ជាតិ
សេដ្ឋកិច្ច
កម្ពុជា មានផែនការជីកព្រែកពីទន្លេបាសាក់ដល់សមុទ្រខេត្តកែប ដើម្បីបង្កើតច្រកសេដ្ឋកិច្ចថ្មី
17, Feb 2023 , 11:07 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។ រូបថត៖ ពីក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។ រូបថត៖ ពីក្រសួងសាធារណការ
ក្រសួងសាធារណការ កំពុងសិក្សាលទ្ធភាពស្តារប្រព័ន្ធធារាសាស្ត្រទន្លេបាសាក់ រួមទាំងជីកព្រែកបន្ថែម ក្នុងប្រវែង៧គីឡូម៉ែត្រ ដើម្បីភ្ជាប់នឹងខ្សែទឹកសមុទ្ររបស់ខេត្តកែប។ ការសិក្សានេះធ្វើឡើងក្នុងគោលដៅបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀត ក្នុងការដោះដូរទំនិញសម្រាប់កម្ពុជា និងអន្តរជាតិតាមផ្លូវទឹក។

 
អស់រយៈពេល២ឆ្នាំហើយដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាលើលទ្ធភាពស្តារព្រែក និងអូរ នៃទន្លេបាសាក់ ចាប់ពីព្រែកអំបិល ដល់ខេត្តកែប ក្នុងប្រវែង១៦៨គីឡូម៉ែត្រ ដែលជាគម្រោងផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់។ បើតាម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ ក្នុងគម្រោងនេះ គឺមានការជីកព្រែកប្រវែង៧គីឡូម៉ែត្រ ខាងចុងនៃទន្លេបាក់សាក់ ឱ្យទៅដល់ទឹកសមុទ្រក្នុងភូមិសាស្ត្រខេត្តកែប។​
 
«ទន្លេបាសាក់យើង វាមិនសូវជ្រៅ។ កន្លែងខ្លះមិនមានទឹកពេលរដូវប្រាំង! ក៏កន្លែងបើយើងស្តារព្រែក ស្តារប្រព័ន្ធធារាសាស្រ្ត​​​ ហើយជីកព្រែកថ្មីប្រវែង៧គីឡូម៉ែត្រ [នោះ] ទឹកនេះនឹងទៅដល់កែបតែម្តង»។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដែលបានបញ្ជាក់ថា ​គម្រោងសិក្សានេះ​ គឺដើម្បីបង្កើតផ្លូវទឹកថ្មីសម្រាប់បម្រើដល់វិស័យទឹកជញ្ជូនទំនិញ ក្នុងនិងក្រៅប្រទេស។​
 
លោករដ្ឋមន្ត្រីសាធារណការ បន្តនិយាយដោយសង្កត់ធ្ងន់ថា៖ «[គម្រោងនេះ] បើធ្វើបាន! វានឹងប្តូរមុខមាត់ ក៏ដូចជាប្តូរនៃការដឹកជញ្ជូនតាមផ្លូវទឹក ទៅសមុទ្ររបស់យើង»។​ 
 
ការរៀបចំប្រព័ន្ធដឹកទំនិញតាមទន្លេបាសាក់នេះ គឺដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូន កាត់បន្ថយតម្លៃ និងនីតិវិធីផ្សេងៗ លើការដឹកជញ្ជូនទំនិញតាមទន្លេមេគង្គ មកកំពង់ផែស្វយ័តភ្នំពេញ។ ការសិក្សាលើគម្រោងស្តារព្រែក និងអូរ នៃទន្លេបាសាក់ ចាប់ពីព្រែកអំបិល ដល់ខេត្តកែបនេះ គឺជិតឈានដល់ការបញ្ចប់ហើយ។ 
 
បើតាមលោក ស៊ុន ចាន់ថុល ពេលគម្រោងនេះត្រូវបានអនុវត្ត​ វាមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ពិសេសលើវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងរាំងស្ងួត ផងដែរ។ លោកបាននិយាយដូច្នេះ៖ «ការលិចលង់នៅកំពង់ស្ពឺ តាកែវ​ [និងខេត្តផ្សេងៗ] គឺលែងលិច ដោយសារខែវស្សាទឹកហូរចូលព្រែករបស់យើង។ រាំងស្ងួតក៏លែងមាន​! ដោយសារយើងមានទឹក ដែលក្នុងនោះមានពលរដ្ឋ ១,៥លាននាក់ រស់នៅតាមបណ្តោយទន្លេបាសាក់ពីភ្នំពេញ ដល់កែប នឹងមានទឹកស្រោចស្រពបានទាំងអស់»។
 
​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់នេះ ត្រូវបានក្រសួងសាធារណការ សិក្សាជាមួយក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) និងក្រុមហ៊ុន CCCC Transportation Consultants Co., Ltdរបស់ប្រទេសចិន៕ 
 
 

Tag:
 កែប
  ព្រែកជីក
  ទន្លេបាសាក់
  សមុទ្រកែប
  ច្រកសេដ្ឋកិច្ច
  ការជញ្ជូនតាមផ្លូវទឹក
© រក្សាសិទ្ធិដោយ thmeythmey.com