ជាតិ
«កែប» ខេត្តតូច តែទេសចរកើនឡើងជាលំដាប់
04, Feb 2023 , 3:19 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កែប គឺជាខេត្តតូចជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា ប៉ុន្តែនៅតែមានភាពល្បីល្បាញ។  ដោយឡែក ខេត្តនេះ នៅតែទទួលបានទេសចរកើនឡើងជាលំដាប់ ព្រោះខេត្តកែបមានគ្រឿងសមុទ្រឆ្ងាញ់ និងទេសភាពស្រស់ស្អាត។ ទេសចរភាគច្រើនមកកម្សាន្ត  និយមជិះទូកមើលថ្ងៃលិច ក៏ដូចជាស្ទូចត្រី និងមុជទឹកមើលផ្កាថ្មជាដើម។


 
ខេត្តកែប នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញផងនោះ ទេសចរទៅកម្សាន្តយ៉ាងច្រើននៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ភ្ញៀវទេសចរទៅលេងខេត្តកែប អាចងូតទឹកសមុទ្រ លេងតាមឆ្នេរខ្សាច់ បរិភោគគ្រឿងសមុទ្រស្រស់ៗ និងគយគន់ទេសភាពកូនភ្នំតូចៗ ឬមើលថ្ងៃលេច នៅក្នុងខេត្តមួយនេះ។
 
ជាមួយគ្នានេះ ខេត្តកែបមានតំបន់ទេសចរណ៍៣៥កន្លែង ដែលមានឧទ្យានជាតិកែប ជាបេះដូងនៃក្រុងកែប។ ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តខេត្តកែបអាចជិះទូកមើលថ្ងៃលិច  និងមុជទឹកមើលផ្កាថ្ម។ ក្រៅពីទីតាំងទេសចរណ៍ ក៏មានម្ហូបសមុទ្រនៅផ្សារក្តាម ដែលភ្ញៀវទេចរមិនដែលមើលរំលង។ នេះបើតាម លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ បន្តថា៖ «ខេត្តកែបនៅតែទទួលបានទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាខេត្តដែលតូចជាងគេក៏ដោយ។ ការកើនឡើងនៃចរន្តទេសចរនេះ ដោយសារតែមន្ទីរខេត្ត អាជ្ញាធរ រដ្ឋបាលខេត្ត បានយកចិត្តទុកយ៉ាងខ្លាំង ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងសេវាកម្មម្ហូបអាហារក្នុងខេត្ត។ នៅចុងឆ្នាំ២០២២ ក្រុងកែបចាប់ផ្តើមមានសកម្មភាពឡើងវិញ ហើយចំនួនទេសចរជាតិ និងអន្តរជាតិ កើនឡើងយ៉ាងរហ័សផងដែរ»។

ទេសចរមកកម្សាន្តក្នុងខេត្តកែប
 
យ៉ាងណាមិញ ក្នុងចំណោមតំបន់ជាច្រើនកន្លែងក្នុងខេត្តកែប កោះទន្សាយ ជាកោះជិតជាងគេ ពីក្រុងកែប និងមានទេសចរទៅកម្សាន្តច្រើនជាងគេផងដែរ។ កោះនេះ មានខ្សាច់សក្បុស និងមានទឹកសមុទ្រថ្លាល្អ  ហើយមានជម្រាលសមជាកន្លែងសម្រាប់ហែលកម្សាន្ត។  នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
 
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកែប ក៏បានចុះពង្រឹងគុណភាពសេវាកម្ម និងការគ្រប់គ្រងអនាម័យម្ហូបអាហារផងដែរ ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្តក្នុងខេត្តនេះ កាន់តែច្រើនឡើង៕
 
 

Tag:
 ទេសចរធ្លាក់ចុះ
 ខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com