ភ្នំពេញ៖ បំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា កើនដល់ ៥៦,១ ពាន់ដុល្លារអាម៉េរិក ឬស្មើនឹងជិត១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។ ក្នុងចំណោមបំណុលនេះ មានប្រមាណ៣ភាគរយ គឺជាឥណទានមិនដំណើរការ ដែលអត្រានេះគិតនៅត្រឹមដំណាច់ឆ្នាំ២០២២។
កម្ចី ឬ បំណុលក្នុងប្រព័ន្ធធនាគារដែលមិនដំណើរការនៅទូទាំងប្រទេស គឺមាន ១ ៦៨៣លានដុល្លារអាម៉េរិក។ បើតាមលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដ្បិតឥណទានទាំងជាង ១ ៦០០លានដុល្លារនេះ មិនដំណើរការ ប៉ុន្តែវាមិនមែនជាឥណទានស្អុយ ឬ ជាឥណទានមិនអាចទារមកវិញទេ។ មានន័យថា ឥណទានមិនដំណើរការទាំងនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅតែមានលទ្ធភាពទារមកវិញបាន គ្រាន់តែស្ថិតក្នុងរយៈពេលណាមួយ ដែលលើសពីការកំណត់នៃកិច្ចសន្យា រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន។
«ឥណទានមិនដំណើរការទាំងអស់នេះ គឺជាឥណទានដែលអតិថិជនយឺតយ៉ាវ ក្នុងការបង់ត្រឡប់មកវិញ លើសពី៣០ថ្ងៃ»។ លោក សុខ វឿន បញ្ជាក់បែបនេះ ក្នុងសន្នីសិទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នាថ្ងៃទី៧កុម្ភៈ។ លោកបន្តយ៉ាងដូច្នេះ៖ «អ្នកខ្លះ យឺតយ៉ាវបង់៦០ថ្ងៃ, អ្នកខ្លះយឺត៩០ថ្ងៃ, អ្នកខ្លះយឺត១៨០ថ្ងៃ និងអ្នកខ្លះយឺត៣៦០ថ្ងៃ តែមិនមានន័យថា ទំហំឥណទានមិនដំណើរការជាង ១ ៦០០លានដុល្លារ នោះជាឥណទានស្អុយទេ! »។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងសន្នីសិទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន
លោក សុខ វឿន បន្តពន្យល់ថា សម្រាប់ឥណទានមិនដំណើរការចំនួន៣ភាគរយ ក្នុងឆ្នាំ២០២២ ជាទំហំដែលកើនត្រឹម ០,៥ភាគរយ ប៉ុណ្ណោះពីឆ្នាំ២០២១។ ពោលនេះមិនមែនជាអត្រាហក់ឡើងភ្លាម ដល់៣ភាគរយក្នុងមួយឆ្នាំ ដែលបង្កជាហានិភ័យ ឬ ក្តីបារម្ភទៅលើទំហំបំណុលឯកជនសរុបក្នុងប្រព័ន្ធធនាគារទាំងមូលឡើយ។
ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ក្នុងចំណោមឥណទានសរុប នៅគ្រឹះស្ថានធនាគារដែលមាន ៤៦ ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣ភាគរយ ជាឥណទានមិនដំណើរការ ខណៈនៅគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុមាន ២,៦ ភាគរយ នៃទំហំឥណទាន ៩,៧ ពាន់លានដុល្លារ។ លោកបញ្ជាក់ថា៖ «ចំនួនឥណទានមិនដំណើរការនេះ បើធៀបនឹងឆ្នាំ២០២១ គឺវាឡើងបន្តិច ប៉ុន្តែវាមិនមែនដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបានទេ!»។
លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងសន្នីសិទកាសែតស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន
បើតាមអនុប្រធានសមាគមធនាគារនៅកម្ពុជារូបនេះ បើទោះបីឥណទានមិនដំណើរការបានកើនឡើងក៏ដោយ ប៉ុន្តែវាស្ថិតក្នុងភាពល្អនៅឡើយ ធៀបនឹងស្ថានភាពប្រតិបត្តិការជាក់ស្តែងនៃឥណទានមានដល់ ៥៦,១ពាន់លានដុល្លារ ក្នុងប្រព័ន្ធធនាគារទាំងមូល។ លោក សោភ័ណ្ឌ បានបន្ថែមថា ការកើនឡើងឥណទានមិនដំណើការនេះ គឺដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩, អតិផរណា ការដំឡើងការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក រួមទាំងសម្ពាធសេដ្ឋកិច្ច និងសង្គមនានា ដែលបណ្តាលមកពីសង្រា្គមនៅអ៊ុយក្រែនជាដើម នារយៈពេល៣ឆ្នាំចុងក្រោយមកនេះ។
ពាក់ព័ន្ធនឹងកំណើននៃបំណុលឯកជនក្នុងប្រព័ន្ធធនគារ ដែលមានដល់ ៥៦,១ពាន់លានដុល្លារ ស្មើនឹង ១៨០ ភាគរយនៃ GDP កន្លងមកនេះ មន្ត្រីជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញក្តីបារម្ភ ចំពោះហានិភ័យលើវិស័យសំខាន់មួយចំនួនដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៣ ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា៖«កំណើននៃបំណុលឯកជននេះ គឺមានមុខពីរ។ «ម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀត បង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសវិស័យសំណង់ និង អចលនទ្រព្យ»។
ជុំវិញក្តីបារម្ភនេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្រិតបំណុលឯកជនក្នុងប្រព័ន្ធធនាគារ មានឬមិនមានហានិភ័យ គឺផ្អែកលើសូចនាករច្រើន។ ប៉ុន្តែនៅក្នុងនោះ មានសូចនាករសំខាន់ចំនួន៣ ដែលធនាគារជាតិ បានតាមដាន និងពិនិត្យមើលជាប្រចាំ។
បើតាមលោកស្រី ជា សិរី សូចនាករទីមួយ៖ គឺការពិនិត្យមើលល្បឿន នៃកំណើនបំណុល។ លោកស្រី បានពន្យល់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មករា យ៉ាងដូច្នេះ៖ «បើសិនកំណើន [បំណុលឯកជន] ឡើងពី ៥០ ភាគរយ ហក់ដល់១៨០ភាគរយភ្លាម! នោះជាចំណុចគួរតែភ័យ»។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។
សម្រាប់សូចនាករទីពីរ៖ ការពិនិត្យមើលគុណភាពឥណទាន ថាតើគុណភាពឥណទាននោះវាល្អ ឬអាក្រក់? និងសូចនាករសំខាន់ទីបី៖ គឺពិនិត្យលើការធ្វើពិពិធកម្មឥណទាន របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ថាតើលើឥណទាននៃប្រព័ន្ធធនាគារ បានផ្តល់ឱ្យទៅលើវិស័យអ្វីខ្លះ ក្នុងសេដ្ឋកិច្ចជាតិ? តែយ៉ាងណាអ្នកស្រី ជា សិរី មិនលម្អិតឱ្យច្បាស់នោះឡើយ ពីសូចនាករទាំងនេះ។
ធនាគារជាតិ បានបញ្ជាក់ថា ក្នុងចំណោមបំណុលឯកជនក្នុងប្រព័ន្ធធនាគារសរុប គឺមាន៤៦ពាន់លានដុល្លារ នៅគ្រឹះស្ថានធនាគារ កើន១៩,៣ភាគរយ និងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៩,៧ពាន់ដុល្លារ កើនក្នុងអត្រា ២៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ ការកើនឡើងនូវបំណុលឯកជននេះ ដោយសារការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។
បំណុលឯកជន នៅតាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិ នៅប្រព័ន្ធធនាគារ គឺមានការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន១៤ភាគរយ, ការជួញដូរអចលនទ្រព្យ ចំនួន៩ភាគរយ, សំណង់ ចំនួន៩ភាគរយ, ការជួញដូររាយមាន ១៦ភាគរយ, ការជួញដូរធំ មាន១០ភាគរយ, កសិកម្មមាន ៨ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន ១០ភាគរយ, កម្មន្តសាលមាន ៤ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤ភាគរយ, គ្រឹះស្ថានហិរញ្ញវត្ថុមាន ៤ភាគរយ និងសេវាមិនមែនធនាគារ និងហិរញ្ញវត្ថុផ្សេងៗមាន ៥ភាគរយ។ នេះបើតាមធនាគារជាតិ៕