អន្តរជាតិ
មនុស្សជាង៥០០នាក់ បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី
06, Feb 2023 , 2:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ដែលបានវាយប្រហារនៅភាគខាងត្បូងតួកគី និងភាគខាងជើងស៊ីរី បានបង្កឱ្យអគារជាច្រើនដួលរលំ និងធ្វើឱ្យមនុស្សចំនួនជាង៥០០នាក់ បាត់បង់ជីវិត។ ទន្ទឹមនេះ មនុស្សជាច្រើនរយនាក់ ក៏រងរបួសផងដែរ។

 
ក្នុងពេលទាបភ្លឺ គ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ បានកើតមាននៅភាគខាងត្បូងតួកគី និងភាគខាងជើងស៊ីរី។ ដោយសារកម្រិតរញ្ជួយខ្លាំង វាបានបង្កឱ្យមានការបាក់រលំអគារនៅតំបន់ព្រំដែនប្រទេសទាំងពីរ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារអង្កេតភូមិសាស្រ្តអាម៉េរិក ចំណុចរញ្ជួយបានកើតឡើងនៅតំបន់មួយចម្ងាយ៣៣គីឡូម៉ែត្រពីក្រុង Gaziantep និង២៦គីឡូម៉ែត្រពីក្រុង Nurdagi របស់តួកគី។ 
 
តាមទិន្នន័យដែលផ្តល់ឱ្យចុងក្រោយ អ្នកស្លាប់បានកើនដល់ ៥៦៨នាក់ នៅភាគខាងត្បូងតួកគី និងភាគខាងជើងស៊ីរី។ ទន្ទឹមនេះ មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងគ្រោះមហន្តរាយដ៏ខ្លាំងនេះ។ 
 
ក្រោយមានហេតុការណ៍នេះ ប្រធានាធិបតីតួកគី បានទូរសព្ទទៅកាន់អភិបាលតំបន់ចំនួន ៨ ដែលរងគ្រោះដោយសារមហន្តរាយ ឱ្យប្រមូលព័ត៌មាន និងបង្កើនកិច្ចខិតខំជួយសង្រ្គោះ។ ពេលនេះ ក្រុមជួយសង្រ្គោះ កំពុងខិតខំ ស្វះស្វែងរកមនុស្ស ដែលនៅមានជីវិត និងបុគ្គល ដែលជាប់ក្នុងអគារ៕ 
 

Tag:
 ស៊ីរី
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com