ជាតិ
សម្ដេច ហ៊ុន សែន ចាត់ទុកវិស័យកសិកម្មជាកម្លាំងស្នូលរបស់ខេត្តកំពង់ធំ សម្ដេច ហ៊ុន សែន ដើរទស្សនាស្ដង់ពិព័រណ៍ក្នុងពិធីបុណ្យទន្លេ។ រូបភាព SPM
× ភ្នំពេញ៖ ក្នុងពិធីបុណ្យទន្លេលើកទី៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំ មានចំណុចខ្លាំងខាងកសិកម្ម។ សម្ដេច ហ៊ុន សែន មើលឃើញពីសក្ដានុពលកសិកម្មរបស់ខេត្តកំពង់ធំ និងបានជំរុញការដាំដុះ ការផលិតតាមស្ដង់ដារ ដើម្បីបំពេញតម្រូវការទេសចរណ៍ផងដែរ។
កំពង់ធំ ជាខេត្តមួយ ស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា ដែលមានចម្ងាយ ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ មានសក្ដានុពលលើវិស័យកសិកម្ម ដោយបានដាំដុះស្រូវ ជាង ២៥ម៉ឺនហិកតា, ស្វាយចន្ទីជាង ១១ម៉ឺនហិកតា, ដំឡូងមី ជាង៥ម៉ឺនហិកតា រួមទាំងដំណាំជាច្រើនទៀត។
សម្ដេច ហ៊ុន សែន ដើរទស្សនាស្ដង់ពិព័រណ៍ក្នុងពិធីបុណ្យទន្លេ។ រូបភាព SPM.jpg
ក្នុងពិធីបុណ្យទន្លេ កាលពីថ្ងៃទី៩ មីនា សម្ដេច ហ៊ុន សែន មានប្រសាសន៍បែបនេះ៖ «ខេត្តកំពង់ធំ ទោះបីមិនសូវអនុគ្រោះខាងវិស័យសណ្ឋាគារ។ ប៉ុន្តែ អ្វីដែលជាកម្លាំងខ្លាំងរបស់ខេត្តកំពង់ធំ គឺវិស័យកសិកម្ម»។ ក្នុងពេលទស្សនាស្ដង់លក់ទំនិញ សម្ដេចនាយករដ្ឋមន្រ្តី សង្កេតឃើញពីសក្ដានុពលនៃការដាំដុះដំណាំរបស់ប្រជាកសិករ។
ដោយមើលឃើញពីអំណោយផលលើវិស័យកសិកម្ម សម្ដេច ហ៊ុន សែន បានស្នើដល់ក្រសួងពាក់ព័ន្ធ ផ្ដល់អាទិភាពក្នុងការជំរុញការដាំដុះ ផលិត និងស្វែងរកទីផ្សារ ស្របតាមគោលនយោបាយជំរុញវិស័យកសិកម្ម។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន សង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។
គួរបញ្ជាក់ថា ដើម្បីបំពេញសេចក្ដីត្រូវការ និងភាពរីកចម្រើនលើវិស័យកសិកម្ម រដ្ឋបាលខេត្តកំពង់ធំ បានសាងសង់ និងជួសជុលប្រព័ន្ធធារាស្រ្តចំនួន ២៦១កន្លែងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com