កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រាក់រង្វាន់លើកទឹកចិត្តស៊ីហ្គេម៖ មេដាយមាស១ម៉ឺនដុល្លារ ប្រាក់ ៧ពាន់ដុល្លារ និងសំរឹទ្ធិ៣ពាន់ដុល្លារ
23, Feb 2023 , 4:29 pm        
រូបភាព
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ឆ្វេង) រួមជាមួយលោក ថោង ខុន ប្រធាន CAMSOC (កណ្តាល) និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ឆ្វេង) រួមជាមួយលោក ថោង ខុន ប្រធាន CAMSOC (កណ្តាល) និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)។


នាកម្មវិធីសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកុម្ភៈ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លោក វ៉ាត់ ចំរើន បានរៀបប្រាប់អ្នកចូលរួមអំពីបច្ចុប្បន្នភាពនៃដំណើរការរៀបចំស៊ីហ្គេម និងការប្រកាសប្រភេទកីឡាទាំង៣៧ ដែលត្រូវដាក់ប្រកួតប្រជែង។
 


ក្នុងនោះ អគ្គលេខាធិការ CAMSOC បង្ហើបថា រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសប្រាប់អត្តពលិកកម្ពុជាណាដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ សម្រាប់កីឡាករកីឡាការិនី ដែលទទួលបានមេដាយមាសនឹងទទួលបាន ៤០លានរៀង (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០លានរៀល (ជាង៧ពាន់ដុល្លារ) និងមេដាយសំរឹទ្ធិទទួលបាន១៦លានរៀល (ជាង៣ពាន់ដុល្លារ)។
 
ស្របពេលគ្នានេះផងដែរ ឆ្លើយនឹងសំនួររបស់សារព័ត៌មានថ្មីៗជុំវិញការចំណាយរបស់ម្ចាស់ផ្ទះកម្ពុជានៅស៊ីហ្គេម និងប៉ារ៉ាហ្គេម លោកវ៉ាត់ ចំរើន បានឆ្លើយថាកម្ពុជាត្រៀមប្រាក់ចំណាយ១២៤លានដុល្លារ លើដំណើរការកីឡាតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។
 
«តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាក់៥០៥ពាន់លានរៀល ដែលស្មើនឹង១២៤លានដុល្លារ នឹងត្រូវយកមកចំណាយលើការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម»។ ​នេះជាការបញ្ជាក់របស់អគ្គលេខាធិការ CAMSOC មុនលោកបន្ថែមថាចំនួននេះ គឺកម្ពុជាចំណាយតិចជាងការចំណាយរបស់ប្រទេសផ្សេងៗដែលធ្លាប់រៀបព្រឹត្តិការណ៍នេះពីមុនមក។
 
ក្នុងព្រឹត្តិការណ៍តំបន់អាស៊ានលើកទី៣២ លោកវ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថា អត្តពលិកកម្ពុជាចូលរួមប្រកួតប្រជែងគ្រប់កីឡាទាំង៣៧ប្រភេទតែម្តង។ ចំណោមកីឡាទាំង៣៧ មានតែកីឡាបាល់ទាត់លើកតុ (Teq ball) ប៉ុណ្ណោះដែលជាប្រភេទកីឡាសំដែង និងមិនទទួលបានមេដាយ។
 
ប្រភេទកីឡាទាំង៣៧ មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិក និង១៦កីឡាទៀតជាប្រភេទកីឡាតំបន់អាស៊ាន ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយ និងពេញនិយមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមានសិទ្ធិបញ្ចូលដោយខ្លួនឯង។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com