ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង់គ្លេស មានមហិច្ឆតា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ…
21, Feb 2023 , 12:19 pm        
រូបភាព
លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ កុម្ភៈ ២០២៣។
លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ កុម្ភៈ ២០២៣។
អង់គ្លេស មានបំណងជួយកម្ពុជា លើវិស័យសំខាន់មួយចំនួន ដូចជា សេដ្ឋកិច្ច និងវិនិយោគជាដើម។ បំណងនេះ ត្រូវបានលោក Dominic Williams ឯកអគ្គរាជទូតថ្មី របស់ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លើកយកបង្ហាញសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២០ កុម្ភៈ។



តាមរយៈសំណេលើហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា បានស្រង់សម្តីលោក Dominic ដែលមានមហិច្ឆតាចង់នៅពីក្រោយកម្ពុជា ក្នុងការជួយលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
 
ទាំងអស់នេះ សុទ្ធតែជាអ្វីដែលកម្ពុជា ចង់បាន។ សម្ដេច ហ៊ុន សែន ក៏បានប្រាប់លោក Dominic វិញ ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជាដែរ។ ជាពិសេសលើកទឹកចិត្តឱ្យមានការវិនិយោគិនអង់គ្លេស មកកម្ពុជា​កាន់​តែច្រើនថែមទៀតនាពេលខាងមុខ។
 
អង់គ្លេស នឹងចាប់ផ្តើមអនុវត្តប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជា ក្នុងខែមេសា។​ ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីនេះ គឺមានលក្ខណៈនិងអត្ថប្រយោជន៍ស្រដៀងគ្នាទៅនឹងប្រព័ន្ធអនុពន្ធគ្រោះGSP។
 
Generalized System of Preferences (GSP) របស់ប្រទេសអង់គ្លេសសម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវជំនួសដោយប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម Developing Countries Trading Scheme (DCTS)។ លោក Dominic Williams ឯកអគ្គរដ្ឋទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា​ គឺស្ថិតក្នុងបញ្ជី​ដោយ​ស្វ័យ​ប្រវត្តិ​​ក្នុង​ចំណោម​ប្រទេស​ដែលទទួល​បាន​ផលពីប្រព័ន្ធអនុគ្រោះDCTS៕
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយការទូត
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com