ជាតិ
កំណាយខឿនឧបោសឋាគារក្រុងអង្គរធំ ភស្ដុតាងនៃការវិវត្ត សង្គមសាសនា ចុងសម័យអង្គរ កំណាយខឿនឧបោសឋាគារនៅក្រុងអង្គរធំ។
× សៀមរាប៖ តាមលទ្ធផលកំណាយស្រាវជ្រាវថ្មីៗ បានបង្ហាញភស្ដុតាងកាន់តែមួយកម្រិតទៀត ទាក់ទងនឹងសង្គមមនុស្ស និងសង្គមសាសនា នាចុងសម័យអង្គរ។ ភស្ដុតាងទាំងនោះ ក៏បានបង្ហាញថា មនុស្សបន្តរស់នៅក្រុងអង្គរធំ កសាងសំណង់ព្រះពុទ្ធសាសនា ទោះមានការផ្លាស់ប្ដូររាជធានីក៏ដោយ។
ហាក់ផ្ទុយពីឯកសារចាស់ៗកន្លងមក ដែលនិយាយថា រាជធានីអង្គរត្រូវបានគេបោះបង់ចោល គ្មានមនុស្សរស់នៅ ក្រោយដូររាជធានីនៅពាក់កណ្តាលសតវត្សទី១៥។ ការស្រាវជ្រាវថ្មីៗពីអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ ទៅលើខឿនឧបោសឋាគារឬព្រះវិហារសាសនានៅក្រុងអង្គរធំ គេបានរកឃើញស្លាកស្នាមមួយចំនួន ដែលបញ្ជាក់ថា មានសកម្មភាពសង់សំណង់ព្រះពុទ្ធសាសនាដ៏មមាញឹក កំឡុងពេល១០០ឆ្នាំចុងក្រោយ មុនការផ្លាស់ប្ដូររាជធានីអង្គរ។
ការស្រាវជ្រាវកន្លងមក គេរកឃើញខឿនឧបោសឋាគារនៅក្នុងក្រុងអង្គរធំចន្លោះពី៦០ទៅ៧០ ហើយការវិភាគធ្យូងបែបវិទ្យាសាស្រ្តលើសំណាកដែលរកឃើញ គឺវាស្ថិតក្នុងសតវត្សទី១៣ និង១៤។
អ្នកស្រាវជ្រាវអន្ដរជាតិមួយក្រុម កំពុងកំណាយស្រាវជ្រាវលើខឿនឧបោសឋាគារព្រះពុទ្ធសាសនា ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ជ្រុងខាងកើតប្រាសាទបាយ័ន។ ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) នៃសាកលវិទ្យាល័យតូរិនតូ លោក អាន់ដ្រូ ហារីស (Andrew Harris) ប្រាប់ថា នេះជាលើកទី៣ហើយដែលគម្រោងរបស់លោកសហការជាមួយអាជ្ញាធរជាតិអប្សរា ស្រាវជ្រាវលើខឿនសំណង់ព្រះពុទ្ធសាសនានេះ។ លោក ហារីស ពន្យល់ថា កំណាយទាំងបីលើកនេះ ក្នុងបំណងដើម្បីស្វែងយល់កាន់តែលម្អិតពីអាយុកាល តួនាទីនៃសំណង់ ទំនាក់ទំនងទៅនឹងសហគមន៍មនុស្សរស់នៅជុំវិញ។
អ្នកស្រាវជ្រាវជនជាតិកាណាដា លោក ហារីស បន្តថា ការស្រាវជ្រាវរយៈពេលជិតមួយខែមកនេះ ក្រុមការងាររបស់លោករកឃើញភស្ដុតាងមួយចំនួនទៀតជុំវិញខឿនសំណង់ ដូចជាបំណែកក្បឿង កុលាលភាជន៍ និងស្លាកស្នាមមួយចំនួន។ «ជាទូទៅក្រៅពីបំណែកកុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន ដែលជាភស្ដុតាងការប្រើប្រាស់សម័យអង្គរ យើងក៏ប្រទះភស្ដុតាងនៃការប្រើប្រាស់កុលាលភាជន៍ សម័យក្រោយអង្គរដែរ គឺស្ថិតក្នុងសតវត្សទី១៦ និង១៧ នៅក្នុងស្រទាប់ជិតព្រះវិហារ»។ លោក ហារីស លើកឡើងយ៉ាងដូច្នេះ។
លោក អាន់ដ្រូ ហារីស ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ
ទន្ទឹមនឹងនោះ ការស្រាវជ្រាវបានរកឃើញភស្ដុតាងមួយចំនួនទៀត ទាក់ទងការវិវត្តសង្គមមនុស្ស និងសាសនា នាចុងសម័យអង្គរ។ ការផ្លាស់ប្ដូរជំនឿសាសនា និងការកសាងសំណង់ព្រះពុទ្ធសាសនា អាចចាប់ផ្តើមពីចុងសតវត្សទី១៣ (សម័យអង្គរ) និងរហូតដល់សតវត្សទី១៦ (ក្រោយសម័យអង្គរ)។ តឹកតាងនេះហើយ ដែលអាចច្រានចោលការលើកឡើងរបស់ឯកសារបរទេសមួយចំនួន ដែលថារាជធានីអង្គរគ្មានមនុស្សរស់នៅ ហើយពុទ្ធសាសនាចូលមកវិញនៅ កំឡុងសតវត្សទី១៦ ក្រោយវត្តមានព្រះបាទអង្គចន្ទរាជា យាងចូលរាជធានីអង្គរវិញ និងបានជួសជុល កសាងព្រះពុទ្ធរូបមួយចំនួន។ល។ នេះបើតាមការបកស្រាយពីអ្នកស្រាវជ្រាវ លោក ហារីស។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវសំណង់ខឿនសំណង់ព្រះពុទ្ធសាសនានាសម័យអង្គរ នៅជាប្រធានបទថ្មី និងត្រូវបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីកាន់តែដឹងភស្ដុតាងជាក់លាក់មួយ។ ជាអ្នកស្រាវជ្រាវសំណង់សាសនាមួយរូប លោក ហារីស រំពឹងថា គម្រោងរបស់លោកនឹងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីលម្អិតរឿងរ៉ាវនៃខឿនសំណង់ព្រះពុទ្ធសាសនាក្នុងក្រុងអង្គរធំ តទៅមុខទៀត៕
Tag:
ខឿនឧបោសឋាគារសម័យអង្គរ
ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com