អន្តរជាតិ
រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី៖ ជាប្រទេសតូច សិង្ហបុរីត្រូវមានជំហរច្បាស់លាស់
06, Feb 2023 , 9:29 pm        
រូបភាព
លោក K Shanmugam រដ្ឋមន្រ្តីមហាផ្ទៃ និងយុត្តិធម៌សិង្ហបុរី។ រូបភាព AFP
លោក K Shanmugam រដ្ឋមន្រ្តីមហាផ្ទៃ និងយុត្តិធម៌សិង្ហបុរី។ រូបភាព AFP
រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី លោក K Shanmugam នៅថ្ងៃទី៥ ខែកុម្ភៈ បានលើកឡើងថា ខណៈស្ថានភាពពិភពលោក ស្ថិតក្នុងបញ្ហាប្រឈម និងមិនប្រាកដប្រជា សិង្ហបុរី ដែលជារដ្ឋតូច ត្រូវមានភាពច្បាស់លាស់ចំពោះគោលការណ៍ និងដាក់ផលប្រយោជន៍របស់ខ្លួននៅពីមុខជានិច្ច។ បើតាមរដ្ឋមន្រ្តីមហាផ្ទៃរូបនេះ សិង្ហបុរី មិនអនុញ្ញាតឱ្យប្រទេសណាមួយបញ្ជាខ្លួនឡើយ។

 
ពិភពលោក កំពុងស្ថិតក្នុងបញ្ហាប្រឈមជាច្រើន ដូចជាសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងរវាងអាម៉េរិក-ចិន និងការការពារនិយមជាដើម។ ស្របពេលពិភពលោក មិនប្រាកដប្រជាបែបនេះ លោក K Shanmugam រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី បានជំរុញឱ្យសិង្ហបុរី ដាក់ផលប្រយោជន៍របស់ខ្លួននៅមុខគេ។ 
 
«ជារដ្ឋតូច យើងត្រូវតែច្បាស់លាស់ចំពោះគោលការណ៍របស់យើង។ យើងត្រូវតែដាក់ផលប្រយោជន៍សិង្ហបុរីនៅពីមុខ និងមិនត្រូវភ័យខ្លាចឡើយ ក្នុងការគោរពតាម»។ លោក K Shanmugam ដែលជារដ្ឋមន្រ្តីយុត្តិធម៌ផងនោះ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធី Singapore Hokkien Huay Kuan Spring Reception រៀបចំនៅថ្ងៃទី៥ ខែកុម្ភៈ។ 
 
រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ បានបន្តថា សិង្ហបុរី​ត្រូវប្រកាន់គោលការណ៍ និងតួនាទីរបស់ខ្លួនដោយឋិតថេរ មិនប្រកាន់បក្សពួក មិនរងឥទ្ធិពល និងអនុញ្ញាតឱ្យប្រទេសធំ ឬតូចណាមួយ បញ្ជាសិង្ហបុរីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Today Online។ 
 
លោក K Shanmugam អះអាងថា ប្រទេសធំៗជាច្រើន ត្រូវការចូលរួម ឬភ្ជាប់ទំនាក់ទំនងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរក្សាតុល្យភាពនៃអំណាច។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីមហាផ្ទៃបានបង្ហាញថា វាជាហេតុផលដែលសិង្ហបុរីមានទំនាក់ទំនងដ៏សំខាន់ជាមួយអាម៉េរិក ចិន និងអឺរ៉ុប។ 
 
សិង្ហបុរី ជាប្រទេសមួយដែលគាំទ្រសេដ្ឋកិច្ច យោធា និងសន្តិសុខអាម៉េរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាដៃគូពាណិជ្ជកម្មដ៏ធំ និងមានគម្រោងអភិវឌ្ឍជាច្រើនជាមួយចិន។ លើសពីនេះ សិង្ហបុរីមានទំនាក់ទំនងដ៏រឹងមាំជាមួយអឺរ៉ុប តាមរយៈការសម្ពាធនាវាមុជទឹក ក្នុងដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ នាពេលកន្លងមកផង។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីយុត្តិធម៌សិង្ហបុរីរូបនេះ បានថ្លែងថា​ ពេលខ្លះ នយោបាយដែលសិង្ហបុរីអនុវត្តហាក់មានភាពទន់ទោរនឹងប្រទេសផ្សេង ប៉ុន្តែការពិត វាជាគោលនយោបាយដើម្បីតែសិង្ហបុរីប៉ុណ្ណោះ។ 
 
គួររំឭកថា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង ក្នុងឆ្នាំ២០២២កន្លងទៅ បានបញ្ជាក់ថា សិង្ហបុរី មិនបានជ្រើសយកភាគីអាម៉េរិក ហើយរិះគន់រុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែនេះជាគោលការណ៍ និងជំហររបស់សិង្ហបុរី ដែលជឿថា អធិបតេយ្យ បូរណភាពដែនដីនៃប្រទេសទាំងអស់ មិនថាធំឬតូច គួរតែត្រូវបានគោរព៕ 
 

Tag:
 សិង្ហបុរី
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com