អន្តរជាតិ
ប្រមុខការទូតជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង (ខាងស្តាំ) និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក។ រូបភាពយកពីក្រសួងការបរទេសជប៉ុន
× រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ បានជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាដែលប្រទេសទាំងពីរមានជាមួយគ្នា។
នៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក អាល្លឺម៉ង់ លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានជួបគ្នា និងឯកភាពលើការរក្សាទំនាក់ទំនងដោយជិតស្និទ្ធលើកម្រិតការទូត ដើម្បីដោះស្រាយបញ្ហាប្រឈម។ ជំនួបនេះ ធ្វើឡើងក្រោយកូរ៉េខាងត្បូង បានចាត់ទុកជប៉ុនជាប្រទេសជិតខាងដ៏ជិតស្និទ្ធ នៅក្នុងសៀវភៅស ចេញផ្សាយ នៅពេលថ្មីៗនេះ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បានជជែកដោយស្មោះត្រង់លើបញ្ហាពលកម្មក្នុងសម័យសង្រ្គាម និងសេចក្តីសម្រេចរបស់កូរ៉េខាងត្បូងឱ្យរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុន ដែលមិនបានផ្តល់សំណងដល់ពលករក្នុងសម័យសង្រ្គាម។
យ៉ាងណាមិញ ជប៉ុននៅតែបន្តអះអាងដដែលថា បញ្ហានេះ ត្រូវបានដោះស្រាយរួចតាំងពីឆ្នាំ១៩៦៥ មកម្លេះ នៅពេលប្រទេសទាំងពីរចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទន្ទឹមនេះ ជប៉ុន ក៏កំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាខ្ពស់ទៅកូរ៉េខាងត្បូងផងដែរ។
ជាការពិត បញ្ហាពលកម្មក្នុងសម័យសង្រ្គាម នៅតែជាឧបសគ្គសម្រាប់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងការស្តារទំនាក់ទំនងឡើងវិញ ខណៈប្រទេសអាស៊ីខាងកើតទាំងពីរនេះ កំពុងប្រឈមការគំរាមកំហែងពីកូរ៉េខាងជើង និងការឡើងឥទ្ធិពលរបស់ចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com