មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និងអ្នកសារព័ត៌មានមួយចំនួន បានបង្ហាញក្តីមិនពេញចិត្តចំពោះលោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីមួយរូបនៅកម្ពុជា ដែលជេរប្រមាថលើអ្នកកាសែតស្រី នៅស្ថាប័ន VOD។ ពួកគេចាត់ទុកពាក្យសម្ដីលោក ផែង វណ្ណៈ ដើរផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលតែងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តី។
ថ្ងៃទី១១ខែកុម្ភៈ លោក ផែង វណ្ណៈ បានសរសេររិះគន់ស្ត្រីអ្នកសារព័ត៌មានVOD ជាមួយនឹងខ្លឹមសារបន្ទាបតម្លៃស្ត្រី បន្ទាប់ពីបានរាយការណ៍និងចេញផ្សាយអត្ថបទក្រោមចំណង់ជើងថា៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
ការបញ្ចេញមតិផ្ទាល់របស់លោក ផែង វណ្ណៈ បានប្រមាថដល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានស្រ្តី VOD យ៉ាងដូច្នេះ៖ «ចរិកថោកទាប ដូចនាងអាណាយកធ្វើប្រពន្ធងាប់ហើយ។ ឈប់បានឈប់ទៅ កុំព្រោះតែបានប្រាក់ខែបរទេសហ៊ានក្បត់ជាតិខ្លួនឯង និយាយប្រឌិតមូលបង្កាច់មនុស្សត្រឹមត្រូវតាមអំពើចិត្តនោះ។ បើខ្ញុំផ្សាយថា ខ្ញុំទើបយកខ្លួននាងបាន៣-៤ដង និងធ្លាប់ជូននាងទៅយកកូនចេញម្តងដែរ នាងយល់អារម្មណ៍ដែលគេចោទទទឹងទិសបែបណាដែរ»។
ពាក់ព័ន្ធនឹងលើកឡើងរបស់លោក ផែង វណ្ណៈ នេះ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លើកឡើងថា រឿងផ្សាយព័ត៌មានពិតឬមិនពិត បានមកពីប្រភពមិនច្បាស់ឬច្បាស់ ទុកពេលវេលាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយទៅតាមវិជ្ជាជីវៈរបស់ខ្លួនទៅ។ តែសម្រាប់លោក ផែង វណ្ណៈ វាយប្រហារលើស្ត្រីជាអ្នកសារព័ត៌មានបានឆ្លុះបញ្ចាំងពីកម្រិតគុណធម៌របស់លោក។
បើតាមលោកស្រី ចក់ សុភាព ក្នុងនាមជាបុគ្គលសាធារណៈលោក ផែង វណ្ណៈ គួរប្រកាន់សីលធម៌ ហើយលោកគួរសុំទោសជាសាធារណៈដល់ស្ត្រីអ្នកសារព័ត៌មានរូបនេះ និងបញ្ឈប់នូវឥរិយាបទដែលផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាល ដែលតែងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តី។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះ បានទាមទារឱ្យស្ថាប័នពាក់ព័ន្ធមានចំណាត់ការលើទង្វើនេះ ដើម្បីបង្ហាញពីសចក្តីថ្លៃថ្នូរនិងសីលធម៌សង្គម។
ជាមួយគ្នានេះ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ក៏បង្ហាញនូវការហួសចិត្តចំពោះអ្វីដែលលោក ផែង វណ្ណៈ បានប្រមាថតម្លៃស្ត្រីចំពោះអ្នកសារព័ត៌មាននៅ VOD ផងដែរ។
បណ្ឌិត សេង សារី បានប្រត្តិកម្មយ៉ាងដូច្នេះ៖ «ការចាត់ការជនពាល និងជនវិកលចរិត ដែលសំងំក្នុងវិស័យព័ត៌មាន គឺអាចយកមកធ្វើជាគោលនយោបាយសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ ២០២៣បានយ៉ាងមានប្រសិទ្ធភាព»។ បន្ទាប់ពីសំណេរនេះចេញផ្សាយ លោក ផែង វណ្ណៈ ក៏បានចោទសួរទៅកាន់លោក សេង សាវី វិញថា« បណ្ឌិត សេង សារី គាំទ្រ VOD ដែលបំពុលព័ត៌មាន ឬ លោកបណ្ឌិតជាជនបំពុលសង្គមដែរ ?»។
សម្រាប់លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) បង្ហាញនូវការសោកស្តាយចំពោះការបញ្ចេញមតិរបស់លោក ផែង វណ្ណៈ ដែលធ្វើឲ្យមានការស្អប់ខ្ពើមនៅក្នុងសង្គម។
លោកបាននិយាយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «មតិរបស់លោកផែង វណ្ណៈ បានបង្ហាញនូវការប្រមាថដល់ស្ត្រីដែលមានសេចក្តីក្លាហានចូលរួមនៅក្នុងការផ្តល់ព័ត៌មានក្នុងសង្គម។ ខ្ញុំសូមឲ្យការបញ្ចេញមតិប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព»។ បើតាមលោក ណុប វី ការបញ្ចេញមតិរបស់លោក ផែង វណ្ណៈ នេះ ជាការប្រមាថនឹងជាការចូលរួមធ្វើឲ្យមានការបែកបាក់ក្នុងសង្គម ហើយមិនបង្ហាញពីកាតព្វកិច្ចពលរដ្ឋល្អឡើយ។ « ដូច្នេះលោក ផែង វណ្ណៈគួរសុំទោសដល់ស្ត្រីដែលលោកបានប្រមាថនេះ»។ នេះជាការលើកឡើងរបស់លោក ណុប វី។
ចំណែកអ្នកនាង ឡុង គឹមម៉ារីតា ជាអ្នកសារព័ត៌មានម្នាក់បានចោទសួរថា ហេតុអ្វីអ្នកកាសែតវិជ្ជាជីវៈ ត្រូវប្រឈមនឹងការតិះដៀល និងគំនាប។ «ជាចាស់ជាទុំ គួរប្រើសម្តីឲ្យក្មេងគោរព មិនមែនប្រើអំណាច អាងចាស់ដើរជេគេ ហើយពោលថា ជាពាក្យប្រដៅនោះទេ»។ នេះបើតាមសំណេររបស់អ្នកកាសែតស្រីរូបនេះ។
រីឯកញ្ញា សុវណ្ណ ស្រីពេជ្រ ដែលជាអ្នកសារព័ត៌មានមួយរូប ក៏បានបង្ហាញក្ដីព្រួយបារម្ភថា ពីមួយថ្ងៃទៅមួយថ្ងៃ អាជីពជាអ្នកសារព័ត៌មានគឺមានសម្ពាធមួយកម្រិតទៅហើយ តែគួរឱ្យខ្ពើមរអើមទៅទៀតនោះ គឺការប្រមាថមកលើអ្នកសារព័ត៌មានស្រ្តី ការលាបពណ៌ ការប្រើសម្ដីអសុរោះ មិនឱ្យតម្លៃ ទម្រង់វាយប្រហារជាសាធារណៈស្ដែងៗតែម្ដង។ កញ្ញា បានលើកឡើងថា៖ «ការបញ្ចេញមតិរបស់លោក ផែង វណ្ណៈ គឺបានបង្ហាញពីភាពអគតិ និងចំណេះដឹងរបស់គាត់ ដែលក្នុងនាមជាមនុស្សប្រុស ជាប្ដី ជាឪពុក ជាបងប្រុស ជាពូ ហ៊ានពោលពាក្យប្រមាថកាតទាន ទៅលើអ្នកសារព័ត៌មានស្រ្តី»។
មិនខុសគ្នាពីអ្នកខាងលើប៉ុន្មានឡើយ លោក ប៉ា តុងចិន ដែលជាអ្នកសារព័ត៌មានមួយរូបដែរនោះ ក៏បានបង្ហាញនូវការសោកស្តាយចំពោះការបញ្ចេញមតិរបស់លោក ផែង វណ្ណៈ ដែលបានប្រមាថធ្ងន់ធ្ងរដល់ស្ត្រីដែលមានសេចក្តីក្លាហានចូលរួមនៅក្នុងការផ្តល់ព័ត៌មានក្នុងសង្គម។ លោកបានបញ្ជាក់ថា ៖« ការបញ្ចេញមតិនេះជាការមើលងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន ហើយក៏ជាគំរូមួយដ៏អាក្រក់នៅក្នុងសង្គមដែលមិនគួរកើតមាន»។
លោក ប៉ា តុងចិន ទាមទារឱ្យលោក ផែង វណ្ណៈ សុំទោសស្ត្រីដែលលោកបានប្រមាថជាសាធារណៈ និងស្នើឱ្យក្រសួងកិច្ចការនារី រួមនិងក្រសួងពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ជុំវិញការប្រើពាក្យសម្ដីជេរប្រមាថដោយអសីលធម៌ ដែលលោកបានសរសេរនៅលេីបណ្តាញសង្គមជាបន្តបន្ទាប់។
ដោយឡែករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ មិនគាំទ្រការរិះគន់ដោយមានពាក្យជេរប្រមាថដែរ។ «ហេតុអីបានជារិះគន់ចាំបាច់ជេរ?»។ នេះជាសំណេរដ៏ខ្លីនៅលើហ្វេសប៊ុកលោករដ្ឋមន្រ្តី៕