អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាម៉េរិកថា ចិនកំពុងពិចារណាផ្តល់អាវុធឱ្យរុស្ស៊ី
20, Feb 2023 , 2:39 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ច្បាស់ៗថា ចិនកំពុងពិចារណាផ្តល់អាវុធឱ្យរុស្ស៊ីសម្រាប់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ បើតាមលោកប្លីងខិន ការផ្គត់ផ្គង់អាវុធបែបនេះ នឹងបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរសម្រាប់អាម៉េរិក និងនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS នៅថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានលើកឡើងពីលទ្ធភាពចិនអាចផ្តល់អាវុធទៅរុស្ស៊ីប្រឆាំងអ៊ុយក្រែន ស្របពេលសង្រ្គាមឈានចូលខួបមួយឆ្នាំ។ 
 
«យើងតែងបារម្ភពីថ្ងៃដំបូងជុំវិញលទ្ធភាពចិនផ្តល់អាវុធឱ្យរុស្ស៊ី»។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាវុធទាំងនោះ អាចមានចាប់ពីគ្រាប់កាំភ្លើង រហូតដល់អាវុធផ្សេងទៀត។ 
 
ទន្ទឹមនេះ លោកប្លីងខិន បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឃើញក្រុងប៉េកាំងផ្តល់ជំនួយមិនបង្កគ្រោះថ្នាក់ដល់ជីវិត (non-lethal support) ទៅក្រុងមូស្គូ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមប្រមុខការទូតអាម៉េរិក សម្រាប់ក្តីបារម្ភនៅពេលនេះ វាអាស្រ័យលើព័ត៌មានដែលអាម៉េរិកមានជុំវិញមានថា ចិន កំពុងពិចារណាផ្តល់ការគាំទ្រអាវុធឱ្យរុស្ស៊ី។
 
ត្រង់ចំណុចនេះ លោកប្លីងខិន បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងច្បាស់ៗថា ការផ្តល់អាវុធនោះ អាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងន់សម្រាប់ក្រុងវ៉ាស៊ីនតោន និងនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសអាម៉េរិក មិនបានបញ្ជាក់ពីចំណុចនេះឱ្យបានលម្អិតឡើយ។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ អ្នកសារព័ត៌មានក៏បានសួរលោកប្លីងខិន ទាក់ទិននឹងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ចិន លោកវ៉ាង យី ជុំវិញបាឡុងហោះ នៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិកផង។ 
 
ជាការឆ្លើយតប លោកប្លីងខិន បានអះអាងថា លោកវ៉ាង មិនបានបង្ហាញការសុំទោសចំពោះបាឡុងនោះឡើយ ប៉ុន្តែវាជាកិច្ចសន្ទនាដ៏សំខាន់។ 
 
«យើងត្រូវតែធ្វើឱ្យមានភាពច្បាស់លាស់ថា ការប្រកួតប្រជែងដែលយើងកំពុងតែមាន នឹងមិនធ្លាក់ទៅក្នុងជម្លោះ»។ នេះបើតាមការបញ្ជាក់របស់លោកប្លីងខិន ដោយបន្តថា យ៉ាងណាក៏ដោយ អាម៉េរិក នៅតែរក្សាជំហរដើម្បីការពារផលប្រយោជន៍របស់ខ្លួនដែរ។ 
 
សូមបញ្ជាក់ថា ជំនួបរដ្ឋមន្រ្តីការបរទេសអាម៉េរិក ជាមួយលោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន នៅក្រុងម៉ូនិក ជាកិច្ចសន្ទនាលើកដំបូង ចាប់តាំងពីមានការបាញ់ទម្លាក់បាឡុងនៅដើមខែកុម្ភៈកន្លងមក។ ដោយសារតែបញ្ហាបាឡុងនេះ លោកប្លីនខិន បានសម្រេចលើកពេលធ្វើទស្សនកិច្ចនៅចិន៕ 
 

Tag:
 ចិន
  អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com