អន្តរជាតិ
សហរដ្ឋ​អាមេរិក​បើកស្ថានទូត​របស់​ខ្លួន​ឡើង​វិញ ​ក្នុង​​កោះ Solomon ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន
06, Feb 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ កប៉ាល់​ចត​នៅ​ឈូងសមុទ្រ​ក្បែរ​រដ្ឋធានី Honiara នៃ​កោះ Solomon កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ សហរដ្ឋ​អាមេរិក​បាន​បើក​ស្ថានទូត​ខ្លួន​នៅ​កោះ Solomon កាលពី​ថ្ងៃទី២ ខែកុម្ភៈ ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង។
រូបឯកសារ៖ កប៉ាល់​ចត​នៅ​ឈូងសមុទ្រ​ក្បែរ​រដ្ឋធានី Honiara នៃ​កោះ Solomon កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ សហរដ្ឋ​អាមេរិក​បាន​បើក​ស្ថានទូត​ខ្លួន​នៅ​កោះ Solomon កាលពី​ថ្ងៃទី២ ខែកុម្ភៈ ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង។
ដោយ: VOA
សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​បើក​ស្ថាន​ទូត​របស់​ខ្លួន​ឡើង​វិញនៅ​ក្នុង​ប្រទេស Solomon Islands បន្ទាប់ពី​អវត្តមានអស់​ប្រមាណ៣០​ឆ្នាំដែល​ជា​ផ្នែក​មួយ​នៃការប្រឹង​ប្រែងដើម្បី​ប្រជែង​នឹងការ​កើន​ឡើង​នូវ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​របស់ប្រទេស​ចិន​ នៅក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិក​ខាង​ត្បូង។ នេះ​បើតាម​សេចក្តីរាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

 
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា «ការបង្កើតឡើង​វិញ​នូវប៉ុស្ត​ការទូត​ជួរ​មុខ​នោះ​ជា​ការបន្ត​នូវការ​តាំងចិត្ត​របស់​យើង ចំពោះ​ប្រជាពលរដ្ឋ​ប្រទេស Solomon Islands និង​ភាព​ជា​ដៃគូ​របស់​យើងនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ»។
 
សហរដ្ឋ​អាមេរិកបាន​បិទ​ស្ថានទូត​របស់​ខ្លួននៅក្នុង​រដ្ឋ​ធានី Honiara នៃ​ប្រទេស Solomon Islands កាល​ពី​ឆ្នាំ១៩៩៣ ក្រោយ​ការបញ្ចប់​សង្គ្រាម​ត្រជាក់​ ដែល​ជា​ការឆ្ពោះ​ទៅ​រកការ​កាត់​បន្ថយ​ប៉ុស្ត​ការ​ទូតនានា​ និងជា​ការផ្លាស់​ប្តូរ​ទៅកាន់​តំបន់​អាទិភាព។
 
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​សញ្ញា​ពី​បំណង​ចង់បើក​ស្ថាន​ទូត​របស់​ខ្លួនក្នុង​ប្រទេស​កោះ​នេះ​ឡើង​វិញ​កាល​ពី​ឆ្នាំ២០២២ នៅ​មុន​ពេល​ប្រទេស​ដែនកោះ​មួយនេះ​បាន​ចុះ​ហត្ថលេខ​លើកិច្ចព្រម​ព្រៀង​សន្តិសុខ​សម្ងាត់​មួយ​ជា​មួយ​ប្រទេស​ចិនកាល​ពី​ឆ្នាំ​២០២២នោះ​ដែរ។ កិច្ច​ព្រមព្រៀង​នោះ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស Solomon លោក​ Manasseh Sogavare និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនោះ​បាន​បង្ក​ឱ្យ​មាន​ការភ័យខ្លាច​ក្នុង​ចំណោម​ប្រទេសមហាអំណាច​លោក​ខាង​លិច ដែល​ថាកោះ Solomon អាច​នឹង​ផ្តល់​មូល​ដ្ឋាន​ថ្មី​មួយដល់​ប្រទេស​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។
 
មន្ត្រី​ការទូត​អាមេរិក​លោក Russell Corneau ដែល​ជា​តំណាង​បណ្តោះ​អាសន្ន​ឱ្យ​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋធានី Honiara បាន​ថ្លែងក្នុង​ពិធីបើក​ស្ថាន​ទូត​អាមេរិកឡើង​វិញ​ថា «ស្ថានទូត​នឹងដើរ​តួ​ជា​វេទិកា​ដ៏​សំខាន់មួយរវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និងរដ្ឋាភិបាល​ប្រទេស Solomon។
 
អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ស្រី Mao Ning បាន​និយាយកាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ រដ្ឋាភិបាល​ក្រុងប៉េកាំង​ មាន​ឆន្ទៈ​ធ្វើការជាមួយ​គ្រប់ភាគី​ទាំង​អស់​ដើម្បី​ជួយ​អភិវឌ្ឍប្រទេស​ដែន​កោះមួយ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com