កីឡាជាតិ
ជាតិ
លោក អេ ភូថង ប្រាប់គន្លឹះបង្វឹកសិស្សរបស់ខ្លួន មុនឡើងប្រកួតលើសង្វៀន
19, Feb 2023 , 4:19 pm        
រូបភាព
លោក អេ ភូថង ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក អេ ភូថង ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក អេ ភូថងប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានបញ្ជាក់ថា គ្រប់ពេលដែលសិស្សរបស់លោក ឡើងប្រកួតឆាកធំៗ លោក អេ ភូថង តែស្វែងយល់ពីក្បាច់របស់គូប្រកួត រួចកែតម្រូវក្បាច់សម្រាប់កូនសិស្សលោក មុនពេលឡើងសង្វៀន។ ប្រធានក្លិបរូបនេះ បន្ថែមថា នេះ គឺជាការត្រៀមខ្លួនដ៏ល្អបំផុត ក្នុងការស្វែងយល់ពីគូប្រកួត ចំណែកការឌឺដងសម្ដីផ្សេង ៗ គ្រាន់តែជាយុទ្ធសាស្ដ្រផ្នែកផ្លូវអារម្មណ៍ប៉ុណ្ណោះ។


 
លោក អេ ភូថង បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា រាល់ការប្រកួតធំៗ ឬជួបជាមួយគូប្រកួត ដែលមានកម្រិតខ្លាំងៗ សម្រាប់សិស្សប្រដាល់គុនខ្មែរក្លិបអេភូថង គឺរូបលោកតែសិក្សាពីក្បាច់ពិសេសរបស់ភាគីម្ខាងទៀត រៀបចំយុទ្ធសាស្ដ្រប្រកួតឲ្យកូនសិស្សខ្លួន ។ ដោយឡែក ការត្រៀមខ្លួន ឬប្រើយុទ្ធសាស្ដ្រប្រកួតរបស់ក្លិបនីមួយៗ គឺមិនដូចគ្នានោះទេ ប៉ុន្ដែប្រធានក្លិបរូបនេះ បានរើសយើងការស្វែងយល់ពីដៃគូប្រកួតជារឿងសំខាន់ សម្រាប់រកចំណុចខ្សោយគូប្រកួត និងរៀបចំក្បាច់សម្រាប់វាយបក។
 
គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរ អេ ភូថង បាននិយាយដូច្នេះថា៖«តាមយុទ្ធសាស្ដ្ររបស់ក្លិបនីមួយៗ មិនដូចគ្នា។ ជាឧទាហរណ៍ថា សិស្សរបស់ខ្ញុំ មានកម្មវិធីវាយធំៗ ខ្ញុំនឹងសិក្សាពីដៃគូរបស់គេ។ ហើយ ខ្ញុំ មកបង្រៀន បង្ហាត់បង្ហាញ ជាមួយកូនសិស្សខ្ញុំនេះ។ កូនសិស្ស ត្រូវវាយរបៀបមិច ត្រូវចេញរបៀបមិញ ត្រូវវាយបកយ៉ាងមិច។ អ៊ីចឹង យើង ត្រូវហាត់តាមអ្វីដែល គេធ្លាប់វាយហើយ មកបង្ហាត់កូនសិស្សរបស់យើង។»។

លោក អេ ភូថង កំពុងពិនិត្យលើការហ្វឹកហាត់របស់សិស្សប្រដាល់គុនខ្មែរ
 
លោក អេ ភូថង ក៏បានបញ្ជាក់ផងដែរថា ការប្រកួតអន្ដរជាតិខ្លះ មានការផ្លែការពាក្យសម្ដី ឌឺដងគ្នា នោះគឺជាយុទ្ធសាស្ដ្រខាងផ្លូវចិត្ត។ ប្រសិនជា ភាគីណាមួយ ចាញ់យុទ្ធសាស្ដ្រនេះ នោះនឹងអាចធ្វើឲ្យគេបែកអារម្មណ៍មុនពេលប្រកួត។ ប៉ុន្ដែសម្រាប់ ប្រធានក្លិបនេះ ចាត់ទុកថានេះ ការឌឺដងសម្ដី គឺជាកម្លាំងចិត្តសម្រាប់លោក ហ្វឹកហាត់ និងមានស្មារតីប្រកួតកាន់តែខ្លាំង។ ហើយ លោក អេ ភូថង ក៏ណែនាំសិស្សរបសខ្លួន ឲ្យយល់ពីយុទ្ធសាស្ដ្រនេះផងដែរ។
 
«ការផ្លែការ ឬឌឺដងគ្នា គឺជាយុទ្ធសាស្ដ្រផ្លូវអារម្មណ៍។ នៅពេលអារម្មណ៍មិនស្រួល ពេលឡើងវាយទៅ វាធ្វើឲ្យយើងបែកអារម្មណ៍។ ប៉ុន្ដែជាធម្មតា សម្រាប់ខ្ញុំវិញ ការឌឺដង គឺជាការផ្ដល់កម្លាំងចិត្ត ឲ្យមានស្មារតីកាន់តែចង់ប្រកួត។ កាន់តែឌឺដង ខ្ញុំកាន់តែហាត់ខ្លាំង។»។ លោក អេ ភូថង បាននិយាយដូច្នេះ។
 
ជាមួយនិងយុទ្ធសាស្ដ្រប្រកួត គ្រូបង្វឹកវ័យ៤៨ ឆ្នាំរូបនេះ ក៏ជាគ្រូ ដែលពូកែក្នុងការស្វែងយល់ពីលក្ខណៈសម្បត្តិរបស់កីឡាករផងដែរ។ លោក អេ ភូថង បញ្ជាក់ថា កីឡាករល្អ និងខ្លាំងៗ មិនមែនសុទ្ធតែចេញពីគ្រូដែលមានសមត្ថភាព និងបច្ចេកទេសនោះទេ ប៉ុន្ដែកីឡាករទាំងនោះ ត្រូវតែមានការប្រឹងប្រែងហ្វឹកហាត់ និងភាពអំណោយផលពីធម្មជាតិផងដែរ។ ដូច្នេះ លក្ខណៈទាំងអស់នេះ គួបផ្សំជាមួយការបង្វឹកពីគ្រូ ដែលមានសមត្ថភាពបង្វឹកល្អ ពួកគេ នឹងក្លាយជាកីឡាករខ្លាំងមិនខាន។ លោក អេ ភូថង ពន្យល់ដូច្នេះថា៖«កីឡាករល្អ មិនមែនសុទ្ធតែចេញពីគ្រូទេ។ មិនមែនគ្រូខ្លាំង សិស្ស ក៏ខ្លាំងនោះទេ។ នេះ គឺទាក់ទងជាមួយដុងពីកំណើត។ បើកូនសិស្សយើង ល្អទាត់ឆ្វេង គេល្អជង្គង់ គេល្អដៃ យើងបង្ហាត់តាមដុងរបស់គេ។ ដូចអ្នកខ្លះ កូនសិស្សគេល្អ ដៃយើងបង្ហាត់ជង្គង់ទៅគេ ក៏វាមិនកើតដែរ កូនសិស្សទាត់ ទៅបង្ហាត់កែងអីណា។ ត្រូវបង្ហាត់តាមជំនាញរបស់គេ យើងត្រូវមើលជំនាញរបស់គេ។ យើងត្រូវដឹងថាកូនសិស្សរបស់យើង ល្អអ្វី ជំនាញអ្វី យើងប្រឹងហ្វឹកហាត់អ្វីមួយឲ្យច្បាស់។ ច្បាស់ហើយ ស្ទុះ ទៅល្អណាស់៕
 
 

Tag:
 ប្រដាល់គុនខ្មែរ
  អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com