាពថមថយជាមួយអ៊ុយក្រែន។ 
 
ក្នុងខួបទី៨០ ដែលកងទ័ពសហភាពសូវៀតយកឈ្នះកងទ័ពអាល្លឺម៉ង់ នៅ Stalingrad ក្នុងថ្ងៃទី២ ខែកុម្ភៈ​ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រុស្ស៊ីជាថ្មីម្តងទៀត ប្រឈមនឹងការគំរាមកំហែងពីរថក្រោះ Leopard របស់អាល្លឺម៉ង់ ហើយរុស្ស៊ីតែងប្រឆាំងនឹងការឈ្លានពានរបស់អឺរ៉ុប។ 
 
ត្រង់ចំណុចនេះ លោកពូទីន បានព្រមានថា ក្រុងមូស្គូនឹងមិនបញ្ជូនរថក្រោះទៅព្រំដែនរបស់អាល្លឺម៉ង់ឡើយ ប៉ុន្តែរុស្ស៊ីមានអ្វីផ្សេង ដើម្បីឆ្លើយតប ហើយមនុស្សទាំងអស់ គួរតែយល់ពីបញ្ហានេះ។ បើតាមលោកពូទីន សង្រ្គាមសម័យទំនើបជាមួយរុស្ស៊ី នឹងមានភាពខុសស្រឡះ។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ីរូបនេះ មិនបានពន្យល់ឱ្យបានច្បាស់លាស់ឡើយ ជុំវិញពាក្យសម្តីរបស់លោក៕ 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com