ជាតិ
សម្ដេច ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD ដែលមានបំណងចង់បម្រើការងារ
14, Feb 2023 , 4:00 pm        
រូបភាព
សម្ដេច ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD  ដែលមានបំណងចង់បម្រើការងារ។ សម្ដេច ប្រកាសនៅថ្ងៃទី១៤ កុម្ភៈនេះ គឺមួយថ្ងៃក្រោយវិទ្យុ VOD បិទការផ្សាយ តាមការសម្រេចរបស់ក្រសួងព័ត៌មាន ដែលបានដកអាជ្ញាបណ្ណ។



«ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ»។ នេះជាសំណេររបស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យស្នើសុំពីបុគ្គលិកVOD និងបែងចែកទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្ដេច។
 
«ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។
 
សម្ដេច ក៏ផ្ដាំមិនឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ។ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។ នេះបើតាមប្រមុខរដ្ឋាភិបាល៕

អត្ថបទទាក់ទង

 

Tag:
 សារព័ត៌មាន
  VOD
© រក្សាសិទ្ធិដោយ thmeythmey.com