អន្តរជាតិ
តៃវ៉ាន់ នឹងពន្លឿនការអភិវឌ្ឍដ្រូនសម្រាប់យោធា ដោយទាញមេរៀនពីសង្រ្គាមនៅអ៊ុយក្រែន
07, Feb 2023 , 8:29 pm        
រូបភាព
ដ្រូនរបស់តៃវ៉ាន់។ រូបភាព AFP
ដ្រូនរបស់តៃវ៉ាន់។ រូបភាព AFP
តៃវ៉ាន់ នឹងពន្លឿនការអភិវឌ្ឍដ្រូនសម្រាប់ការប្រើប្រាស់នៅក្នុងយោធា ដោយទាញមេរៀនពីសង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងពីសំណាក់សត្រូវ។ ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៧ ខែកុម្ភៈ។

 
ដ្រូន ត្រូវបានចាត់ទុកជាអាវុធដ៏សំខាន់មួយនៅក្នុងសង្រ្គាមសម័យទំនើប។ ប្រទេសធំៗ តែងប្រើប្រាស់ដ្រូន ដើម្បីស៊ើបការណ៍ និងវាយប្រហារសត្រូវជាដើម។ សូម្បីតែសង្រ្គាមនៅអ៊ុយក្រែន រុស្ស៊ីក៏បានប្រើប្រាស់ដ្រូន ដើម្បីវាយប្រហារសត្រូវផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈថា រដ្ឋាភិបាលក្រុងតៃប៉ិ នឹងពន្លឿនការអភិវឌ្ឍ និងផលិតកម្មដ្រូន។ ការអះអាងបែបនេះ ធ្វើឡើងស្របពេលក្រុងតៃប៉ិរងការគំរាមកំហែងពីសំណាក់យោធាក្រុងប៉េកាំងស្រាប់។ 
 
«ក្រសួងការពារជាតិ កំពុងពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មលើដ្រូនជាច្រើនប្រភេទ»។ លោក Sun Li-fang បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការអភិវឌ្ឍលើវិស័យមួយនេះ គឺដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់សត្រូវក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទាញមេរៀនពីការប្រើប្រាស់ដ្រូន នៅក្នុងសង្រ្គាមអ៊ុយក្រែន។ 
 
បើទោះមិនបានបញ្ជាក់ពីការគំរាមកំហែងរបស់សត្រូវណាមួយ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ទំនងសំដៅដល់ក្រុងប៉េកាំង ដែលតែងគំរាមដែនកោះរបស់ខ្លួន តាមរយៈសកម្មភាពយោធា និងបញ្ជូនយន្តហោះចម្បាំងចូលដែនអាកាសតៃវ៉ាន់ ឬហោះឆ្លងបន្ទាត់ពុះចែករវាងចិន និងតៃវ៉ាន់ជាដើម។ 
 
ក្នុងការអភិវឌ្ឍដ្រូននេះ វិទ្យាស្ថានជាតិសម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Chung-Shan ជាស្ថាប័នដឹកនាំការស្រាវជ្រាវ ដោយរួមបញ្ចូលទាំងក្រុមហ៊ុនឯកជនផ្សេងផង។ បើតាមប្រធានផ្នែកស្រាវជ្រាវប្រព័ន្ធសម្រាប់ហោះហើរ ការអភិវឌ្ឍដ្រូននេះ គឺសម្រាប់យោធា និងអង្កេតពីទីតាំងរបស់សត្រូវ។ 
 
គួររំឭកថា នៅក្នុងរបាយការណ៍ដាក់ទៅកាន់សភានៅឆ្នាំមុន វិទ្យាស្ថានជាតិសម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Chung-Shan បានដាក់ចេញគម្រោងជុំវិញការអភិវឌ្ឍមីស៊ីល និងដ្រូន ខណៈក្រសួងការពារជាតិ បានប្រកាសផែនការផលិតដ្រូនសម្រាប់វាយប្រហារ៕
 

Tag:
 តៃវ៉ាន់
  ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com