អន្តរជាតិ
អាមេរិក​ចាប់ខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី
16, Feb 2023 , 7:29 pm        
រូបភាព
រូបភាព​របស់​ប្រធានាធិបតី​ហៃទី​លោក Jovenel Moïse (ស្តាំ) ត្រូវបាន​បង្ហាញ​នៅពេល​លោក Markenzy Lapointe មេធាវី​សហរដ្ឋ​អាមេរិក​សម្រាប់​សង្កាត់​ភាគខាងត្បូង​នៃ​រដ្ឋ Florida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Miami។
រូបភាព​របស់​ប្រធានាធិបតី​ហៃទី​លោក Jovenel Moïse (ស្តាំ) ត្រូវបាន​បង្ហាញ​នៅពេល​លោក Markenzy Lapointe មេធាវី​សហរដ្ឋ​អាមេរិក​សម្រាប់​សង្កាត់​ភាគខាងត្បូង​នៃ​រដ្ឋ Florida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Miami។
ដោយ: VOA
ភ្នាក់ងារ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​ចាប់ខ្លួន​បុរស​៤​នាក់​នៅ​ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃ​អង្គារ​ពាក់ព័ន្ធ​នឹង​ការ​លួច​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក Jovenel Moise កាលពី​ខែ​កក្កដា ឆ្នាំ ២០២១ ដោយ​ធ្វើ​ឱ្យ​ជន​ជាប់​ចោទ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​រឿង​ផែនការ​សម្ងាត់​លួច​ធ្វើ​ឃាត​នេះ​ឡើង​ដល់​១១​នាក់។

 
បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​នេះ​មក គណៈវិនិច្ឆ័យ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ Florida បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថ្មី​ជា​ផ្លូវការ​លើ​ជន​ជាប់​ចោទ​ទាំង១១នាក់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ដ៏​គឃ្លើន​លើ​លោក Moise នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋធានី​ព័រអូប្រាំង ប្រទេស​ហៃទី​កាលពី​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០២១។
 
ការ​លួច​ធ្វើ​ឃាត​នេះ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ទាហាន​ស៊ីឈ្នួល​កូឡុំប៊ី​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​ជួល​ដោយ​ក្រុម​ជនជាតិ​ហៃទី​និង​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ហៃទី​ដែល​មាន​បំណង​ទម្លាក់​លោក Moise ពី​តំណែង បាន​ធ្វើ​ឱ្យ​ប្រទេស​ហៃទី​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​នយោបាយ​យ៉ាង​ជ្រៅ។
 
កន្លង​មក អាជ្ញាធរ​ហៃទី​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​រឿង​នេះ ប៉ុន្តែ​ការ​កាត់ទោស​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ហៃទី​ នៅ​ចំ​ពេល​ដែល​មាន​ការ​គំរាម​សម្លាប់​លើ​ចៅក្រម​នៅ​ទីនោះ។
 
អាជ្ញាធរ​សហរដ្ឋ​អាមេរិកដែល​មាន​ក្ដី​បារម្ភ​ថា​ ការ​លួច​ធ្វើ​ឃាត​នេះ​អាច​មាន​ប្រភព​ចេញ​ពី​ទឹកដី​សហរដ្ឋ​អាមេរិក បាន​ចាត់​វិធានការ​ខ្លាំងក្លា​ដើម្បី​ចាប់​ខ្លួន​ជនល្មើស។ កាលពី​ខែ​មុន អាជ្ញាធរ​ហៃទី​បាន​ផ្ទេរ​ជន​សង្ស័យ​សំខាន់ៗ ៤ នាក់​ឱ្យ​សហរដ្ឋ​អាមេរិក​ដើម្បី​កាត់ទោស។ ក្នុង​ចំណោម​នោះ​មាន​ជន​ម្នាក់​ដែល​ជា​ពលរដ្ឋ​សញ្ជាតិ​ពីរ​គឺ​សញ្ជាតិ​ហៃទី​និង​អាមេរិក ដែល​មាន​បំណង​ចង់​ជំនួស​តំណែង​របស់​លោក Moise ផង​ដែរ។
 
បុរស​ទាំង៤នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​គឺ​មាន​ឈ្មោះ Arcángel Pretel Ortiz ដែល​ជា​ជនជាតិ​កូឡុំប៊ី​និង​ជា​ពលរដ្ឋ​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋ​អាមេរិក​នៃ​ទីក្រុង Miami រដ្ឋ Florida ឈ្មោះ Antonio Intriago ដែល​ជា​ពាណិជ្ជករ​វ៉េណេស៊ុយអេឡានិង​ជា​ពលរដ្ឋ​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋ​អាមេរិក​នៃ​ទីក្រុង Miami រដ្ឋ Florida ឈ្មោះ Walter Veintemilla ដែល​ជា​ពលរដ្ឋ​អាមេរិក​មាន​ដើម​កំណើត​មកពី​ប្រទេស​អេក្វាទ័រ​រស់នៅ​ក្នុង​ទីក្រុង Weston រដ្ឋ Florida និង​ឈ្មោះ Frederick Bergmann ដែល​ជា​ពលរដ្ឋ​អាមេរិក​រស់នៅ​ក្នុង​ទីក្រុង Tampa រដ្ឋ Florida។
 
នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ ថ្នាក់​ដឹកនាំ​បណ្ដា​ប្រទេស​តំបន់​ការ៉ាអ៊ីប​នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ពុធ​នេះ​ទៅ​នៅ​ក្នុង​ប្រទេស​បាហាម៉ា ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ក៏​មាន​ការ​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ហៃទី​ផង​ដែរ។
 
ការ​ពិភាក្សា​នេះ​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​មកពី​សហគមន៍​ប្រទេស​តំបន់​ការ៉ាអ៊ីប (CARICOM) ​ដែល​ជា​ក្រុម​ប្រទេស​មាន​សមាជិក​ចំនួន១៥ ដែល​មាន​ប្រជាជន​ប្រហែល​១៦​លាន​នាក់។ នេះ​បើ​យោង​តាម​វេបសាយ​របស់​សហគមន៍​នេះ។
 
នាយករដ្ឋមន្ត្រី​ប្រទេស​បាហាម៉ា​លោក Philip Davis បាន​កត់​សម្គាល់​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​«ការ​ប្រឈម​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​ហៃទី» នៅ​ពេល​ដែល​លោក​និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​មុន​កិច្ច​ប្រជុំ​ចូល​មក​ដល់។
 
ប្រទេស​ហៃទី​បាន​ឆ្លងកាត់​ដំណាក់កាល​អស្ថិរភាព​បន្ទាប់ពី​មាន​ការ​លួច​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក Jovenel Moise កាលពី​ខែ​កក្កដា ឆ្នាំ ២០២១ មក ដោយ​មាន​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​និង​ឥទ្ធិពល​នៃ​ក្រុម​ជន​អន្ធពាល​ប្រដាប់​អាវុធ។
 
នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ដោយ​លោក Davis ថា លោក Trudeau មាន​បំណង​ចង់​ឃើញ​អ្វី​ដែល​រដ្ឋាភិបាល​បាហាម៉ា​អាច​ធ្វើ​បាន​ដើម្បី​ព្យាយាម​ជួយ​ដល់​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ហៃទី។
 
លោក Davis បាន​និយាយ​ថា មិន​ថា​ដំណោះស្រាយ​បែប​ណា​នោះ​ទេ ដំណោះស្រាយ​នោះ​ត្រូវតែ​ជា​ដំណោះស្រាយ​ដែល​ដឹកនាំ​ដោយ​ហៃទី និង​ថា​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សហគមន៍ CARICOM ផ្សេង​ទៀត​កំពុង​ធ្វើការ​ដើម្បី​ជួយ​សម្របសម្រួល​លទ្ធផល​នោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com