អន្តរជាតិ
កូរ៉េខាងជើងព្រមានថា ការបន្តសកម្មភាពអរិភាពរបស់អាម៉េរិក នឹងត្រូវចាត់ទុកជាការប្រកាសសង្រ្គាម
24, Feb 2023 , 8:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២៤ ខែកុម្ភៈ បានព្រមានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងចាត់ទុកសកម្មភាពបង្កអរិភាពដដែលៗរបស់អាម៉េរិក ជាការប្រកាសសង្រ្គាមប្រឆាំងនឹងខ្លួន។  ក្រុងព្យុងយ៉ាងក៏បានជំរុញឱ្យអាម៉េរិកផ្អាកការពង្រាយសម្ភារយុទ្ធសាស្រ្ត និងសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងផង។

 
មួយរយៈចុងក្រោយ ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ ឯក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាញឹកញាប់ទៅសមុទ្រខាងកើត។ សមយុទ្ធនេះ បានធ្វើឱ្យកូរ៉េខាងជើង មិនពេញចិត្តជាខ្លាំង។ 
 
«អាម៉េរិកគួរដឹងថា ប្រសិនបើអាម៉េរិកបន្តបង្កអរិភាព និងរករឿងប្រឆាំងកូរ៉េខាងជើង មិនថាមានការតវ៉ា និងការព្រមាន វាអាចចាត់ទុកជាការប្រកាសសង្រ្គាមប្រឆាំងនឹងកូរ៉េខាងជើង»។ លោក Kwon Jong Gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាម៉េរិកនៃក្រសួងការបរទេសកូរ៉េជើង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២៤ ខែកុម្ភៈ ។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីកូរ៉េខាងជើងរូបនេះ បានទទូចឱ្យអាម៉េរិកឈប់ពង្រាយសម្ភារយុទ្ធសាស្រ្តនៅកូរ៉េខាងត្បូង និងបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីបង្ការការរីកសាយភាពតានតឹងយោធានៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។ 
 
ទន្ទឹមនេះ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានរិះគន់ក្រុមប្រឹក្សាសន្តិសុខផង ដែលតែងថ្កោសទោសសកម្មភាពខ្លួន តែមិនបានរិះគន់សកម្មភាពអាម៉េរិក និងកូរ៉េខាងត្បូង ជុំវិញការពង្រាយសម្ភារយុទ្ធសាស្រ្ត និងសមយុទ្ធយោធាដ៏ធំប្រឆាំងនឹងកូរ៉េខាងជើង។ 
 
មុនចេញសេចក្តីថ្លែងការណ៍ខាងលើមួយថ្ងៃ កូរ៉េខាងជើង បានបាញ់មីស៊ីលប្រដេញ Hwasal-2 ចំនួន៤គ្រាប់ ទៅសមុទ្រខាងកើត។ ជាការឆ្លើយតប ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល នៅថ្ងៃទី២៤ ខែកុម្ភៈ បានធ្វើសមយុទ្ធយោធា ដើម្បីឆ្លើយតបកូរ៉េខាងជើង ក្នុងករណីប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ 
 
ជុំវិញសមយុទ្ធយោធានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ពីការត្រៀមរួចរាល់របស់ខ្លួន សម្រាប់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង, ឯកភាពចែករំលែងព័ត៌មានចារកិច្ចជាមួយគ្នាទៅវិញទៅមក និងផ្តល់យោបល់លើវិបត្តិ៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com