អន្តរជាតិ
អាស៊ាន៖ កិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដ៏ល្អនៅមីយ៉ាន់ម៉ា
04, Feb 2023 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ានថតជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី និងអគ្គលេខាធិការអាស៊ាន។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសអាស៊ានថតជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី និងអគ្គលេខាធិការអាស៊ាន។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែកុម្ភៈ បានឯកភាពថា កិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយបរិយាប័ន្ន ជាគន្លឹះក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព នៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែកុម្ភៈ។



 
វិបត្តិមីយ៉ាន់ម៉ា នៅតែទ្រឹងជាប់ ខណៈយោធា នៅពេលកន្លងទៅ បានបន្តរយៈពេលដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតំបន់ជាច្រើនថែមទៀត។ 
 
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្រុងហ្សាការតាដែលឥណ្ឌូណេស៊ីជាប្រធានផ្លាស់វេនលើកដំបូងក្នុងឆ្នាំ២០២៣ ប្រធានបទមីយ៉ាន់ម៉ា ជារបៀបវារៈដ៏សំខាន់មួយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអះអាងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានជជែកពីស្ថានភាពនៅមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំអាហារថ្ងៃត្រង់។ 
 
«អំឡុងពេលកិច្ចប្រជុំអាហារថ្ងៃត្រង់ យើងបានពិភាក្សា និងឯកភាពឱ្យមានការជំរុញដំណើរការក្នុងការអនុវត្តការឯកភាព ៥ចំណុច ដែលជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាថ្នាក់ជាតិនៅមីយ៉ាន់ម៉ា»។ ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា កិច្ចពិភាក្សាថ្នាក់ជាតិ ជាគន្លឹះដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ក៏បានដាក់សំណើរបស់ខ្លួនលើការដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ទៅកាន់ប្រមុខការទូតអាស៊ានផង។ សំណើរបស់ឥណ្ឌូណេស៊ី មានដូចជាការភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ដើម្បីឈានដល់កិច្ចពិភាក្សាថ្នាក់ជាតិ, កសាងលក្ខខណ្ឌសមស្រប និងកិច្ចខិតខំប្រកបដោយភាគស៊ីសង្វាក់រវាងអាស៊ាន និងប្រទេសជិតខាង។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ឥណ្ឌូណេស៊ី៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី
  ម៉ាយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com