អន្តរជាតិ
ប្រទេស៤០ប្រកាសផ្តល់ជំនួយទៅតួកគី និងស៊ីរី ខណៈអ្នកស្លាប់ក្នុងរញ្ជួយដីកើនដល់៤ពាន់នាក់
07, Feb 2023 , 9:59 am        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះ បានស្វះស្វែងជួយមនុស្ស នៅក្នុងប្រទេសតួកគី។ រូបភាព AFP
ក្រុមអ្នកជួយសង្រ្គោះ បានស្វះស្វែងជួយមនុស្ស នៅក្នុងប្រទេសតួកគី។ រូបភាព AFP
ក្រុមអ្នកជួយសង្រ្គោះ នៅតែបន្តស្វះស្វែងជួយសង្រ្គោះមនុស្សកប់នៅក្នុងគំនរបំណែកអគារ ដែលបាក់រលំ ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ។ តាមការផ្តល់ទិន្នន័យចុងក្រោយ អ្នកស្លាប់ បានកើនដល់ច្រើនជាង៤ពាន់នាក់ ខណៈអ្នកជួយសង្រ្គោះបារម្ភថា ចំនួននេះអាចបន្តកើនឡើង។

 
គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភាគខាងត្បូងតួកគី និងភាគខាងជើងស៊ីរី ក្នុងថ្ងៃទី៥ ខែកុម្ភៈ។ ក្រោយគ្រោះមហន្តរាយនេះ ក្រុមអ្នកជួយសង្រ្គោះ បានប្រញាប់ដៃប្រញាប់ជើង ដើម្បីជួយសង្រ្គោះ ដែលកប់ក្នុងគំនរបាក់បាក់រលំនៃអគារ។ 
 
មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៤ពាន់នាក់ ខណៈអ្នករបួសមានជាច្រើនពាន់នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ្នករបួសនៅក្នុងខេត្តចំនួន១០ របស់តួកគី មានជាង១ម៉ឺននាក់ឯណោះ ហើយនៅស៊ីរីមានអ្នករបួសផ្សេងទៀត។ 
 
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៧ថ្ងៃ និងទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដងនៅទូទាំងប្រទេស និងតាមស្ថានបេសកកម្មរបស់ខ្លួន។ 
 
ស្របគ្នានេះ មេដឹកនាំបណ្តាប្រទេសជាច្រើនដូចជាចិន អាម៉េរិក និងឥណ្ឌាជាដើម បានផ្ញើសារចូលរួមរំលែកទុក្ខតួកគី។ មិនតែប៉ុណ្ណោះ ប្រទេសចំនួន ៤០ រួមទាំងសហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយមនុស្សធម៌ និងអ្នកជំនាញទៅតួកគី និងស៊ីរី ដើម្បីបង្កើនកិច្ចខិតខំជួយសង្រ្គោះមនុស្ស។ 
 
មិនត្រឹមតែធ្វើឱ្យមនុស្សបាត់បង់ជីវិត និងរបួសច្រើននោះទេ គ្រោះរញ្ជួយដី បានធ្វើឱ្យមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតក្នុងប្រទេសទាំងពីរ គ្មានកន្លែងស្នាក់នៅ ស្របពេលដែលអាកាសធាតុត្រជាក់នៅពេលយប់។ នៅក្នុងក្រុង Gaziantep របស់តួកគី ប្រជាជនបានយកកន្លែងលក់ទំនិញ កីឡាដ្ឋាន ព្រះវិហារ និងមជ្ឈមណ្ឌលសហគមន៍ ជាកន្លែងស្នាក់នៅបណ្តោះអាសន្ន។ 
 
តាមការបញ្ជាក់របស់អាជ្ញាធរតួកគី អគារចំនួន ៥ ៦០០ខ្នង ត្រូវបានបំផ្លាញ ខណៈមន្ទីរពេទ្យនៅតួកគីនៅភាគខាងត្បូងតួកគី ក៏មានការខូតខាតផង។ ចំណែកអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានអះអាងថា អគារចំនួន ២២៤ខ្នង នៅស៊ីរី ត្រូវបានបំផ្លាញ ហើយអគារ៣២៥ខ្នង មានការខូតខាត៕ 
 

Tag:
 តួកគី
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com