អន្តរជាតិ
រញ្ជួយដី៖ UN អំពាវនាវរកប្រាក់១ពាន់លានដុល្លារផ្តល់ជំនួយដល់តួកគី
17, Feb 2023 , 8:29 pm        
រូបភាព
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៦ ខែកុម្ភៈ បានអំពាវនាវរកជំនួយអន្តរជាតិដើម្បីកៀរគរថវិកាជាង១ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅតួកគី។ ការកៀរគរជំនួយនេះ បានធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពី UN ប្រកាសកៀរគរជំនួយ៤០០លានដុល្លារដល់ស៊ីរីដែរ។


 
ប្រធានផ្នែកផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ(UN) លោក Martin Griffiths នៅថ្ងៃទី១៦ ខែកុម្ភៈ បានប្រកាសកៀរគរប្រាក់១ពាន់លានដុល្លារផ្តល់ជំនួយដល់តួកគី បន្ទាប់ពីបានទៅទស្សនកិច្ចនៅតួកគីនៅសប្តាហ៍មុន។ លោកបានលើកឡើងថា ប្រជាជនតួកគីកំពុងរងការលំបាក និងត្រូវការជំនួយខ្លាំង។ 
 
«យើងត្រូវឈរជាមួយពួកគេនៅក្នុងពេលវេលាដ៏លំបាកបំផុត ហើយធានាថាពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ»។ លោក Martin Griffiths បានលើកឡើងបែបនេះ នៅថ្ងៃទី១៦ ខែកុម្ភៈដដែល។ 
 
កាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅ តួកគីនិងស៊ីរី បានជួបប្រទះនូវគ្រោះរញ្ជួយដីដ៏អាក្រក់មួយ។ គិតមកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៣៦,១៨៧ នៅភាគខាងត្បូងតួកគីបានបាត់បង់ជីវិត ខណៈអាជ្ញាធរនៅស៊ីរីបានរាយការណ៍ថាបច្ចុប្បន្នពលរដ្ឋប្រមាណ៥៨០០នាក់បានស្លាប់។ 
 
ក្រោយគ្រោះរញ្ជួយដីនេះ ប្រទេសនានាបានព្យាយាមផ្ដល់ជំនួយក៏ដូចជាគាំទ្រកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្នក្រុមជួយសង្គ្រោះបានថយចុះបន្តិចម្ដងៗជារៀងរាល់ថ្ងៃ។
 
ក្រោយពីគ្រោះរញ្ជួយដីនេះ ពលរដ្ឋជាច្រើនបានបង្ហាញការខឹងសម្បារជាខ្លាំងចំពោះអ្វីដែលពួកគេមើលឃើញថាជាការពុករលួយអនុញ្ញាតឱ្យមានការសាងសង់អគារមិនត្រូវស្ដង់ដារ ដែលបណ្តាលឱ្យផ្ទះសម្បែងនិងអគាររាប់ពាន់ដួលរលំ។ អាជ្ញាធរតួកគីបានសន្យាថា នឹងស៊ើបអង្កេតពីអ្នកដែលត្រូទួលខុសត្រូវចំពោះការដួលរលំអគារ ដោយបច្ចុប្បន្នបានបញ្ជាឱ្យមានការឃាត់ខ្លួនជនសង្ស័យជាង១០០នាក់ហើយ។ 
 
ខណៈនៅប្រទេសស៊ីរីវិញ រដ្ឋាភិបាលស៊ីរីបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រងមានចំនួន១៤១៤នាក់ ប៉ុន្តែមនុស្សប្រមាណជាង៤ពាន់នាក់ទៀតបានស្លាប់ នៅភាគពាយព្យប្រទេសដែលជាតំបន់កាន់កាប់ដោយក្រុមឧទ្ទាម។ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ស៊ីរីនេះ ត្រូវបានរារាំងដោយជម្លោះ ហើយមនុស្សជាច្រើននៅភាគពាយព្យពុំទាន់ទទួលបានជំនួយនៅឡើយ។
 
ទន្ទឹមនឹងនេះ លោក Jagan Chapagain អគ្គលេខាធិការនៃសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បាននិយាយថាវិបត្តិរញ្ជួយដីនេះនឹងអូសបន្លាយរយៈពេលយូរ ហើយបានប្រកាសពង្រីកជំនួយរបស់ខ្លួន៣ដងនៃទំហំជំនួយបច្ចុប្បន្នដល់ប្រទេសទាំងពីរ៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com