អន្តរជាតិ
លោកឡាវរ៉ូវ៖ គោលនយោបាយការទូតថ្មី នឹងផ្តោតលើការបញ្ចប់អនុត្តរភាពលោកខាងលិច
16, Feb 2023 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី១៥ ខែកុម្ភៈ បានអះអាងថា គោលនយោបាយការបរទេសរុស្ស៊ីថ្មី នឹងផ្តោតលើការបញ្ចប់អនុត្តរភាពរបស់លោកខាងលិច នៅក្នុងកិច្ចការអន្តរជាតិ។

 
ក្រោយការឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានរងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចស្ទើរគ្រប់វិស័យ។ ក្នុងសុន្ទរកថានៅក្នុងសភាជាន់ទាប រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានអះអាងថា កិច្ចការអន្តរជាតិ មិនគួរកំណត់ដោយផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែត្រូវផ្អែកលើមូលដ្ឋានសកលនៃតុល្យភាពផលប្រយោជន៍ ដែលទាមទារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។ 
 
«អាម៉េរិក និងសម្ព័ន្ធមិត្ត តែងប្រាថ្នាពីការស្តារអាណានិគមបែបថ្មី សណ្តាប់ធ្នាប់ពិភពលោកបែបឯកប៉ូល ដើម្បីជ្រៀតជ្រែកលើដំណើរការរៀបចំ និងសណ្តាប់ធ្នាប់ពិភពលោកបែបថ្មី»។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់បែបនេះ ដោយបានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុងធ្វើសង្រ្គាមបែបកូនកាត់ (Hybrid War) ដែលបានត្រៀមអស់ជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។
 
នៅចំពោះមុខសមាជិកសភា ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានឌឺដងដាក់លោកខាងលិចផងដែរថា ការខិតខំរបស់ប្រទេសលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីបានទទួលបរាជ័យ ព្រោះប្រទេសជាច្រើនផ្សេងទៀត មិនបានចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយបន្តរក្សាការយល់ឃើញបែបឯករាជ្យលើស្ថានភាពនៅអ៊ុយក្រែន។
 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីកំពុងត្រួតពិនិត្យលើកាតព្វកិច្ចរបស់ខ្លួន ដែលមាននៅក្នុងអង្គការអន្តរជាតិ និងសន្ធិសញ្ញាមួយចំនួន ហើយនឹងផ្អាកការផ្តល់ជាវិភាគទានចំពោះអង្គការដែលផលប្រយោជន៍របស់រុស្ស៊ី ត្រូវបានរំលោភបំពាន។ 
 
សូមបញ្ជាក់ថា ការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះ ធ្វើឡើងស្របពេលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញពីកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយក្នុងនោះរួមទាំងការហាមឃាត់ការនាំចេញរបស់រុស្ស៊ីផង៕
 

Tag:
 រុស្ស៊ី
  លោកខាងលិច
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com