កីឡាអន្តរជាតិ
អន្តរជាតិ
Bale ភ័យខ្លាចពេលបង្ហាញខ្លួនក្នុងការប្រកួតវាយកូនហ្គោលលើកដំបូង
03, Feb 2023 , 6:19 pm        
រូបភាព
Gareth Bale សារភាពថា រូបគេមានភាពភ័យខ្លាចនៅពេលបង្ហាញខ្លួនក្នុងការប្រកួតវាយកូនហ្គោលលើកដំបូងក្នុងកម្មវិធី AT&T Pebble Beach Pro-Am នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣។



អតីតកីឡាករបាល់ទាត់ សញ្ជាតិវែលស៍រូបនេះ បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់កាលពីខែមករាកន្លងទៅ ហើយបានប្រកាសចាប់យកការប្រកួតវាយកូនហ្គោលដែលជាកីឡាទីពីរ ដែលគេចូលចិត្តលេងបំផុតបន្ទាប់ពីបាល់ទាត់។​
 
ត្រឹមវ័យ៣៣ឆ្នាំ Bale បញ្ចប់អាជីពបាល់ទាត់ដោយនិយាយថារូបគេបានបំពេញភារកិច្ចនៅបាល់ទាត់ចប់រួចរាល់ និងឈ្នះពានរង្វាន់ជាច្រើន តាមក្តីស្រមៃមុនចូលរួមប្រកួតកីឡាវាយកូនហ្គោលជាផ្លូវការ។
 
បើទោះបីធ្លាប់លេងប្រភេទកីឡាវាយកូនហ្គោលនេះ កាលពីមុនមកហើយក្តី តែអតីតវីរបុរសក្រុមបាល់ទាត់ជម្រើសជាតិវែលស៍រូបនេះ បានបង្ហាញអារម្មណ៍ភ័យខ្លាច អំឡុងពេលបង្ហាញវត្តមានក្នុងកម្មវិធី PGA Tour ដែលចាប់ផ្តើមប្រកួតនៅទីលានវាយកូនហ្គោល ​Spyglass Hill។
 
«ខ្ញុំគិតថានៅពេលដែលអ្នកចាប់ផ្តើមចូលរួមប្រកួតអ្វីមួយលើកដំបូង នោះវានឹងប្រាប់អ្នកពីអារម្មណ៍មួយនេះ។ បោះទោះបីជាយើងធ្លាប់បានលេងកីឡាពីមុខ ឬក៏បង្ហាញមុខច្រើននៅលើកញ្ចក់ទូរទស្សន៍ក្តី ប៉ុន្តែការប្រកួតប្រជែងនេះវាពិតជាខុសប្លែកគ្នាទាំងស្រុង ហើយវាជាបទពិសោធន៍ដ៏ល្អ ប៉ុន្តែសំណាងណាស់ដែលខ្ញុំបានវាយបានល្អនៅថ្ងៃនៃការបង្ហាញខ្លួនដំបូងដូចនេះ។»។ Bale អតីតកីឡាករក្រុមបាល់ទាត់ Tottenham Hotspur និង Real Madrid បាននិយាយបែបនេះ។
 
នៅថ្ងៃនៃការប្រកួតដំបូងក្នុងកម្មវិធី PGA Tour នៅសហរដ្ឋអាម៉េរិក អតីតកីឡាករបាល់ទាត់វ័យ ៣៣ឆ្នាំ រូបនេះជាមួយនឹងដៃគូក្នុងការប្រកួតធ្វើបានយ៉ាងល្អ។ Bale ក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រកីឡាវាយកូនហ្គោល តាមរយៈភាពល្បីល្បាញរបស់គេក្នុងវិស័យកីឡាបាល់ទាត់កន្លងមក។ 
 
កាលនៅជាកីឡាករបាល់ទាត់ Bale បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិវែលស៍ចំនួន ១១១លើក ដែលច្រើនជាងកីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com