អន្តរជាតិ
អ្នកស្លាប់នៅតួកគី និងស៊ីរី កើនលើស៧ពាន់នាក់ ខណៈ WHO បារម្ភអ្នកស្លាប់អាចកើនដល់២ម៉ឺននាក់
08, Feb 2023 , 10:59 am        
រូបភាព
រញ្ជួយដីនៅតួកគី បានបំផ្លាញអគារជាច្រើន។ រូបភាព AFP
រញ្ជួយដីនៅតួកគី បានបំផ្លាញអគារជាច្រើន។ រូបភាព AFP
គិតត្រឹមល្ងាចថ្ងៃទី៧ ខែកុម្ភៈ អ្នកស្លាប់នៅតួកគី និងស៊ីរី បានហក់ឡើងដល់ច្រើនជាង ៧៧០០នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ នៅតែបារម្ភថា អ្នកស្លាប់អាចនឹងបន្តកើនឡើងទៀត។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចកើនដល់ ២ម៉ឺននាក់។


 
ក្នុងរយៈពេលពីរថ្ងៃក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ក្រុមអ្នកជួយសង្រ្គោះ នៅតែសស្រាក់ ដើម្បីស្វះស្វែងរកអ្នកមានជីវិត ដែលកប់នៅក្នុងគំនរបាក់បែកអគារ។ តាមសេចក្តីរាយការណ៍ចុងក្រោយ អ្នកស្លាប់នៅតួកគី និងស៊ីរី បានកើនដល់លើស ៧៨០០នាក់ ដោយនៅតួកគីមានជិត៦ពាន់នាក់ និងស៊ីរីជិត ២ពាន់នាក់។ យ៉ាងណាមិញ ក្រុមអ្នកជួយសង្រ្គោះ នៅតែបារម្ភថា ទិន្នន័យនេះ នឹងបន្តកើនឡើងទៀត។ 
 
អង្គការសុខភាពពិភពលោក បានព្រួយបារម្ភថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសទាំងពីរ អាចនឹងកើនដល់ ២ម៉ឺននាក់ឯណោះ។ 
 
ក្នុងហេតុការណ៍នៅតួកគី និងស៊ីរីនេះ ប្រទេសជាច្រើនរួមទាំងអាស៊ានផង បានចូលរួមរំលែកទុក្ខ ខណៈប្រទេសមួយចំនួន បានប្រកាសផ្តល់ជំនួយ និងបញ្ជូនអ្នកជំនាញ ទៅជួយសង្រ្គោះប្រជាជន ដែលកប់ក្នុងគំនរអគារដួលរលំ។ 
 
ក្រុមជួយសង្រ្គោះទៅពីប្រទេសនានាមានចិន និងកូរ៉េខាងត្បូងជាដើម បានទៅដល់ និងកំពុងធ្វើដំណើរទៅកាន់ទីតាំងរញ្ជួយដីនៅតួកគី និងស៊ីរី។
 
ស្របពេលប្រជាជនមួយចំនួននៅស៊ីរី កំពុងមានបញ្ហាលំបាក អង្គការសហប្រជាជាតិ កំពុងស្វះស្វែងរកផ្លូវ ឆ្ពោះទៅកន្លែងមានគ្រោះរញ្ជួយដី ដើម្បីផ្តល់ជំនួយឱ្យប្រជាជន។ តំបន់មានគ្រោះរញ្ជួយដីនៅស៊ីរី ជាតំបន់មួយ ដែលប្រឈមនឹងសង្រ្គាមស៊ីវិលប្រមាណ ១២ឆ្នាំ។ ដោយមានបញ្ហាលំបាកបែបនេះ កាកបាទក្រហមស៊ីរី បានអំពាវនាវឱ្យប្រទេសលោកខាងលិចលើកចោលទណ្ឌកម្ម ដែលដាក់លើរដ្ឋាភិបាលលោក Bashar al-Assad និងផ្តល់ជំនួយទៅតំបន់ភាគខាងជើងស៊ីរី ។
 
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានអះអាងថា ផ្លូវឆ្ពោះទៅព្រំដែន Bab al-Hawa ដែលឆ្លងពីតួកគី ត្រូវបានបំផ្លាញរួចហើយ ដែលវាពិបាកក្នុងការដឹកជញ្ជូនជំនួយ។ ច្រកដែន Bab al-Hawa ជាផ្លូវតែមួយគត់ ដែលជំនួយអង្គការសហប្រជាជាតិ ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ទន្ទឹមនេះ ក្រុមអ្នកជួយសង្រ្គោះ ក៏ជួបបញ្ហាលំបាកផងដែរ ដោយសារវាមានអាកាសធាតុត្រជាក់ និងមានធ្លាក់ព្រឹលថែមទៀត។ ប្រជាជនមួយចំនួន ដែលមានផ្ទះសម្បែរត្រូវបានបំផ្លាញ បានជ្រើសយកព្រះវិហារ សាលារៀន ឬសូម្បីរថយន្តក្រុង ដើម្បីជាកន្លែងជ្រក៕
 

Tag:
 តួកគី
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com