អន្តរជាតិ
លោកប្រាយុទ្ធ ជឿជាក់ថា ថៃនឹងទទួលភ្ញៀវទេសចរច្រើនជាង៣០លាននាក់ក្នុងឆ្នាំ២០២៣
07, Feb 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៧ ខែកុម្ភៈ បានបង្ហាញក្តីជឿជាក់ថា ភ្ញៀវទេសចរច្រើនជាង៣០លាននាក់ នឹងមកដល់ថៃ នៅក្នុងឆ្នាំ២០២៣ ក្រោយពីចិនបានអនុញ្ញាតឱ្យប្រជាជនខ្លួនចេញទៅក្រៅប្រទេសឡើងវិញ។

 
នៅក្នុងឆ្នាំ២០២៣ ចិនបានអនុញ្ញាតឱ្យប្រជាជនចាកចេញពីប្រទេសឡើងវិញ ក្រោយរឹតត្បិតចាប់តាំងពីឆ្នាំ២០២០មក ដោយសារជំងឺកូវីដ-១៩។ ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ជឿថា ថៃនឹងទទួលភ្ញៀវទេសចរណ៍ជាច្រើនលាននាក់ ក្នុងឆ្នាំ២០២៣។
 
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៧ ខែកុម្ភៈ លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងថា លោកនាយករដ្ឋមន្រ្តីថៃ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធជួយសម្រួល និងការពារសុវត្ថិភាពរបស់អ្នកដំណើរ។
 
«ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ជឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកើនលើស ៣០លាននាក់»។ លោក Anucha បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដំបូងឡើយ រដ្ឋាភិបាលថៃបានរំពឹងថា ខ្លួននឹងទទួលភ្ញៀវទេសចរច្រើនជាង២០លាននាក់ក្នុងឆ្នាំនេះ ប៉ុន្តែតួលេខនោះ​ ត្រូវបានដំឡើងដល់ ២៨លាននាក់។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ពីសម្តីរបស់លោកប្រាយុទ្ធថា វិស័យទេសចរណ៍កំពុងតែងើបឡើងវិញ ជាមួយសញ្ញាវិជ្ជមាន។ មិនត្រឹមតែប្រាប់ឱ្យមន្រ្តីខ្លួនទទួលអ្នកដំណើរឱ្យបានល្អនោះទេ លោកនាយករដ្ឋមន្រ្តីក៏បានទទូចឱ្យគិតគូពីបញ្ហាសុខភាពជាមុនផង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
សូមបញ្ជាក់ថា ថៃជាប្រទេសមួយនៃគោលដៅទេសចរណ៍អន្តរជាតិ ហើយជនជាតិចិនភាគច្រើន បានមើលឃើញប្រទេសអាស៊ីអាគ្នេយ៍ជាគោលដៅទេសចរណ៍របស់ខ្លួន នៅក្នុងឆ្នាំ២០២៣៕ 
 

Tag:
 ថៃ
  ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com