ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ កំពុងសិក្សាចុះបញ្ជី«ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
11, Feb 2023 , 3:30 pm        
រូបភាព
(រាប់ពីឆ្វេង) លោក សុក សារ៉ង អ្នកជំនាញរៀបចំនូវផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ  និងជាអគ្គនាយកក្រុមហ៊ុន  CamCert Consulting, លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង និង លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា រួមនឹងលោក Peter Damary ជំនាញការអន្តរជាតិនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ រូបថត៖ រដ្ឋបាលខេត្តកោះកុង
(រាប់ពីឆ្វេង) លោក សុក សារ៉ង អ្នកជំនាញរៀបចំនូវផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ និងជាអគ្គនាយកក្រុមហ៊ុន CamCert Consulting, លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង និង លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា រួមនឹងលោក Peter Damary ជំនាញការអន្តរជាតិនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ រូបថត៖ រដ្ឋបាលខេត្តកោះកុង
អ្នកជំនាញខាងកម្មសិទ្ធិបញ្ញាចាប់ផ្តើមសិក្សានិងប្រមូលធាតុចូលនានា ក្នុងបញ្ជី«ក្តាមថ្មកោះកុង» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)។  ការសិក្សានេះ​ ត្រូវបានគាំទ្រជំនួយបច្ចេកទេសដោយអង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក(WIPO)។

 
«ក្តាមថ្មកោះកុង» ពីតំបន់ការពារធម្មជាតិព្រៃកោងកាង កំពុងស្ថិតដំណាក់កាលសិក្សានៃការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ អ្នកជំនាញពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ចាប់ផ្តើមវាយតម្លៃនិងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្ត​កិច្ចការងារនេះ។  
 
នាថ្ងៃទី៨កុម្ភៈ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំ​​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ទស្សនទាន​អត្ថប្រយោជន៍ និង​នីតិវិធី​នៃការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ«ក្តាមថ្ម​កោះកុង» ក្រោមវត្តមាន លោក ឈេង សុវណ្ណដា អភិបាលរង​ខេត្ត​កោះកុង, លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា រួមនឹងលោក Peter Damary ជំនាញការ​អន្តរជាតិនៃ​WIPO​។ នេះ​បើតាម​រដ្ឋបាល​ខេត្ត​កោះកុង។
 
លោក ឈេង សុវណ្ណដា បានលើកឡើងថាខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គារ មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម រួមទាំងផលិតផលសក្តានុពលពីវិស័យកសិកម្ម ផងដែរ។ ក្នុងនោះមាន ម្រេច ទុរេន សាវម៉ាវ ផ្លែចេក ទឹកឃ្មុំតំបន់ឆ្នេរ ។ល។ 
 
លោកបានបញ្ជាក់ថា ក្នុងចំណោមផលិតផលទាំងនេះ គឺមានផលិតផលមួយចំនួន ត្រូវបានដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយរបស់ខេត្ត និងត្រូវបានដាក់លក់លើទីផ្សារនៅភ្នំពេញ និងប្រទេសថៃ។​
 
បើតាមលោក សុវណ្ណដា​ ដ្បិតផលនេសាទ និងកសិកម្មទាំងនោះត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុក និងប្រទេសជាប់ព្រំដែនក្តី ប៉ុន្តែអ្នកទិញ ឬអ្នកប្រើប្រាស់ភាគច្រើនមិនទាន់ដឹងពីផលិតផលនោះ មានប្រភពមកពីខេត្តកោះកុងឡើយ។ «នេះជាមូលហេតុ មួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលធ្វើឲ្យអ្នកផលិត និងប្រជាកសិកររបស់យើង មិនទាន់អាចលក់ផលិតផលរបស់ពួកគាត់បានថ្លៃ ខណៈផលិតផលរបស់ពួកគាត់មានគុណភាពមិនចាញ់ផលិតផលមកពីខេត្តផ្សេង ឬប្រទេសជិតខាងនោះឡើយ»។ នេះជាការបញ្ជាក់របស់លោកអភិបាលរងខេត្តកោះកុង។ 
 
ដើម្បីដោះស្រាយបញ្ហានេះ​ រដ្ឋបាលខេត្ត និងក្រសួងពាណិជ្ជកម្ម តាមរយៈមន្ទីរពាណិជ្ជកម្មខេត្ត បានផ្សព្វផ្សាយដល់ផលិតករឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរ ដោយការវេចខ្ចប់ប្រកបដោយអនាម័យ, ការដាក់ស្លាកស្របតាមបទដ្ឋានបច្ចេកទេសផលិតផល និងតម្លៃដែលប្រកបដោយភាពប្រកួតប្រជែងនៅលើទីផ្សារ។  
លោក សុវណ្ណដា​ បាននិយាយដូច្នេះ៖ «យើងបានធ្វើការមួយកម្រិតទៀត ក្នុងការត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ក្ដាមថ្មកោះកុង»។ ខេត្តកោះកុង នឹងមានមោទកភាពក្រៃលែង ប្រសិនណាបើមានផលិតផលរបស់ខេត្តអាចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងមានឈ្មោះល្បីប្រកបដោយភាជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ»។
 
ពាក់ព័ន្ធនឹង «ក្តាមថ្មកោះកុង»នេះ លោក សាលីប ហ្វារីន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី១០កុម្ភៈថា ​ បច្ចុប្បន្នក្រុមអ្នកជំនាញខាងកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កំពុងសិក្សានិងប្រមូលព័ត៌មានពីអ្នកនេសាទអ្នកលក់ និងសហគមន៍ សម្រាប់ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។  បើតាមលោក ហ្វារីន ដើម្បីសម្រេចនូវកិច្ចការងារនេះ គឺត្រូវទាមទាររយៈមធ្យមណាមួយក្នុងការរៀបចំនីតិវិធីឱ្យត្រឹមត្រូវ។ 
លោក សង្ឃឹមខ្ពស់ថា​៖«ក្តាមថ្មកោះកុង នឹងត្រូវបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រោះក្តាមយើងមានរសជាតិឆ្ងាញ់។ ហើយលក្ខណៈពិសេសរបស់យើងគឺការនេសាទតាមបែបប្រពៃណី ដូចជាដាក់លប,​ ការជីករក  និងការចូលរួមអភិរក្សពីអ្នកនេសាទក្នុងរដូវក្តាមពងកូនជាដើម»។​
 
​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ២០២២ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៣ របស់​ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញថា មាន​ផលិតផល​ក្នុងស្រុក​ចំនួន ៤ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ។ ក្នុងនោះ​ មានផលិតផល​៣ ស្ថិតក្នុង​ដំណាក់កាល​បញ្ចប់​ការរៀបចំ ខណៈមួយទៀតជា«​ក្ដាមថ្ម​កោះកុង​»នោះ គឺ ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្ដើម​រៀបចំ​ចុះបញ្ជី។
 
​​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ផលិតផល ៣ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការបញ្ចប់​ការរៀបចំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ គឺមាន អំបិល​កំពត​កែប​, ​បង្កង​តាកែវ​ និង ​ទឹកត្រី​កំពត​កែប៕ 
 

Tag:
 ក្តាមថ្មកោះកុង
  GI
© រក្សាសិទ្ធិដោយ thmeythmey.com