ជាតិ
ការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ កំពុងបង្កហានិភ័យដល់ពលរដ្ឋធ្វើដំណើរពេលយប់?
02, Mar 2023 , 3:14 pm        
រូបភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមស្ថាបនាកំណាត់ផ្លូវជាតិលេខ២ ចាប់ពីតំបន់ព្រែកហូរ មកកាន់រង្វង់មូលកួរស្រូវ តាំងពីដើមឆ្នាំ២០២៣មក។ ប៉ុន្តែការដ្ឋានសាងសង់នេះ កំពុងបង្កហានិភ័យដល់ពលរដ្ឋធ្វើដំណើរលើដងផ្លូវ នាពេលយប់។



ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជារឿងល្អហើយ តាមសេចក្តីត្រូវការរបស់ពលរដ្ឋគ្រប់រូបចង់បាន។ ប៉ុន្តែការអភិវឌ្ឍនោះ ក៏ត្រូវគិតដល់ហានិភ័យ ដែលអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដែរ។ ជាក់ស្ដែងនៅលើកំណាត់ផ្លូវជាតិលេខ២ ដែលកំពុងសាងសង់នេះ បានបង្កហានិភ័យដល់ពលរដ្ឋធ្វើដំណើរនាពេលយប់ ដោយសារតែការដ្ឋានសាងសង់ខ្លះ មានដាក់ចំណាំងផ្លាតឱ្យពលរដ្ឋបានដឹងមុន និងប្រុងប្រយ័ត្ន ។ តែការដ្ឋានខ្លះ មិនមានចំណាំងផ្លាតឡើយ ស្របពេលតាមបណ្ដោយផ្លូវជាតិលេខ២នេះ គ្មានអំពូលភ្លើងបញ្ចាំងនៅតាមដងផ្លូវ។


 
ពលរដ្ឋមួយចំនួន ដែលរស់នៅ និងជិះកាត់ទៅវិញទៅមក តាមបណ្ដោយផ្លូវជាតិលេខ២ ពីតំបន់ព្រែកហូរ មកកាន់រង្វង់មូលកួរស្រូវនេះ មានការរអ៊ូរទាំ និងព្រួយបារម្ភពីសុវត្ថិភាពលើដងផ្លូវ។ លោក យូគៀង ដែលជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ បានអះអាងថា ខ្លួនជិះម៉ូតូប៊ិះបុករនាំងការដ្ឋានស្ថាបនាផ្លូវនេះ ជាច្រើនដងមកហើយ នាពេលធ្វើដំណើរពេលយប់ ដោយសារតែមើលមិនសូវឃើញ ព្រោះគ្មានចំណាំងផ្លាត។ មានសម្បុរ ស និងកម្ពស់ខ្ពស់ បុរសវ័យជាង២០ឆ្នាំរូបនេះ បាននិយាយថា​៖«ខ្ញុំមានការពិបាកមើលផ្លូវ ដោយសារខ្ញុំមានបញ្ហាអន់ភ្នែក ហើយការដ្ឋានស្ថាបនាអត់មានផ្ដល់សញ្ញា និងចំណាំងផ្លាតឱ្យយើងបានដឹងមុន។ ខ្ញុំជិះប៊ិះបុករំនាំងការដ្ឋាននេះ៥ដងមកហើយ»។
 
ពេលធ្វើដំណើរពេលព្រឹក និងថ្ងៃរសៀលនោះ យូគៀង តែងតែមើលផ្លូវចំណាំទុកឱ្យហើយថា តើត្រង់ចំណុចណា ដែលគេកំពុងជួសជុលផ្លូវ? ដើម្បីងាយស្រួលបើកបរម៉ូតូនាពេលយប់ឡើង។ ជិះម៉ូតូពេលយប់ យូគៀង ត្រូវពឹងផ្អែកលើពន្លឺភ្លើងឡាន ដែលបើកបរពីក្រោយម៉ូតូខ្លួន ទើបអាចធ្វើដំណើរទៅផ្ទះ ដោយសុវត្ថិភាព។
 
«ពេលចេញមកធ្វើការ ខ្ញុំជិះមកតាមផ្លូវ ខ្ញុំមើលចំណាំឱ្យហើយ ។ ហើយពេលយប់ ខ្ញុំជិះប្រុងប្រយ័ត្ន ហើយអត់សូវហ៊ានជិះលឿនទេ ។ ហើយពេលមានឡានជិះពីក្រោយម្ដងៗ វាជួយខ្ញុំមើលឃើញផ្លូវ និងការដ្ឋានសាងសង់បានច្បាស់»។ នេះជាការលើកឡើងរបស់លោក យូគៀង។
 
ក្រៅពី យូគៀង ដែលមើលឃើញបញ្ហានេះ ក៏មានករណីពលរដ្ឋជិះម៉ូតូដួល និងបុករនាំងការដ្ឋាននេះ ២-៣ ករណីមកហើយ។  
  


ការដ្ឋានសាងសង់លើកំណាត់ផ្លូវជាតិលេខ២នេះ មានចំណុចមួយចំនួន បានត្រឹមតែដាក់រនាំងលាបថ្នាំព័ណ៌ក្រហម លាយ ព័ណ៌ស ចងជាប់ជាមួយខ្សែ ដោយអមជាមួយពាក្យថា «សូមបន្ថយល្បឿន » និង «ការដ្ឋានសាង់សង់» ប៉ុណ្ណោះ។ អ្នកធ្វើដំណើរពេលព្រឹក និងពេលថ្ងៃ គ្មានបញ្ហាអ្វីចោទទេ ព្រោះមានពន្លឺថ្ងៃគ្រប់គ្រាន់ សម្រាប់មើលឃើញទីតាំងសាងសង់ផ្លូវទាំងនោះ ដែលផ្ទុយពីពេលយប់។ អ្នកទទួលខុសត្រូវលើការដ្ឋានសាងសង់កំណាត់ផ្លូវនេះ ទំនងជាមិនបានគិតពីហានិភ័យពលរដ្ឋធ្វើដំណើរពេលយប់ឡើយ? 
 




















Tag:
 អភិវឌ្ឍន៍
  រចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com