ជាតិ
ក្រោយបិទវិទ្យុVOD ក្រសួងការបរទេស ប្រាប់ទូតបរទេស កុំឱ្យមានការព្រួយបារម្ភ
× ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលការលើកឡើងរបស់ទូតបរទេសនានា ដែលបង្ហាញការព្រួយបារម្ភចំពោះការបិទប្រព័ន្ធវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ។
ក្រសួងការបរទេស ចាត់ទុកការព្រួយបារម្ភរបស់ស្ថានទូតបរទេសទាំងនោះ ក្រោមហេតុផលនយោបាយ ឱ្យមានការរើសអើង និងភាពលម្អៀង។ ក្រសួង បានអះអាងថា ចំណាត់ការរដ្ឋាភិបាលចំពោះ VOD មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ ប៉ុន្តែអ្វីដែលត្រូវឱ្យព្រួយបារម្ភ គឺការផ្សាយព័ត៌មានមិនពិត។
សេចក្តីថ្លែងការណ៍ព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១៣ កុម្ភៈ បានសង្កត់ធ្ងន់ដូច្នេះ៖« គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការមិនដឹង មិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបដិសេធមិនកែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន»។
ជាមួយគ្នានេះ ក្រសួងការបរទេស បានបន្ថែមថា សារព័តមានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ណភាពឡើយ។ បើតាមក្រសួង ឯករាជ្យភាព មិនអាចកាត់ផផ្ដាច់ចេញពីភាពទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុសឡើយ។ «ការថ្លែងថា សារព័ត៌មាននេះ (VOD) ធ្វើសេចក្តីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង»។ នេះជាការឆ្លើយតបរបស់ក្រសួងការបរទេស ទៅស្ថានទូតបរទេស ដោយបន្ថែមថា ការបិទស្ថាប័នផ្សព្វផ្សាយមួយ មិនអាចធ្វើឱ្យសារព័ត៌មានដ៏រស់រវើកនៅកម្ពុជា ចុះខ្សោយនោះទេ។
ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បានប្រកាសសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដោយលើកឡើងថា អង្គភាពព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មួយនេះ រំលោភលើវិជ្ជាជីវៈព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com