អន្តរជាតិ
ចិន និងឥណ្ឌូណេស៊ី ប្តេជ្ញាពន្លឿនកិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង
26, Feb 2023 , 10:29 pm        
រូបភាព
លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព Reuters
លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព Reuters
ប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៣ ឥណ្ឌូណេស៊ី និងចិន នៅថ្ងៃទី២៣​ ខែកុម្ភៈ បានប្តេជ្ញាពន្លឿន កិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ។ បើតាម រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី និងអាស៊ានចង់បានក្រមប្រតិបត្តិមួយ ដែលមានប្រសិទ្ធភាព សំខាន់ និងអាចចាត់វិធានការផ្លូវច្បាប់បាន។



អាស៊ាន និងចិន បានចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការលើកដំបូងលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នៅក្នុងឆ្នាំ ២០១៣ ស្របពេលបណ្តាប្រទេសអាស៊ាន តែងមានជម្លោះ និងដាក់ការតវ៉ាជាញឹកញាប់ជុំវិញដែនទឹកជម្លោះនោះ។ ប៉ុន្តែកិច្ចចរចាមានភាពយឺតយ៉ាវ ដោយសារតែជំងឺឆ្លងសកល ដែលធ្វើឱ្យមន្រ្តីប្រទេសទាំងអស់ មិនអាចជួបគ្នាដោយផ្ទាល់បានរហូតដល់ខែមិថុនា ឆ្នាំ២០២១។
 
ស្របពេលកិច្ចចរចាមានភាពយឺតយ៉ាវបែបនេះ ឥណ្ឌូណេស៊ី ប្រធានផ្លាស់វេនអាស៊ាន និងចិន បានប្តេជ្ញាពន្លឿនលើកិច្ចចរចាមួយនេះអំឡុងទស្សនកិច្ចរបស់លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិនរយៈពេលបីថ្ងៃនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
«បន្ទាប់ពីត្រូវបានពន្យារដោយសារជំងឺឆ្លងសកល កិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងចាប់ផ្តើមជាថ្មី និងសំខាន់នៅក្នុងទម្រង់ជួបដោយផ្ទាល់»។ លោកស្រី Retno Marsudi បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសមភាគីចិន ដោយបន្តថា អាស៊ាន និងឥណ្ឌូណេស៊ី​ ចង់បានក្រមប្រតិបត្តិមួយដែលមានប្រសិទ្ធភាព សំខាន់ និងអាចចាត់វិធានការផ្លូវច្បាប់បាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ 
 
ទន្ទឹមនេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានបញ្ជាក់ផងដែរថា អាស៊ាន និងឥណ្ឌូណេស៊ី ចង់បានសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។ 
 
ប្រមុខការទូតចិនវិញ បានសន្យាធ្វើការជាមួយឥណ្ឌូណេស៊ី និងបណ្តាសមាជិកអាស៊ាន ដើម្បីអនុវត្តលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងពន្លឿនកិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ រដ្ឋមន្រ្តីទាំងពីរ មិនបានបញ្ជាក់ឡើយ ថាតើកិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងធ្វើឡើងនៅពេលណានោះឡើយ។ 
 
ជំនួបមន្រ្តីចិន និងអាស៊ានលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងចុងក្រោយ បានធ្វើឡើងនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២២ ស្របពេលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន។ ជម្លោះលើសមុទ្រចិនខាងត្បូង ត្រូវបានទាមទារដោយប្រទេសចំនួន៥ ដូចជា ចិន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងព្រុយណេ។ 
 
ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង លោកឈីន ក៏បានជំរុញឱ្យអាស៊ាន កុំជ្រើសយកភាគីណាមួយផងដែរ ក្នុងពេលមានការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច។ បើតាមប្រមុខការទូតចិន សង្រ្គាមត្រជាក់ថ្មី និងការប្រកួតប្រជែងមិនគួរ លេចឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសចិន ជឿថា អាស៊ាន និងឥណ្ឌូណេស៊ី នឹងរក្សាជំហរនៅកណ្តាល និងឯករាជ្យ ដោយផ្អែកលើស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ហើយចិនគោរពឯករាជ្យភាពរបស់អាស៊ាន។ 
 
ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ឈីន មកឥណ្ឌូណេស៊ី ចាប់តាំងពីកាន់តំណែងជាប្រមុខការទូតចិន លោកស្រី Marsudi ក៏បានបង្ហាញការសាទរចំពោះការគាំទ្ររបស់ចិនលើគោលការណ៍ឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំតំបន់នៅពេលកន្លងមក ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ាផង។  
 
ជុំវិញបញ្ហាមីយ៉ាន់ម៉ា ប្រមុខការទូតឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន រដ្ឋាភិបាលក្រុងហ្សាការតា នឹងទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ជាមួយគោលដៅតែមួយគត់ គឺត្រួតត្រាយផ្លូវលើលទ្ធភាពឈានដល់កិច្ចចរចាថ្នាក់ជាតិ។ 
 
សូមបញ្ជាក់ថា វិបត្តិមីយ៉ាន់ម៉ា នៅតែមិនទាន់មានច្រកចេញឡើយ ខណៈកម្លាំងយោធា តែងតែប៉ះទង្គិចជាមួយរដ្ឋាភិបាលស្រមោល។ មិនតែប៉ុណ្ណោះ របបសឹក បានបន្ថែមការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ខែទៀត បើទោះលោកមីន អ៊ុងឡាំង បានប្រកាសរៀបចំការបោះឆ្នោតឡើងវិញ នៅក្នុងឆ្នាំនេះ ក៏ដោយ៕ 
 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com